ជាតិ
លោក សា ឌី​ណា​៖ ជំរំ​តង់​លើក​ទី​៣២​បង្អួត​សក្តានុពល​ទេសចរណ៍​នៅ​បន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ​
12, Feb 2020 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៤-១៦ ខែកុម្ភៈ​នេះ Cambodia Amazing Trip Planner នឹង​រៀបចំ​កម្មវិធី​បោះជំរំ​តង់​រួមគ្នា ក្រោម​ប្រធានបទ «​រួមគ្នា​ការពារ​មរតក​ដូនតា​ខ្មែរ​» នៅក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ លោក សា ឌី​ណា ស្ថាបនិក Cambodia Amazing Trip Planner បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖ «​ជំរំ​នេះ បង្កើត​ដើម្បី​ឲ្យ​កូន​ខ្មែរ​ចូលរួម​ថែរក្សា​ការពារ និង​លើកស្ទួយ​មរតក​ដូនតា​ខ្មែរ​។ មូល​ហេតុដែល​ជ្រើសរើស​ខេត្តបន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ធ្វើដំណើរ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍ និង​ទស្សនា​ប្រាង្គ​ប្រាសាទ​នៅក្នុង​ខេត្ត​ទាំងពីរ​នេះ​»​។​


 
​ជំរំ​តង់​លើក​ទី​៣២ របស់ Cambodia Amazing Trip Planner នឹងធ្វើ​ដំណើរ​ទៅកាន់​តំបន់​ប្រវត្តិសាស្ដ្រ​សំខាន់ៗ​នៅ​កម្ពុជា រួមមាន ប្រាសាទ​កង​វ៉ា និង​ល្អាង​ភ្នំ​កង​វ៉ា​, ប្រាសាទបន្ទាយឆ្មារ​, ប្រាសាទបន្ទាយទ័ព​,​ន វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​-​ខ្ចាស់​, បារាយណ៍​ប្រាសាទ​មេបុណ្យ និង​អាង​ជើងគ្រុះ នៃ​ខេត្តបន្ទាយមានជ័យ រួមទាំង​តំបន់​វប្បធម៌​មួយចំនួន នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ជំរំ​តង់​រួមគ្នា​នេះ មាន​រយៈពេល ២​យប់ ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤-១៦ កុម្ភៈ​នេះ​។​
 
​ក្នុង​រយៈពេល​បោះជំរំ ២​យប់ ៣​ថ្ងៃនេះ បន្ទាប់ពី​បោះតង់​នៅ​ខេត្តបន្ទាយមានជ័យ Cambodia Amazing Trip Planner នឹងធ្វើ​ដំណើរ​ឆ្ពោះទៅ​ខេត្តឧត្ដរមានជ័យ ដោយ​នាំ​ឲ្យ​ស្គាល់​ស្ពាន​ទ័ព ជា​ស្ពាន​បុរាណ​ដែលមាន​ទំហំ​ធំជាងគេ​នៅ​ប្រទេស​កម្ពុជា និង​ទស្សនា​ប្រាសាទព្រហ្មកិល​។ ចំពោះ​កម្មវិធី​បញ្ចប់ អ្នកចូលរួម​ទាំងអស់ នឹង​ស្គាល់​ទីតាំង​បន្ទាយ​ជ័យ​៨០២ ដែល​ស្ថិតក្នុង​ភូមិសាស្ដ្រ​អតីត​រាជធានី​បុរាណ​ខ្មែរ គឺ​ហរិ​ហរ​ល័យ​នៃ​តំបន់​រលួស​។ 
 
​លោក សា ឌី​ណា ស្ថាបនិក Cambodia Amazing Trip Planner លើកឡើងថា តាមរយៈ​ការបោះ​ជំរំ​នេះ នឹងធ្វើ​ឲ្យ​ភ្ញៀវទេសចរ ចាប់អារម្មណ៍ និង​មកលេង​កម្សាន្ត​តំបន់​ទេសចរណ៍ និង​ប្រាង្គ​ប្រាសាទ នៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ លោក សា ឌី​ណា សង្ឃឹមថា​អ្នកចូលរួម​បោះជំរំ​តង់​រួមគ្នា នឹង​ទទួលបាន​ចំណេះដឹង និង​ស្មារតី​ក្នុងការ​ចូលរួម​ការពា​រ​សម្បត្តិ​វប្បធម៌ ដែល​ដូនតា​ខ្មែរ​បន្សល់ទុក​។​
 
​សូមបញ្ជាក់ថា ជំរំ​តង់​រួមគ្នា​នេះ មានការ​ចូលរួម​ពី​សំណាក់​មហាជន​ទូទៅ នៅក្នុង​រាជធានី​ភ្នំពេញ​, សៀមរាប និង​ខេត្តបន្ទាយមានជ័យ​៕

Tag:
 ជំរំ​
  វប្បធម៌​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com