ជាតិ
សង្គមជាតិ
ផ្សារ​ឃ្លាំង​រំសេវ នឹងត្រូវ​បិទ នៅ​ខែ​មេសា​២០២០
14, Feb 2020 , 2:45 pm        
រូបភាព
រូបភាពពីរាជធានីភ្នំពេញ
រូបភាពពីរាជធានីភ្នំពេញ
​ភ្នំពេញ​៖ ផ្សារ​ឃ្លាំង​រំសេវ នឹងត្រូវ​បិទ​នៅ​ថ្ងៃទី​៣០ មេសា ឆ្នាំ​២០២០ ដោយ​ម្ចាស់​ផ្សារ គឺ​ឧកញ៉ា ស៊ី គង់​ទ្រី​វ ត្រូវ​ការយក​ទីតាំង​ផ្សារ​នេះ អភិវឌ្ឍ​និង​សាងសង់​អគារ​ថ្មី​សម្រាប់​វិនិយោគ​។ នេះ​បើតាម​សេចក្តីជូនដំណឹង ចេញ​នៅ​ថ្ងៃទី​២៣ ខែមករា ដោយ​មេធាវី​ពីររូប​របស់​ឧកញ៉ា ស៊ី គង់​ទ្រី​វ​។

 

 
​លោក ស៊ិន វ៉ាន់​នី មេធាវី​ម្នាក់​របស់​ឧកញ៉ា​ស៊ី គង់​ទ្រី​វ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​នេះ​ថា​៖«​ការបិទ​ផ្សារ​នេះ គឺ​សម្រាប់​អភិវឌ្ឍ​និង​សាងសង់​អគារ​ថ្មី ដោយ​ម្ចាស់​ផ្សារ​ សហការ​ជាមួយ​មជ្ឈមណ្ឌល ម៉ុង់ ឌី​យ៉ា​ល់ និង​អ្នកវិនិយោគ​ផ្សេងទៀត​»។ 
 
​ទន្ទឹមនឹងនេះ លោកមេធាវី បញ្ជាក់ថា អាជីវករ​ក្នុង​ផ្សារ​នេះ គឺ​បាន​ផុត​អាណត្តិ​នៃ​កិច្ចសន្យា​ជួល តាំងពី​​ចុងឆ្នាំ​២០១៨​។ លោក បន្ថែមថា ពីខែកុម្ភៈ ដល់​មេសា ឆ្នាំ​២០២០ ម្ចាស់​ផ្សារ មិន​យកថ្លៃជួលតូប​ប្រចាំខែ​នោះទេ ហើយក៏មិនយកថ្លៃលើការប្រើ​អគ្គិសនី​ដែរ​។ 
 
​ជួសមុខឲ្យឧកញ៉ា  ស៊ី គង់​ទ្រី​វ​ មេធាវី​រូបនេះ បានប្រាប់អាជីវករ​នៅ​ផ្សារ​ឃ្លាំង​រំសេវ​ទាំងអស់ ​ឲ្យ​រក​ទីតាំង​ថ្មី​រៀងខ្លួន​។ លោក អះអាងថា ទីតាំង​ផ្សារ​នេះ នឹងត្រូវ​ចាប់ផ្ដើម​សាងសង់​អគារ​ថ្មី​នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០​។ លោក លើកឡើងថា អាជីវករ​នៅ​ផ្សារ​ឃ្លាំង​រំសេវ​ទាំងអស់ មាន​ប្រមាណ​៥០០​នាក់ ហើយ​មាន​តូប​ចំនួន​៨០០​តូប ដោយក្នុងនោះ ម្ចាស់តូបខ្លះ គ្រប់គ្រងតូបលើសពីមួយ​។ 
 
​ពាក់ព័ន្ធ​នឹង​ការបិទ​ផ្សារ​នេះ អភិបាលខណ្ឌ​ទួលគោក ឯក ឃុន​ដឿ​ន ប្រាប់​សារព័ត៌មាន​ថ្មី​ៗតាម​ទូរស័ព្ទ​ថា លោក​មិនទាន់​ទទួល​ព័ត៌មាន​នេះ​នៅឡើយ​ទេ​។ លោក និយាយថា​៖«​ខ្ញុំ​មិន​ទទួលបាន​ព័ត៌មាន​នេះ​ទេ គ្រាន់​ឃើញ​នៅ មជ្ឈមណ្ឌល ម៉ុង ឌី​យ៉ា​ល់ មានការ​រុំ​ព័ទ្ធ​សាងសង់​ឬ​ជួសជុល​ថ្មី​»​។ 
 
​ចំណែក លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ក៏​ប្រាប់ថា លោក មិន​ទទួលបាន​ព័ត៌មាន​នេះដែរ​៕ 

Tag:
 ឃ្លាំង​រំសេវ
© រក្សាសិទ្ធិដោយ thmeythmey.com