ជាតិ
លោក កឹម សុខា ៖ ការអនុញ្ញាតឱ្យ Westerdam ចូលចតនៅកម្ពុជា គឺជាកាយវិការមនុស្សធម៌
× ភ្នំពេញ៖ មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គាំទ្រការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យនាវា Westerdam របស់អាមេរិក ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ នៅថ្ងៃទី១៣ កុម្ភៈ។ លោក កឹម សុខា ចាត់ទុកសកម្មភាពបែបនេះ ជាទង្វើរសប្បុរស។
លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា បានស្រង់សម្តីមេដឹកនាំខ្លួន មកសរសេរលើហ្វេសប៊ុកដូច្នេះថា៖«ការអនុញ្ញាតនេះ គឺជាកាយវិការមនុស្សធម៌ និងការចូលរួមរកដំណោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអ្នកទេសចរដែលមកពីបណ្តាប្រទេសផ្សេងៗ»។
លោក កឹម សុខា ថ្លែងបែបនេះ ទៅកាន់អ្នកកាសែតបរទេសម្នាក់ ដែលបានសួរលោក ពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឱ្យកប៉ាល់ដែលដឹកអ្នកទេសចរជាង ២,០០០នាក់ ជាប់គាំងនៅលើនាវាអស់រយៈពេលជាច្រើនថ្ងៃ ចូលចតនៅខេត្តព្រះសីហនុនេះ។ នេះបើតាមលោក មុត ចន្ថា។
រដ្ឋាភិបាល បានសម្រេចឱ្យនាវាទេសចរណ៍អាមេរិក ដែលមានឈ្មោះថា Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេស និងកោះចំនួន៥ បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line នេះ។ ក្នុងនោះរួមមាន ជប៉ុន តៃវ៉ាន់ កោះហ្គាម ហ្វីលីពីន និងថៃ ដែលមិនអនុញ្ញាតឱ្យនាវាទេសចរណ៍ចូលចតឡើយ ដោយសារបារម្ភពី COVID-19។
មនុស្សនៅលើនាវានោះ មានជាង២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ មានជាង៤០សញ្ជាតិ និងបុគ្គលិកបម្រើការងារតាមផ្នែកលើនាវា ៨០២នាក់។ អ្នកទេសចរដែលច្រើនជាងគេមាន អាមេរិកមាន៦៥១នាក់ កាណាដា ២៧១នាក់ អង់គ្លេស ១២៧នាក់ ហូឡង់៩១នាក់ អូស្ត្រាលី៧៩នាក់ អាល្លឺម៉ង់៥៧នាក់...៕
Tag:
កឹម សុខា
COVID-19
Westerdam
© រក្សាសិទ្ធិដោយ thmeythmey.com