ជាតិ
សេដ្ឋកិច្ច
អឺរ៉ុប ទំនងជា​មិន​ផ្តាច់ EBA ពី​កម្ពុជា​ទាំងស្រុង​ទេ​
12, Feb 2020 , 11:54 am        
រូបភាព
រូបពីគេហទំព័របស់សភាអឺរ៉ុប
រូបពីគេហទំព័របស់សភាអឺរ៉ុប
ដោយ: ថ្មីៗ
​គណៈកម្មការ​អឺរ៉ុប ទំនងជា​មិន​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សព្វ​មុខទំនិញ​លើកលែងតែ​អាវុធ (EBA) ពី​កម្ពុជា​នោះទេ ដោយ​អា​ចនឹង​ផ្តាច់​ផ្នែក​ខ្លះ ហើយ​ទុក​ឲ្យ​ខ្លះ​។ វា មានន័យថា កម្ពុជា នឹងត្រូវ​បង់ពន្ធ​ខ្លះ ក្នុង​ការនាំ​ទំនិញ​ចេញទៅ​ទីផ្សារ​អឺរ៉ុប តែ​មិនមែន​បង់​ទាំងស្រុង​ឡើយ​។


  
​ឯកសារ​មួយ  ចុះ​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០ ដែលជា​សំណើ​របស់លោក Danilo Oscar Lancini សមាជិកសភា​អឺរ៉ុប​ម្នាក់ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«...​បន្ទាប់ពី​ពិចារណា​លើ​លទ្ធផល​ដែល​បានមកពី​ការស៊ើបអង្កេត គណៈកម្មការ​អឺរ៉ុប បានសម្រេច​ថា នឹង​ដក​ការអនុគ្រោះ​ពន្ធ​លើ​ការ​នាំចូល​ទំនិញ​មួយចំនួន ពី​កម្ពុជា​...»​។ 
 
​យ៉ាងណា លោក Danilo Oscar Lancini ដែល​តំណាង​ឲ្យ​សមាជិកសភា​អឺរ៉ុប​មួយក្រុម ពុំបាន​បញ្ជាក់​ឲ្យ​ច្បាស់​ក្នុង​សំណើ​របស់លោក​ឡើយ​ថា គណៈកម្មការ​អឺរ៉ុប នឹង​ផ្តាច់ EBA ពី​កម្ពុជា ប៉ុន្មាន​ភាគរយ ហើយនឹង​ផ្តាច់​ទៅលើ​វិស័យ​អ្វីខ្លះ​។ 
 
​នៅ​ឆ្នាំ​២០១៩ សហភាព​អឺរ៉ុប បានសម្រេច​ឲ្យ​កម្ពុជា បង់ពន្ធ​ក្នុងការ​នាំចូល​អង្ករ តែ​ការបង់ពន្ធ​នោះ មិន​ពាក់ព័ន្ធ​នឹង​ការផ្តាច់ EBA ទេ គឺ​ដោយសារតែ​មានការ​ស្នើសុំ​ពី​ប្រទេស​មួយចំនួន ជា​សមាជិក​សហភាព​អឺរ៉ុប​។  
 
​ក្រោយ​ឆ្លងកាត់​ការស៊ើបអង្កេត​និង​ការពិចារណា​អស់​១​ឆ្នាំ​រួចមក នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ គណៈកម្មការ​អឺរ៉ុប នឹងធ្វើ​សេចក្តីសម្រេច​ចុងក្រោយ​ថា ត្រូវ​ព្យួរ EBA ពី​កម្ពុជា ឬ​មិន​ព្យួរ ហើយ​បើ​ព្យួរ គឺ​ព្យួរ​ក្នុង​កម្រិតណា​។ ជា​នីតិវិធី បើ គណៈកម្មការ​អឺរ៉ុប ពិតជា​ព្យួរ​មែន រយៈពេល​៦​ខែក្រោយ ទើប​ការសម្រេច​នោះ ចូល​ជា​ធរមាន ដែល​មានន័យថា សហភាព​អឺរ៉ុប នឹង​ចាប់ផ្តើម​យកពន្ធ​លើ​ការ​នាំចូល​ទំនិញ​ពី​កម្ពុជា នៅ​ខែសីហា ឆ្នាំ​២០២០​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី​មន្ត្រី ហ៊ុន សែន ប្រកាស​ជំហរ​ដដែល​ថា មិន​ស្នើសុំ​ឲ្យ​សហភាព​អឺរ៉ុប បន្ត​ផ្តល់ EBA ដល់​កម្ពុជា​នោះទេ​។ ក្នុង​ពិធីបើកការដ្ឋាន​ស្តារ និង​សាងសង់​ផ្លូវ​លេខ​២ និង​លេខ​២២ នា​ព្រឹក​ថ្ងៃ​១១ ខែកុម្ភៈ ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី ថ្លែងថា ព្យួរ EBA ឬ​មិន​ព្យួរ គឺជា​សិទ្ធិ​របស់​សហភាព​អឺរ៉ុប​។​
 
​យ៉ាងណា ប្រមុខ​រដ្ឋាភិបាល ចាត់ទុកថា​ជា​រឿង​ង​ល្អ​សម្រាប់​កម្ពុជា បើ​សហ​ភាពមិន​ព្យួរ EBA តែបើ​ព្យួរ កម្ពុជា នឹង​ប្រឹង​រស់ ដោយ​ដកដង្ហើម​ខ្លួនឯង​។ លើសពីនេះ ប្រមុខ​រដ្ឋាភិបាល លើកទឹកចិត្ត​ប្រជាពលរដ្ឋ និង​កម្មករ​-​កម្មការិនី កុំ​ឲ្យ​តក់ស្លុត​នឹង​សេចក្តីសម្រេច​របស់​សហ​ភាព​អឺរ៉ុប​។​
 
​ទោះ​មិនទាន់​ចេញ​លទ្ធផល​ថា សេដ្ឋកិច្ចកម្ពុជា នឹង​ប៉ះពាល់​លើ​ផ្អែក​អ្វី​ខ្លាំងជាងគេ តែ​មជ្ឈដ្ឋាន​ខ្លះ​យល់ថា វិស័យ​កាត់ដេរ អាច​នឹងរង​ផលប៉ះពាល់​ខ្លាំងជាងគេ​។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បានប្រកាសថា នៅ​ចុងខែ​កុម្ភៈ និង​នៅ​ខែមីនា ឆ្នាំ​២០២០ រោងចក្រ​មួយចំនួន នឹងត្រូវ​បិទទ្វារ​រយៈពេល​១​ខែ​ពេញ ឬ​ឈានដល់​២​ខែ​។ 
 
​សមាគម​រោងចក្រ លើក​មូល​ហេតុថា ការបិទទ្វារ​នេះ គឺ​ដោយសារតែ​រោងចក្រ​ទាំងនោះ អស់​វត្ថុធាតុដើម ដែល​នាំចូល​ពី​ចិន មិនមែន​មកពី​ការផ្តាច់ EBA នោះទេ​។ សមាគម​រោងចក្រ បន្តថា ដោយសារ​ការ​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ទើប​រោងចក្រ​និង​ក្រុមហ៊ុន​ជាច្រើន​នៅ​ចិន សម្រេច​ផ្អាក​ការផ្គត់ផ្គង់​វត្ថុធាតុដើម ទៅ​បណ្តា​ប្រទេស​នានា រួមទាំង​កម្ពុជា​ផងដែរ​។
 
​គេ នៅ​បារម្ភ​រឿង​មួយ គឺ​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​អាមេរិក​។ កន្លងមក សមាជិក​រដ្ឋសភា​អាមេរិក​មួយចំនួន ធ្លាប់ធ្វើ​ច្បាប់ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋបាល​របស់លោក​ប្រធានាធិបតី ដូ​ណា​ល ត្រាំ ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ពី​កម្ពុជា​។ តែ​មកដល់ពេលនេះ ច្បាប់​នោះ មិនទាន់​ចូល​ជា​ធរមាន​នោះទេ​៕ 

Tag:
 EU
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com