ជាតិ
សម្តេច ហ៊ុន សែន ស្នើឱ្យ​លើកយក​បញ្ហា​កូ​រ៉ូ​ណា​វីរុស​ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​អាស៊ាន និង​ថ្នាក់​អន្តរជាតិ​
12, Feb 2020 , 11:18 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យ​លើកយក​បញ្ហា​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ដាក់ចូល​ទៅក្នុង​កិច្ចប្រជុំ​អាស៊ាន​-​ចិន និង​កិច្ចប្រជុំ​អន្តរជាតិ​ផ្សេងៗ ដើម្បី​រក​ដំណោះស្រាយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​នេះ​។​


 
​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា បញ្ហា​វីរុស​កូ​រ៉ូ​ណា (COVID-19) គឺជា​រឿង​តូចតាច​ទេ ប៉ុន្តែ​រឿង​ដែល​គួរឱ្យ​ភ័យខ្លាច​ជាង​វីរុស​កូ​រ៉ូ​ណា​នោះ «​ការរើសអើង​»​តែម្ដង​។ សម្រាប់​សម្ដេច ហ៊ុន សែន ការរើសអើង​ចិន ព្រោះតែ​វីរុស​កូ​រ៉ូ​ណា​នេះ គឺជា​បញ្ហា​ធ្ងន់ធ្ងរ ដែលនាំឱ្យ​ខាតបង់​ប្រយោជន៍​រួម​។ ត្រង់ចំណុច​នេះ លោកនាយក​រដ្ឋមន្ត្រី ស្នើឱ្យ​ពិភពលោក​ទប់ស្កាត់ និង​បញ្ឈប់​ការរើសអើង​ចិន​។ សម្ដេច ក៏​ចង់ឱ្យមាន​កិច្ចប្រជុំ​ពិភាក្សា​ថ្នាក់​តំបន់ និង​អន្តរជាតិ ពី​បញ្ហា​វីរុស​កូ​រ៉ូ​ណា​នេះដែរ​។ 
 
​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​ស្ដារ​និង​សាងសង់​ផ្លូវជាតិ​លេខ​២ និង​លេខ​២២ ប្រវែង​សរុប​ជាង ៧២​គីឡូម៉ែត្រ កាលពី​ថ្ងៃទី​១១ កុម្ភៈ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​និយាយ​ដូច្នេះ​ថា​៖«​ព្រោះ​ពេលនេះ វិធាន​ការដែល​ប្រកាន់យក​ដោយ​ប្រទេស​ខ្លះ​សម្រាប់​បញ្ហា​នេះ វា​មាន​ផលប៉ះពាល់​ជាមួយនឹង​បញ្ហា​ដែល​វា​នាំមក​ការរើសអើង និង​ការភ័យខ្លាច ដែល​មិនគួរ​កើតមាន​ទេ​។ ក្នុងឋានៈ​ជា​សមាជិក​មួយ នៃ​អង្គការ​តំបន់​របស់​អាស៊ាន ខ្ញុំ​គាំទ្រ​ឱ្យមាន​ការប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​-​ចិន ពិភាក្សា​លើ​បញ្ហា​ទប់ស្កាត់​ការរីក​រាល​សាក នៃ​ជំងឺ​កូ​រ៉ូ​ណា​ថ្មី ហើយ​ខ្ញុំ​នឹង​បន្ត​គាំទ្រ​នូវ​ការប្រជុំ​កំពូល​អាស៊ាន​ចិន​លើ​បញ្ហា​ទាក់ទង​នឹង​ជំងឺ​នេះ ។​ហើយ​ប្រសិនបើ​មាន​វេទិកា​អន្តរជាតិ​ដទៃទៀត ខ្ញុំ​ក៏​គាំទ្រ​ដើម្បី​រក​វិធានការ​ឆ្លើយតប​»​។​
 
​សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា បញ្ហា​វីរុស​កូ​រ៉ូ​ណា គឺជា​បញ្ហា​ប្រឈម​របស់​ពិភពលោក​ទាំងមូល ពោលគឺ​មិនមែនជា​ផល​លំបាក​របស់​ចិន​តែ​ម្នាក់​នោះទេ​។ «​មិន​ត្រូវយក​(​បញ្ហា​វីរុស​កូ​រ៉ូ​ណា​)​ពេលនេះ ដើម្បី​ធ្វើឱ្យ​ចិន​ឯកោ និង​សម្លាប់​ចិន​នោះទេ​។ ចិន​ច្បាស់​ជាមាន​សមត្ថភាព ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ នេះ​ជាការ​លើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​បន្ថែមថា អ្នក​ដែល​រើសអើង​ចិន ព្រោះ​វីរុស​កូ​រ៉ូ​ណា កំពុង​សម្លាប់​សេដ្ឋកិច្ច​ខ្លួនឯង​។ ក្នុងន័យនេះ​សម្ដេច ហ៊ុន សែន ចង់​ដំ​ដៅ​ទៅលើ​ទំហំ​ពាណិជ្ជកម្ម ការផ្គត់ផ្គង់​វត្ថុធាតុដើម និង​ភ្ញៀវទេសចរ​ចិន ដែល​បាន​ចាក់​ប​ញ្ជូ​ល​ថវិកា​ទៅ​សេដ្ឋកិច្ច​ប្រទេស​ជុំវិញ​ពិភពលោក​។​
 
​គិត​ត្រឹម​ម៉ោង​៩ និង​២០​នាទី ព្រឹក​ថ្ងៃ​ពុធ ទី​១២ ខែកុម្ភៈ​នេះ អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​នាក់​១១១៥​នាក់​ហើយ ខណៈ​តួលេខ​អ្នកជំងឺ​កើនឡើង​ដល់​ប្រមាណ​៤៥ ០០០​នាក់ នៅ​ប្រទេស​ចំនួន​២៥ ដោយ​ភាគច្រើនបំផុត​នៅ​ចិន ជាពិសេស​នៅ​ក្រុង​វូ​ហាន​ដែលជា​កន្លែង​ផ្ទុះ​ជំងឺ​។ អ្នកជំងឺ​ជាង​៨០០០​នាក់ ត្រូវបាន​រាយការណ៍​ថា ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ រីឯ​ជិត​៥០០០​នាក់ បាន​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។ នេះ​បើតាម​ទិន្នន័យ Tracking Coronavirus របស់ BNO News៕

Tag:
 ហ៊ុន សែន​
  COVID-19
  Coronavirus
© រក្សាសិទ្ធិដោយ thmeythmey.com