ជាតិ
កម្ពុជា នឹង​បញ្ជូន​អ្នកដំណើរ​ខ្លះ ពី​នាវា Westerdam ទៅ​ប្រទេស​រៀងខ្លួន​នៅ​ថ្ងៃ​១៤ កុម្ភៈ​
13, Feb 2020 , 10:19 pm        
រូបភាព
នៅលើនាវា_Westerdam_ទៅប្រទេសរៀងខ្លួននៅថ្ងៃស្អែក
នៅលើនាវា_Westerdam_ទៅប្រទេសរៀងខ្លួននៅថ្ងៃស្អែក
​ភ្នំពេញ​៖ នាវា​ទេសចរណ៍​អាមេរិក Westerdam បាន​សំចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១៣ កុម្ភៈ​នេះ ។ នាវា​ទេសចរណ៍​អាមេរិក​នេះ ត្រូវបាន​កោះ​ហ្គា​ម​, ប្រទេស​ជប៉ុន​, តៃវ៉ាន់​, ហ្វីលីពីន​និង​ថៃ បដិសេធ ដោយសារ​ខ្លាច​មាន​ករណី​ជំងឺ​រលាក​សួត COVID-19​។ កម្ពុជា នឹង​បញ្ជូន​អ្នកដំណើរ​ខ្លះ ដែល​នៅលើ​នាវា​ទេសចរណ៍ Westerdam ទៅ​ប្រទេស​រៀងៗ​ខ្លួន​វិញ នៅ​ថ្ងៃទី​១៤ កុម្ភៈ ។​


 
​នា​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដែលមាន​ឈរ​អមដោយ​រដ្ឋមន្ត្រី​៣​រូប បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​៖ «​ថ្ងៃស្អែក ជើងយន្តហោះ​ចំនួន ៣ នឹង​មក​ទទួល​អ្នកដំណើរ​មួយចំនួន នៅ​ម៉ោង ៨​ព្រឹក ចំនួន​២​ជើង និង​ម៉ោង ១១​ព្រឹក ចំនួន​១​ជើង​»​។ ជាមួយគ្នានេះ អាជ្ញាធរ​កម្ពុជា ក៏បាន​ចុះទៅ​យក​សំណាក​របស់​អ្នកដំណើរ​ចំនួន ២០​នាក់ មក​ពិ​និត្យនៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ផងដែរ​។ 
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​លោក គួច ចំរើន ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នា​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ដូចតទៅ​៖
 
 
​អភិបាលខេត្ត​ព្រះសីហនុ បន្តថា​៖ «​យើង​ក៏មាន​វិធានការណ៍​ជាច្រើន សម្រាប់​បង្ការ​ទប់ស្កាត់​។ ព្រោះថា​យើង​មិនអាច​គិតតែ​ម្ខាង​អំពី​ការជួយ​មនុស្ស​នៅលើ​នាវា ហើយ​បណ្ដែតបណ្ដោយ​ឲ្យ​មានការ​រាលដាល​ឆ្លងទៅ​កាន់​ប្រជាជន​នៅ​ខាងលើ​។ នេះហើយ ដែល​យើង​ត្រូវមាន​ការចាប់អារម្មណ៍​ខ្ពស់​»​។ 
 
​បើតាម​លោក គួច ចំរើន រថយន្ត​ដឹក​អ្នកដំណើរ​ទៅកាន់​ព្រលានយន្តហោះ នឹងត្រូវ​មក​កំពង់ផែ​វិញ ដើម្បី​បាញ់ថ្នាំ​សម្អាត និង​សម្លាប់​មេរោគ ពិសេស​រក្សាទុក​នៅ​កំពង់ផែ តាម​លក្ខខណ្ឌ​បច្ចេកទេស ដើម្បី​ធានាថា រថយន្ត​នោះ​ពិត​ជាមាន​សុវត្ថិភាព​។ 
 
​សូមបញ្ជាក់ថា មនុស្ស​នៅលើ​នាវា​នោះ មាន​ជាង​២២០០​នាក់ ក្នុងនោះ​អ្នកដំណើរ​១៤៥៥​នាក់ មាន​ជាង​៤០​សញ្ជាតិ និង​បុគ្គលិក​បម្រើ​ការងារ​តាម​ផ្នែក​លើ​នាវា ៨០២​នាក់​។ អ្នកទេសចរ​ដែល​ច្រើនជាងគេ​មាន អាមេរិក​មាន​៦៥១​នាក់ កាណាដា ២៧១​នាក់ អង់គ្លេស ១២៧​នាក់ ហូ​ឡង់​៩១​នាក់ អូស្ត្រាលី​៧៩​នាក់ អាល្លឺម៉ង់​៥៧​នាក់​...៕

Tag:
 នាវា​
  ព្រះសីហនុ​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com