អន្តរជាតិ
សភាអឺរ៉ុប អនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយវៀតណាម ទិដ្ឋភាពកិច្ចប្រជុំសភាអឺរ៉ុប។ រូបភាព AFP
× សភាអឺរ៉ុប នៅថ្ងៃទី១២ ខែកុម្ភៈ បានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយវៀតណាម ដែលនឹងកាត់បន្ថយរបាំងពន្ធគយស្ទើរទាំងស្រុងក្នុងការរកស៊ីទ្វេភាគី។ គណៈកម្មការអឺរ៉ុប បានស្វាគមន៍ការអនុម័តកិច្ចព្រមព្រៀងនេះ។ គ្រោងចូលធរមានក្នុងឆ្នាំ២០២០នេះ កិច្ចព្រមព្រៀងនេះ តម្រូវឲ្យវៀតណាមគោរពសិទ្ធិកម្មករ ការពារបរិស្ថាន និងអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុផងដែរ។
សមាជិកសភាអឺរ៉ុបចំនួន៤០១នាក់ បានបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគរវាងសហភាពអឺរ៉ុប-វៀតណាម ដែលនឹងកាត់បន្ថយការយកពន្ធដល់អត្រាសូន្យលើទំនិញដែលនាំចេញនាំចូលរវាងភាគីទាំងពីរ។ ក្នុងកិច្ចប្រជុំថ្ងៃទី១២ ខែកុម្ភៈ សមាជិកសភាអឺរ៉ុបចំនួន១៩២នាក់ ក៏បានបោះឆ្នោតប្រឆាំង ខណៈ៤០នាក់ទៀត បោះអនុប្បវាទ។ បញ្ហាសិទ្ធិមនុស្ស និងការគោរពសិទ្ធិកម្មករជាដើម ជាអ្វីដែលសមាជិកសភាអឺរ៉ុបនៅតែបារម្ភ។
គណៈកម្មកាអឺរ៉ុបដែលចរចាជាមួយទីក្រុងហាណូយ បានស្វាគមន៍ការអនុម័តនេះ។ ក្រោយការអនុម័តរបស់សភាអឺរ៉ុប ដល់វេនសភាវៀតណាមផ្ដល់សច្ចាប័នម្ដងមុន នឹងចូលធរមានក្នុងឆ្នាំ២០២០ នេះ។ បន្ទាប់មក សមាជិកសហភាពអឺរ៉ុប ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះមួយដំណាក់កាលទៀត។ ក្រោយទទួលបានការយល់ព្រមពីរដ្ឋសមាជិកហើយ កិច្ចព្រមព្រៀងនេះ នឹងចូលជំនួសកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងប្រទេសសមាជិកចំនួន២១ទៀត។
ទាក់ទងក្ដីបារម្ភសិទ្ធិមនុស្ស និងបរិស្ថានវិញ គណៈកម្មកាអឺរ៉ុបបញ្ជាក់ក្នុងការសេចក្ដីប្រកាសព័ត៌មានថ្ងៃទី១២ ខែកុម្ភៈថា កិច្ចព្រមព្រៀងនេះ នឹងធានាការគោរពសិទ្ធិកម្មករ ការការពារបរិស្ថាន និងការគោរពតាមកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុឆ្នាំ២០១៥ តាមរយៈយន្តការដែលមានចំណងផ្នែកច្បាប់ និងការប្ដេជ្ញាចិត្តលើការអភិវឌ្ឍដោយចីរភាព។
«កិច្ចព្រមព្រៀងអឺរ៉ុប-វៀតណាម មានសក្ដានុពលសេដ្ឋកិច្ចធំធេង ជាជ័យជម្នះសម្រាប់អ្នកប្រើប្រាស់ កម្មករ កសិករ និងធុរកិច្ច។ ហើយវាទៅហួសពីផលប្រយោជន៍សេដ្ឋកិច្ច។ វាបង្ហាញដែរថា គោលនយោបាយពាណិជ្ជកម្ម អាចជាកម្លាំងដើម្បីភាពល្អប្រសើរ។» នេះជាការលើកឡើងរបស់ស្នងការពាណិជ្ជកម្មអឺរ៉ុប Phil Hogan ដែលបន្តថា វៀតណាមបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជំរុញសិទ្ធិពលកររបស់ខ្លួនតាមរយៈការជជែកជាមួយអឺរ៉ុប។
សូមបញ្ជាក់ថា វៀតណាម ជាដៃគូពាណិជ្ជកម្មធំជាងគេទីពីររបស់សហភាពអឺរ៉ុបនៅតំបន់អាស៊ានបន្ទាប់ពីសិង្ហបុរី។ ការដោះដូទំនិញក្នុងមួយឆ្នាំមានទំហំ៤៩,៣ពាន់លានអឺរ៉ូ ខណៈពាណិជ្ជកម្មផ្នែកសេវាកម្មមានចំនួន៤,១ពាន់លានដុល្លារផងដែរ។ ការនាំចេញរបស់អឺរ៉ុបទៅវៀតណាមរួមមានម៉ាស៊ីនអេឡិចត្រូនិច, យន្តហោះ រថយន្ត និងថ្នាំពេទ្យ ឯការនាំចេញរបស់វៀតណាមរួមមានស្បែកជើង សម្លៀកបំពាក់ កាហ្វេ អង្ករ និងគ្រឿងសមុទ្រជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com