ជាតិ
២៥ខេត្ត/រាជធានី
ខួប២៥ឆ្នាំ អាជ្ញាធរអប្សរារៀបចំពិព័រណ៍បង្ហាញសមិទ្ធផលការងារ និងបញ្ហាប្រឈម
× ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា នឹងរៀបចំខួប២៥ឆ្នាំរបស់ខ្លួន នៅថ្ងៃទី១៩ កុម្ភៈនេះ។ រយៈពេល២៥ឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាខ្លួនបានធ្វើការងារជាច្រើន ដើម្បីថែរក្សា និងអភិរក្សសម្បត្តិបេតិកភណ្ឌជាតិ ក្នុងនោះមានដូចជា ជួសជុលប្រាសាទ និងអភិវឌ្ឍវិស័យទេសចរណ៍ជាដើម។
ដើម្បីអបអរខួបកំណើត២៥ឆ្នាំរបស់ខ្លួន អាជ្ញាធរជាតិអប្សរា នឹងរៀបចំស្តង់ផ្តល់ព័ត៌មាន ការតាំងពិព័រណ៍ពីសមិទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារទៅមុខ នឹងត្រូវរៀបចំឡើងនៅបរិវេណប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈនេះ។ ដោយឡែកនៅព្រឹកថ្ងៃទី១៩ កុម្ភៈ អាជ្ញធរជាតិអប្សរា នឹងរៀបចំពិធីសាសនា និងរាប់បាត្រព្រះសង្ឃចំនួន២២៥អង្គ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏ប្រកាសបើកទ្វារទីស្នាក់ការដើម្បីស្វាគមន៍សាធារណជន សិស្សនិស្សិត សិក្សាស្វែងយល់ពីការងាររបស់ខ្លួនផងដែរ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរអប្សរា។
អាជ្ញាធរជាតិអប្សរា បានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com