ជាតិ
ជប៉ុន ចង់​ផ្ដល់​ថវិកា​ដល់​កម្ពុជា សម្រាប់​ទិញ​រថយន្ត និង​សម្ភារ​ប្រើប្រាស់ នៅ​កិច្ចប្រជុំ​អាស៊ាន ឆ្នាំ​២០២២
12, Feb 2020 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន គ្រោង​ផ្ដល់​ថវិកា​ខ្លះ ដល់​កម្ពុជា ដើម្បី​យកទៅ​ទិញ​សម្ភារ​មួយចំនួន សម្រាប់​ប្រើប្រាស់​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន ឆ្នាំ​២០២២​ខាងមុខ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ លោក មី​កា​មី ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ប្រាប់​សម្ដេច ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១២ កុម្ភៈ​។​


 
​ថ្លែងប្រាប់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក មី​កា​មី ម៉ាសា​ហ៊ី​រ៉ូ បាន​និយាយថា ៖«(​ជប៉ុន​)​កំពុង​ពិចារណា​រៀបចំ​ដើម្បី​ធ្វើយ៉ាងណា​ជួយ​ដល់​កម្ពុជា​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​នៅក្នុង​ឆ្នាំនេះ និង​កិច្ចប្រជុំ​អាស៊ាន​នៅ​ឆ្នាំ​២០២២​ខាងមុខ​។ ហើយ​ជប៉ុន ក៏​កំពុង​ពិចារណា​ផ្ដល់​ថវិកា​ជួយ​ដល់​កម្ពុជា ក្នុង​ការទិញ​រថយន្ត និង​សម្ភារៈ​សម្រាប់​ការប្រើប្រាស់​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២»​។​
 
​ក្រៅពីនេះ​រដ្ឋាភិបាល​ជប៉ុន ក៏​នឹង​បន្ត​ជួយ​វិស័យ​ដោះមីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​ផងដែរ​។ បើតាម​ឯកអគ្គរាជទូត​ជប៉ុន រដ្ឋាភិបាល​លោក​កំពុង​ពិចារណា​ផ្ដល់​ថវិកា​បន្ថែម​លើ​គម្រោង​នេះ​ទៀតផង​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ស្រង​សម្តី​លោក មី​កា​មី ម៉ាសា​ហ៊ី​រ៉ូ​។​
 
«​ថ្លែងអំណរគុណ ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ជួយ​ដល់​កម្ពុជា និង​បន្ត​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​ដោះមីន​និង​គ្រាប់​មិនទាន់​ផ្ទុះ ក៏ដូចជា​រៀបចំ​ជួយ​ដល់​កម្ពុជា ធ្វើយ៉ាងណា​ឲ្យ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប និង​កិច្ចប្រជុំ​អាស៊ាន នាពេលខាងមុខ ឱ្យ​ទទួលបាន​ជោគជ័យ​»​។ នេះ​ជាការ​លើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន​។​
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​ស្នើសុំ​ឲ្យ​ជប៉ុន​បន្ត​ជួយ​កម្ពុជា លើ​ការពង្រឹង​បទដ្ឋាន​គតិយុត្ត ក៏ដូចជា​ការត្រួតពិនិត្យ​លើ​សំណង់​ទាំងឡាយ ដែល​កំពុង​សាងសង់​នៅ​កម្ពុជា ដើម្បីឱ្យ​វិស័យនេះ​មានការ​រឹងមាំ​៕

Tag:
 ហ៊ុន សែន​
  ជប៉ុន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com