ជាតិ
EU អរគុណកម្ពុជាដែលព្រមឱ្យនាវាទេសចរណ៍ Westerdam ចូលចត នាវាទេសចរណ៍ Westerdam ដែលចូលចតនៅក្រុងព្រះសីហនុ
× ភ្នំពេញ៖ ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី១៣ កុម្ភៈ បានសរសេរសារខ្លីដោយសម្ដែងការអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលព្រមឱ្យនាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿង គឺ Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាបានសរសេរយ៉ាងដូច្នេះថា៖« ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា សូមថ្លែងអំណរគុណដល់អាជ្ញាធរកម្ពុជាដែលបានផ្តល់សិទ្ធិឱ្យនាវា Westerdam ចូលចត»។
បន្ថែមពីខ្លឹមសារខាងលើនេះ សហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏បានសម្ដែងនូវការអាណិតអាសូរដល់អ្នកដំណើរ និងសមាជិកនាវិកនៃនាវាទាំងអស់ ហើយសង្ឃឹមថាពួកគេនឹងធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាពនាពេលឆាប់ៗ។ តាមការបញ្ជាក់ពីសហភាពអឺរ៉ុបប្រចាំកម្ពុជា ស្ថានទូតមួយចំនួនដែលជាសមាជិកខ្លួន និងបច្ចុប្បន្នកំពុងស្ថិតក្នុងក្រុងព្រះសីហនុ ដើម្បីផ្តល់សិទ្ធិជំនួយដល់អ្នកដំណើរ ក៏ដូចជានាវិកទាំងអស់។
គួរបញ្ជាក់ថា កម្ពុជាបានសម្រេចឱ្យនាវាទេសចរណ៍ Westerdam របស់សហរដ្ឋអាមេរិកបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី១៣ កុម្ភៈ បន្ទាប់ពីប្រទេសនិងកោះចំនួន៥ បដិសេធដោយបារម្ភថាមានអ្នកផ្ទុកជំងឺប្រភេទថ្មី កូរ៉ូណាវីរុស (COVID-19)។ នាវានេះផ្ទុកអ្នកដំណើរ២,២៥៧នាក់ ក្នុងនោះមានពលរដ្ឋអឺរ៉ុប ២៦០នាក់ មកពីប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន ២០ប្រទេស៕
Tag:
កូរ៉ូណាវីរុស
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com