អន្តរជាតិ
COVID-19៖ ចិនបន្ថយចំនួនអ្នកស្លាប់មកត្រឹម១៣៨១នាក់ ព្រោះច្រឡំរាប់តួលេខទ្វេដង រូបថត Xinhua
× តួលេខអ្នកស្លាប់អ្នកជាង១៤៨០នាក់នៃជំងឺរលាកសួត COVID-19 ត្រូវបានកាត់បន្ថយមកនៅត្រឹម១៣៨១នាក់វិញ ដោយសារអាជ្ញាធរខេត្ត Hubei បានអះអាងពីការរាប់ច្រលំតួលេខទ្វេដង។ កាលពីពេលព្រឹក ខេត្ត Hubei បានប្រកាសថា អ្នកស្លាប់បន្ថែមមាន១០៨នាក់ ប៉ុន្តែឈានដល់វេលាថ្ងៃត្រង់នេះ មានការកែប្រែមកនៅត្រឹមតែ៥នាក់ប៉ុណ្ណោះ បើប្រៀបធៀបកាលពីម្សិលមិញ។ នេះបើតាមការផ្សាយរបស់ AFP។
គិតត្រឹមវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ នេះ គណៈកម្មការសុខាភិបាលជាតិចិន បានបង្ហាញតួលេខអ្នកស្លាប់ដោយសារ COVID-19 មានចំនួនសរុប១៣៨៣នាក់ ក្នុងនោះ ១៣៨១នាក់នៅចិន ១នាក់នៅហ្វីលីពីន និង១នាក់ទៀតនៅជប៉ុន។
តួលេខនេះ ត្រូវបានកាត់បន្ថយពីជាង១៤៨០នាក់ ដោយសារតែអាជ្ញាធរខេត្ត Hubei ច្រឡំរាប់តួលេខស្ទួន។ ទាក់ទងនឹងករណីនេះ គណៈកម្មការសុខាភិបាលជាតិចិន មិនបានបញ្ជាក់ពីមូលហេតុលំអិតឡើយ។
ស្ថិតិក៏បានបង្ហាញផងដែរថា អ្នកជំងឺឡើងដល់ប្រមាណ៦៥០០០នាក់ ក្នុងនោះមានជិត៧០០០នាក់ ត្រូវបានព្យាបាលសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ខេត្ត Hubei តែមានអ្នកជំងឺជាង៥ម៉ឺននាក់ ដោយស្លាប់ជាង១៣០០នាក់ និងជាសះស្បើយជាង៣៨០០នាក់។
បន្ទាប់ពីចិន ជប៉ុនមានអ្នកជំងឺ៣៤នាក់ ដែលក្នុងនោះ១នាក់ស្លាប់ និង១០នាក់ជាសះស្បើយ។ តួលេខនៅជប៉ុនកើនដល់២១៨នាក់បន្ថែមទៀតដោយរាប់បញ្ចូលករណីនៅក្នុងនាវាទេសចរណ៍ Diamond Princess។ ប្រទេសផ្សេងទៀតដែលមានករណីឆ្លងរួមមាន សិង្ហបុរី ថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី អាល្លឺម៉ង់ វៀតណាម អូស្ត្រាលី សហរដ្ឋអាមេរិក បារាំង អង់គ្លេស អេមីរ៉ាតអារ៉ាប់រួម កាណាដា ឥណ្ឌា ហ្វីលីពីន អ៊ីតាលី រុស្ស៊ី អេស្ប៉ាញ បែលហ្ស៊ិក កម្ពុជា ហ្វាំងឡង់ ណេប៉ាល់ ស្រីលង្កា និងស៊ុយអែត៕
© រក្សាសិទ្ធិដោយ thmeythmey.com