អន្តរជាតិ
រុស្ស៊ី​៖ អ្នកយក​ករណី​កូ​រ៉ូ​ណាវី​រុស​ទៅធ្វើ Prank ប្រឈម​ជាប់គុក​៥​ឆ្នាំ​
13, Feb 2020 , 8:29 am        
រូបភាព
ដោយ: រួបរួម
​អាជ្ញាធរ​រុស្ស៊ី កាលពីពេល​ថ្មីៗ​កន្លងមកនេះ បាន​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​បាន​ថត​វីដេអូ​បោក​បញ្ឆោត (Prank) តាមរយៈ​ការធ្វើ​ត្រាប់​តាម​ករណី​អ្នកមាន​រោគសញ្ញា​កូ​រ៉ូ​ណាវី​រុស (COVID-19) ទៅធ្វើជា​រឿង​កំប្លែង​សើច​លេង​។ នេះ​បើតាម​ការផ្សាយ​របស់ CNN​។​

 
​រូបភាព​វីដេអូ បានបង្ហាញ​ពី​បុរស​ម្នាក់​ពាក់​ម៉ាស់​នៅ​រថភ្លើង​ក្រោម​ដី​មួយ​ក្នុង​ក្រុង​មូ​ស្គូ ហើយ​ធ្វើជា​ដួល​ទៅលើ​កម្រាល ដើម្បី​ឲ្យ​គេ​ជឿថា ខ្លួន​កំពុង​កើត COVID-19​។ ករណីនេះ បានធ្វើ​ឲ្យ​អ្នកដំណើរ​ផ្សេងទៀត​ភ័យខ្លាច ហើយ​នាំគ្នា​រត់ចេញ​។​

 
 
​បុរស​រូបនោះ​ដែលមាន​ឈ្មោះថា Karomatullo Dzhaborov ជនជាតិ​តា​ហ្ស៊ី​គី​ស្ថាន ត្រូវបាន​ឃុំខ្លួន​តាំងពី​ថ្ងៃទី​៨ ខែកុម្ភៈ ហើយ​ទង្វើ​របស់គេ ប្រឈម​ជាប់ពន្ធនាគារ​អតិបរិមា​រយៈពេល​ដល់​ទៅ​៥​ឆ្នាំ​។ ជាមួយគ្នា ប៉ូលិស​រុស្ស៊ី ក៏បាន​រកឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​ពីរ​នាក់​ទៀតផង​ដែរ​។​
 
​មេធាវី​របស់ Dzhaborov បាន​អះអាង កូនក្តី​របស់ខ្លួន ធ្វើ​វីដេអូ​ក្នុងន័យ​អប់រំ​ពី COVID-19 មិនមែន​បង្ករ​ចលាចល​នោះឡើយ ហើយ​លោក​សំណូមពរ​ឲ្យ​ពិនិត្យមើល​វីដេអូ​នោះ​ឲ្យ​ចប់​ចុង​ចប់​ដើម​។​
 
​រុស្ស៊ី​រកឃើញ​មាន​២​ករណី​នៃ​អ្នក​កើត COVID-19 ដែល​សុទ្ធតែជា​ជនជាតិ​ចិន កាលពី​ថ្ងៃទី​៣១ ខែមករា ដោយ​ម្នា​ក់នៅ​ក្រុង Tyumen Oblast និង​ម្នាក់ទៀត​នៅ Zabaykalsky Krai​។ នា​ថ្ងៃទី​១២ ខែកុម្ភៈ​នេះ រុស្ស៊ី​បាន​អះអាងថា អ្នកជំងឺ​បាន​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ហើយ​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com