អន្តរជាតិ
រកឃើញអ្នកកើតកូរ៉ូណាវីរុស៤៤នាក់ទៀតលើនាវា Diamond Princess នៅជប៉ុនធ្វើឲ្យចំនួនសរុបឡើងដល់២១៨នាក់ នាវាទេសចរណ៍ Diamond Princess។ រូបភាព៖ IStock
× នៅថ្ងៃទី១៣ ខែកុម្ភៈ អាជ្ញាធរសុខាភិបាលជប៉ុន បានរកឃើញអ្នកផ្ទុកជំងឺ COVID-19 ដែលបង្កដោយកូរ៉ូណាវីរុសចំនួន ៤៤នាក់បន្ថែមទៀត នៅក្នុងនាវាកម្សាន្ត Diamond Princess។ ការណ៍នេះ ធ្វើឲ្យតួលេខ ដែលជប៉ុនបានរកឃើញអ្នកជំងឺសរុបនៅក្នុងនាវា កើនឡើងរហូតដល់ ២១៨ករណី។
បើតាមការអះអាងរបស់រដ្ឋមន្ត្រីសុខាភិបាលជប៉ុន មនុស្សចំនួន ៤៤នាក់បន្ថែមទៀត ត្រូវបានគេរកឃើញថា មានផ្ទុកជំងឺ COVID-19 នៅក្នុងនាវាកម្សាន្ត Diamond Princess ដែលត្រូវបានជប៉ុនឃាត់ទុកនៅកំពង់ផែ Yokohama។
ក្នុងចំណោមអ្នកផ្ទុកទាំង៤៤នាក់នេះ មានជនជាតិជប៉ុនចំនួន ២៩នាក់ ជនជាតិផ្សេងទៀត១៥នាក់ ពោលគឺ៤៣នាក់ ជាអ្នកដំណើរ និង ១នាក់ទៀតគឺជាកងនាវិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Times។
សូមបញ្ជាក់ថា នាវាទេសចរណ៍មួយគ្រឿងនេះ នឹងត្រូវជប៉ុនឃាត់ទុករហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ដើម្បីពិនិត្យមើលស្ថានភាពសុខភាពអ្នកដំណើរនៅក្នុងនាវា៕
© រក្សាសិទ្ធិដោយ thmeythmey.com