ទំនិញ ដែលកម្ពុជា នាំទៅទីផ្សារអឺរ៉ុប មានរាប់ពាន់មុខ។ បើតាមតួលេខពីគណៈកម្មការអឺរ៉ុប ការនាំចេញទំនិញពីកម្ពុជា ទៅទីផ្សារអឺរ៉ុប មានទំហំទឹកប្រាក់ជាង៥,៨ពាន់លានដុល្លារ (៥,៤ពាន់អឺរ៉ូ) កាលពីឆ្នាំ២០១៨។ រាល់ការនាំទំនិញទាំងនោះ ទៅទីផ្សារអឺរ៉ុប មិនត្រូវបង់ពន្ធឡើយ ក្រោមប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញលើកលែងតែអាវុធ (EBA)។
តួលេខពីគណៈកម្មករអឺរ៉ុប បានឲ្យដឹងថា ក្នុងចំណោមទំនិញទាំងអស់ សម្លៀកបំពាក់ មានចំនួនច្រើនជាងគេ គឺស្មើនឹងប្រមាណ៣ភាគ៤ទៅហើយ ដែលកម្ពុជា នាំចូលទៅទីផ្សារអឺរ៉ុប។ ប្រភពដដែល បង្ហាញថា គ្រាន់តែទំហំទឹកប្រាក់ ដែលកម្ពុជានាំសម្លៀកបំពាក់តែមួយមុខ ទៅទីផ្សារអឺរ៉ុប គឺជាង៤,៣ពាន់លានដុល្លារ (៤ពាន់លានអឺរ៉ូ) ក្នុងឆ្នាំ២០១៨។
តាមរយៈតួលេខនេះ គេ អាចដឹងថា ក្នុងការរកស៊ីជាមួយអឺរ៉ុប កម្ពុជា ពឹងផ្អែកជាចម្បងទៅលើវិស័យវាយនភ័ណ្ឌ។ ដូច្នេះ ទើបបានជាគេ មានក្តីបារម្ភ ក្រោយគណៈកម្មការអឺរ៉ុប សម្រេចផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ១ភាគ៥ ឬ២០ភាគរយ ពីកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអឺរ៉ុប ដែលចេញនៅថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា ការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធដោយផ្នែកខ្លះនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញទំនិញកម្ពុជាមួយចំនួន ទៅកាន់ទីផ្សារអឺរ៉ុប ដូចជា ស្បែកជើង ផលិតផលសម្រាប់ធ្វើដំណើរ និង ស្ករស ហើយជាពិសេសគឺ «សម្លៀកបំពាក់តែម្តង»។
បើអឺរ៉ុប គិតពន្ធលើគ្រប់មុខទំនិញ កម្ពុជា ត្រូវបង់ពន្ធយ៉ាងតិចក្នុងវង្វង់៦០០លានដុល្លារ ក្នុង១ឆ្នាំ។ តែក្រោមការអនុគ្រោះពន្ធស្ទើរ១០០ភាគរយ កម្ពុជា ទទួលបានប្រាក់ចំណេញពីការមិនយកពន្ធ ប្រមាណ៦០០លានដុល្លារ។ ការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ២០ភាគរយ នឹងតម្រូវឲ្យកម្ពុជា បង់ពន្ធប្រមាណ១០០លានដុល្លារក្នុង១ឆ្នាំ។
លោក វន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ថា៖«...ស្រុកខ្មែរយើង វិស័យកាត់ដេរ ជាវិស័យនាំមុខគេ។ សហភាពអឺរ៉ុប ក៏ផ្តោតលើវិស័យកាត់ដេរដែរ។ អ៊ីចឹង វា ជាចំណុចសំខាន់ ដែល វិស័យកាត់ដេរជាផលប៉ះពាល់មុនគេដំបូងបង្អស់»។
សំឡេងលោក វន ពៅ៖
ចំណែក លោក គី សេរីវឌ្ឍ បណ្ឌិតសេដ្ឋកិច្ច និងជាអ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា ហាក់មើលឃើញផ្ទុយពីលោក វន ពៅ។ បណ្ឌិតសេដ្ឋកិច្ចរូបនេះ យល់ថា ការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធខ្លះនេះ ទំនងជាមិនប៉ះពាល់ខ្លាំងលើវិស័យកាត់ដេរ ដូចការព្រួយបារម្ភរបស់មហាជនឡើយ។ លោក ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា៖«មកដល់ពេលនេះ ក៏គ្មានអ្នកណាច្បាស់ថា ការដក EBA ខ្លះនេះ ធ្វើឲ្យកម្ពុជា រងគ្រោះកម្រិតណា មិនរងគ្រោះកម្រិតណានោះទេ...»។
សំឡេងលោក គី សេរីវឌ្ឍ៖
រីឯ លោក ចាន់ សុផល អ្នកជំនាញសេដ្ឋកិច្ចម្នាក់ដែរនោះ បានពន្យល់លើគណនីហ្វេសប៊ុកថា កម្ពុជា ត្រូវបង់ពន្ធ២០ភាគរយ លើទំនិញ ដែលនាំទៅអឺរ៉ុប ដោយទំនិញ៨០ភាគរយទៀត នៅរួចពន្ធដដែល។ លោក សរសេរថា ពន្ធលើទំនិញ២០ភាគរយនេះ មានកម្រិតប្រហែល១០០លានដុល្លារក្នុង១ឆ្នាំ។
លោក មានទស្សនទានថា៖«បរិមាណនេះ មិនច្រើនពេកទេ បើគិតក្នុងបរិបទសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។ វា ត្រូវជា ១,១ភាគរយ នៃការនាំចេញសម្លៀកបំពាក់និងស្បែកជើងសរុប។ វា ត្រូវជា ១,២ភាគរយ នៃចំណាយថវិកាជាតិ និងត្រូវជា ០,៣៥ភាគរយ នៃផលិតផលសរុបក្នុងស្រុក (GDP)។ វា មិនធ្វើឲ្យសេដ្ឋកិច្ចថមថយខ្លាំង ឬក៏ដួលរលំនោះទេ»។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានប្រកាសថា នៅចុងខែកុម្ភៈ និងនៅខែមីនា ឆ្នាំ២០២០ រោងចក្រមួយចំនួន នឹងត្រូវបិទទ្វាររយៈពេល១ខែ ឬឈានដល់២ខែ។ សមាគមរោងចក្រ លើកមូលហេតុថា ការបិទទ្វារនេះ គឺដោយសារតែរោងចក្រទាំងនោះ អស់វត្ថុធាតុដើម ដែលនាំចូលពីចិន មិនមែនមកពីការផ្តាច់ EBA នោះទេ។
សមាគមរោងចក្រ បន្តថា ដោយសារការរាលដាលនៃមេរោគកូរ៉ូណាប្រភេទថ្មី ទើបរោងចក្រនិងក្រុមហ៊ុនជាច្រើននៅចិន សម្រេចផ្អាកការផ្គត់ផ្គង់វត្ថុធាតុដើម ទៅបណ្តាប្រទេសនានា រួមទាំងកម្ពុជាផងដែរ។
លោក អាត់ ធន់ មេសហជីពមួយរូប អះអាងថា មានរោងចក្រជាង១០ នឹងត្រូវបិទទ្វារ ដោយក្នុងនោះមានកម្មករ-កម្មការិនីជិត១ម៉ឺននាក់ នឹងត្រូវព្យួរការងារ។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ប្រាប់សារព័ត៌មានថ្មីៗកន្លងមកថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រកាត់ដេរជាង១,២ពាន់។
ទោះជាគណៈកម្មការអឺរ៉ុប សម្រេចយកពន្ធ២០ភាគពីកម្ពុជាក្តី តែការអនុវត្តមិនទាន់ចាប់ផ្តើម នៅពេលនេះឡើយ។ កម្ពុជា នឹងចាប់ផ្តើមអនុវត្តបង់ពន្ធ២០ភាគរយនេះ ជូនអឺរ៉ុប នៅសីហា ឆ្នាំ២០២០។ តែការអនុវត្តបង់ពន្ធនេះ ក៏អាចនឹងប្រែប្រួលដែរ បើមានការជំទាស់ពីសភាអឺរ៉ុបនិងក្រុមប្រឹក្សាអឺរ៉ុប៕