ជាតិ
ទូត​បារាំង អរគុណ​កម្ពុជា​ដែល​ជួយ​សម្រួល​ការផ្ទេរ​អ្នកដំណើរ​ពី​នាវា Westerdam
13, Feb 2020 , 2:13 pm        
រូបភាព
លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង Eva Nguyen Binh ជាមួយអាជ្ញាធរកម្ពុជា នៅខេត្តព្រះសីហនុ។ រូបថត ទូតបារាំង
លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង Eva Nguyen Binh ជាមួយអាជ្ញាធរកម្ពុជា នៅខេត្តព្រះសីហនុ។ រូបថត ទូតបារាំង
ដោយ: រួបរួម
ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​សារ​អរគុណ​សម្រាប់​អនុញ្ញាត​ឲ្យ​នាវា Westerdam ចុះចត​នៅ​កំពុងផែ​ព្រះសីហនុ មុននឹង​ឈានដល់​ការផ្ទេរ​អ្នកដំណើរ​ចេញពី​នាវា​។ លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង Eva Nguyen Bihn ក៏បាន​ដឹកនាំ​ក្រុមការងារ​ទៅកាន់​ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែកុម្ភៈ នេះ​ផងដែរ​។​



អត្ថបទទាក់ទង


«​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អាជ្ញាធរ​កម្ពុជា​ចំពោះ​ជំនួយ​ដ៏​មានតម្លៃ​ក្នុងការ​ផ្ទេរ​អ្នកដំណើរ​ចេញពី​នាវា​នេះ​»​។ ស្ថានទូត​បារាំង បាន​សរសេរ​យ៉ាង​ដូច្នេះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ទាំង​ភាសា​អង់គ្លេស បារាំង និង​ខ្មែរ​។​

​ពលរដ្ឋ​បារាំង​៣​នាក់ ស្ថិតក្នុង​ចំណោម​អ្នកដំណើរ​សរុប​១៤៥៥​នាក់ និង​បុគ្គលិក​នាវា​៨០២​នាក់ ដែល​ធ្វើដំណើរ​លើ​នាវា Westerdam ដោយ​ចេញពី​ហុងកុង​កាលពីដើម​ខែកុម្ភៈ​។ ក្រោយមក ប្រទេស និង​កោះ​ជា​បន្តបន្ទាប់​រួមមាន ជប៉ុន តៃវ៉ាន់ ហ្គា​ម ហ្វីលីពីន និង​ថៃ បាន​បដិសេធ​ការចូល​ចុះចត ដោយសារ​ភ័យខ្លាច​ករណី​ជំងឺ​រលាក​សួត COVID-19 មុនពេល​ដែល​នាវា​នៃ​ក្រុមហ៊ុន Holland America Line ទទួលបាន​ការស្វាគមន៍​នៅ​ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង Eva Nguyen Binh បានធ្វើ​ដំណើរ​ទៅដល់​ក្រុងព្រះសីហនុ ជាមួយ​ក្រុមការងារ​រ​បស់​ខ្លួន ដើម្បី​ជួយ​ដល់​អាជ្ញាធរ​កម្ពុជា ក៏ដូចជា​ពលរដ្ឋ​បាំង​៣​នាក់ អ៊ីតាលី​៥​នាក់ អេ​ស្ប៉ា​ញ​៧​នាក់ និង​លុច​សំបួរ​៣​នាក់ ដែល​កំពុង​ស្ថិតនៅក្នុង​នាវា​ទេសចរណ៍ MS Westerdam ។

​ទូត​បារាំង​បាន​អះអាងថា​៖ «​ក្រុមការងារ​ស្ថានទូត​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការជួយ​ដល់​ក្រុម​នា​វឹក និង​អាជ្ញាធរ​កម្ពុជា​»​។ អ្នកដំណើរ​ទាំងនោះ ក៏​អាចទាក់ទង​ទៅកាន់​ស្ថានទូត​ផ្ទាល់​តាមរយៈ​អ៊ី​ម៉ែ​ល [email protected] បាន​ផងដែរ​៕



Tag:
 កូរ៉ូណាវីរុស
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com