ជាតិ
សុខភាព
ក្រសួងសុខាភិបាល៖ អ្នកដំណើរ២០នាក់នៅនាវា Westerdam គ្មានCOVID-19 ទេ
× លទ្ធផលផ្លូវការនៃការពិនិត្យវិភាគសំណាកចំពោះអ្នកទេសចរតាមនាវា Westerdam ចំនួន២០នាក់ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា អវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី COVID19។ នេះបើតាមការអះអាងរបស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងរបស់ក្រសួងសុខាភិបាល នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ។
មូលហេតុដែលនាំឱ្យឈានដល់ពិនិត្យសុខភាពអ្នកដំណើរទាំង២០នាក់ ដោយសារតែពួកគេមានអាការៈក្អក ឈឺពោះនិងរាគរូស ទើបនាំឱ្យមានការសង្ស័យ និងឈានទៅដល់ការធ្វើរោគវិនិច្ឆ័យនេះ។ រដ្ឋាភិបាល បានបញ្ចូនឧទ្ធម្ភាគចក្រទៅទទួលយកវត្ថុសំណាករបស់មនុស្សទាំង២០នាក់នេះ ពីកំពង់ផែស្វយ័តខេត្តព្រះសីហនុ មកពិនិត្យនៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីរសៀលថ្ងៃទី១៣ កុម្ភៈនេះ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វ៉ាន់ឌីន ដែលបានចុះទៅត្រួតពិនិត្យផ្ទាល់ នៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដែលជាទីកន្លែងនាវាអាមេរិកចតនោះ បានប្រាប់សារព័ត៌មានថា៖«តាមពិតទៅគាត់មានរោគសញ្ញាតិចតួច ប៉ុន្តែដើម្បីឱ្យមានភាពច្បាស់លាស់ យើងក៏សម្រេចយកវត្ថុអង្គធាតុ ដើម្បីយកទៅមើល។ វាមិនចំជាសង្ស័យទេ ប៉ុន្តែវាគ្រាន់តែជារោគសញ្ញាតិចតួច ដែលយើងត្រូវមានការប្រាកដប្រជា ព្រោះបញ្ហា COVID-19 នេះ ពេលខ្លះវាមានរោគសញ្ញាតិចតួចមែន ប៉ុន្តែវាក៏អាចមានវិជ្ជមាននៃវីរុសដែរ»។
ដ្បិតមានមនុស្ស២០នាក់ ស្ថិតនៅក្នុងការតាមដានសុខភាពមែន ប៉ុន្តែមនុស្សដទៃជាង២០០០នាក់នេះ គ្មានរោគសញ្ញាគ្រុនក្តៅ ដែលគួរឱ្យបារម្ភខ្លាំងឡើយ។ នេះបើតាមលោកស្រី ឱ វ៉ាន់ឌី ដែលបានបន្ថែមថា អ្នកនៅលើនាវាទាំងនោះ មិនទាន់ត្រូវបានអនុញ្ញាតឱ្យចាកចេញពីនាវាទេ ។
រដ្ឋាភិបាល បានសម្រេចឱ្យនាវាទេសចរណ៍អាមេរិក ដែលមានឈ្មោះថា Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ នៅថ្ងៃទី១៣ កុម្ភៈនេះ ក្រោយពីប្រទេស និងកោះចំនួន៥ បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line។ ក្នុងនោះរួមមាន ជប៉ុន តៃវ៉ាន់ កោះហ្គាម ហ្វីលីពីន និងថៃ ដែលមិនអនុញ្ញាតឱ្យនាវាទេសចរណ៍ចូលចតឡើយ ដោយសារបារម្ភពី COVID-19។
មនុស្សនៅលើនាវានោះ មានជាង២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ មានជាង៤០សញ្ជាតិ និងបុគ្គលិកបម្រើការងារតាមផ្នែកលើនាវា ៨០២នាក់។ អ្នកទេសចរដែលច្រើនជាងគេមាន អាមេរិកមាន៦៥១នាក់ កាណាដា ២៧១នាក់ អង់គ្លេស ១២៧នាក់ ហូឡង់៩១នាក់ អូស្ត្រាលី៧៩នាក់ អាល្លឺម៉ង់៥៧នាក់...៕
© រក្សាសិទ្ធិដោយ thmeythmey.com