កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19 ៖ អ្នកលេង​កាយ​វប្បកម្ម​វ័យ​៧២​ឆ្នាំ​ម្នាក់ ស្លាប់ ព្រោះ​ចចេស​មិន​ពាក់​ម៉ាស់​
12, Feb 2020 , 10:39 pm        
រូបភាព
​លោក Qiu Jun អ្នកលេង​កាយ​វប្បកម្ម​ជនជាតិ​ចិន វ័យ​៧២​ឆ្នាំ ដែលមាន​កាយសម្បទា​រឹងមាំ​បានទទួល​មរណភាព​ហើយដោយ​សារ​ឆ្លង​មេរោគ​កូ​រ៉ូ​ណាវី​រុស COVID-19 បន្ទាប់ពី​លោក​បដិសេធ​មិន​ព្រម​ពាក់​ម៉ាស់​ការពារ​។​


 
​ក្រុមគ្រួសារ​របស់លោក Qiu បានបញ្ជាក់​ថា​លោក Qiu ដែលជា​អ្នក​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី​មួយរូប​ចំណោម​ច្រើន​រូប​ក្នុង​ក្រុង​វូ​ហាន់ ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន បាន​ស្នាក់នៅ​មន្ទីរពេទ្យ​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ​មុនពេល​ស្លាប់​នៅ​ថ្ងៃទី​៦ កុម្ភៈ ដោយ​រលាក​សួត​ធ្ងន់ធ្ងរ​។​
 
​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស Dailystar  និវត្តន៍​ជន​ដែល​ចូលនិវត្តន៍​នៅ​ឆ្នាំ ២០០៣ ក្នុង​អាយុ​៥៦​ឆ្នាំ​រូបនេះ ជា​អតីត​កីឡាករ​ជើង​ខ្លាំង​ខាង​កាយ​វប្បកម្ម ដោយ​ដណ្តើមបាន​ពានរង្វាន់​ជាច្រើន​ពី​កម្មវិធី​ធំៗ​។​
 
​ជាធម្មតា លោក Qiu ត្រូវបាន​គេ​មើលឃើញថា​តែងតែ​ចំណាយពេល​បី​ម៉ោង​ក្នុង​មួយថ្ងៃ ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ​នៅឯ​សួន Zhongshan នៅមុន​ពេល​អាហារ​ថ្ងៃត្រង់ និង​បន្ត​ដល់ពេល​រសៀល​ថែមទៀត​។​
 
​លោក Hai ដែលជា​កូនប្រសារ​របស់លោក Qiu អះអាងថា​ឪពុកក្មេក​របស់លោក​បាន​ទៅ​ជួប​លោក និង​ភរិយា​មុនពេល​ចូលឆ្នាំ​ចិន​អំឡុងពេល​មានការ​ផ្ទុះឡើង​ខ្លាំង​នៃ​កូ​រ៉ូ​ណាវី​រុស​នេះ​។ បើ​ទោះ​មានការ​ហាមប្រាម​ជុំវិញ​ការឆ្លង​មេរោគ​នេះ​ក្តី ប៉ុន្តែ​លោក Qiu នៅតែ​ចចេស​មិន​ព្រម​ឈប់​ទៅ​ហ្វឹកហាត់​នៅ​ខាងក្រៅ​ផ្ទះ​នោះទេ និង​ថែមទាំង​មិន​ពាក់​ម៉ាស់​ការពារ​ផង រហូតដល់​ក្រុង​វូ​ហាន​ត្រូវ​បិទ​នៅ​ថ្ងៃទី​២៣ ខែមករា​។​
 
​បុរស​វ័យ​៧២​ឆ្នាំ​រូបនេះ បាន​មាន​អាការ​គ្រុនក្តៅ​រ៉ាំរ៉ៃ ហើយ​លោក Hai និង​ភរិយា​បាន​បញ្ជូន​ឪពុក​របស់ខ្លួន​ទៅកាន់​មន្ទីរពេទ្យ​វូ​ហាន​ប៉ុន្តែ​ត្រូវ​បង្ខំចិត្ត​ត្រឡប់ទៅផ្ទះ​វិញ​ព្រោះ​ខ្វះ​គ្រែ​គេង ដ្បិត​មាន​អ្នកជំងឺ​ច្រើន​។​
 
​ទីបំផុត នៅ​ថ្ងៃទី​២៨ ខែមករា លោក Qiu ត្រូវបាន​គេ​ធ្វើតេស្ត​រកឃើញថា​មាន​ផ្ទុកមេរោគ​ឆ្លង​កូ​រ៉ូ​ណាវី​រុស ដោយ​ត្រូវដាក់​លោក​នៅ​ច​ត្តា​លី​ស័ក​នៅឯ​មន្ទីរពេទ្យ​កាកបាទក្រហម​វូ​ហាន នៅ​ថ្ងៃទី​២ ខែកុម្ភៈ មុនពេល​ប្រកាសថា​ស្លាប់​នៅ​៤​ថ្ងៃ​បន្ទាប់​។​
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ ទី​១២ ខែកុម្ភៈ​នេះ អ្នកស្លាប់​ព្រោះ​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​១១១៥ នាក់​ហើយ ក្នុងនោះ​តួលេខ​អ្នកជំងឺ​កើនឡើង​ដល់​ប្រមាណ​៤៥ ០០០​នាក់ នៅ​ប្រទេស​ចំនួន​២៥ ដោយ​ភាគច្រើនបំផុត​នៅ​ចិន ជាពិសេស​នៅ​ក្រុង​វូ​ហាន​ដែលជា​កន្លែង​ផ្ទុះ​ជំងឺ​៕ 


លោក Qiu Jun (ឆ្វេង) អំឡុងការសម្តែកីឡាកាយវប្បកម្មកាលពីឆ្នាំ២០១៨

Tag:
 COVID-19
  កូ​រ៉ូ​ណាវី​រុស​
  Qiu Jun
© រក្សាសិទ្ធិដោយ thmeythmey.com