អន្តរជាតិ
ជប៉ុន នឹង​ចំណាយលុយ​ជាង​៩៣​លាន​ដុល្លារ​ដើម្បី​ប្រយុទ្ធ​ជាមួយ COVID-19
14, Feb 2020 , 8:19 pm        
រូបភាព
លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ។ រូបភាព៖ Reuters
លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ។ រូបភាព៖ Reuters
​ជប៉ុន នា​ថ្ងៃទី​១៤ កុម្ភៈ គ្រោង​ទឹកប្រាក់​ប្រមាណ​ជា ៩៣​លាន​ដុល្លារ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ COVID-19 ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស បន្ទាប់ពី​រកឃើញ​ប្រជាជន​របស់ខ្លួន​មាន​ករណី​ស្លាប់ និង​ឆ្ល​ដោយសារ​កូ​រ៉ូ​ណាវី​រុស​។​


 
​បន្ទាប់ពី​រកឃើញ​ប្រជាជន​របស់ខ្លួន​មាន​ផ្ទុក​ជំងឺ COVID-19 ចំនួន ៣​ករណី និង​ស្លាប់ ១​ករណី ជប៉ុន បាន​សន្យា​ចេញ​វិធានការ​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង កូ​រ៉ូ​ណា​វីរុស​នៅក្នុង​ប្រទេស​បន្ថែមទៀត​។ ក្នុង​វិធានការ​ទាំងនោះ រដ្ឋាភិបាល នឹង​ដក​លុយ​ប្រមាណ​ជា ៩៣​លាន​ដុល្លារ​ចេញពី​ថវិកាបម្រុង​របស់​ប្រទេស ដើម្បី​ទប់ទល់​វីរុស​ថ្មី​នេះ​។​
 
​បើតាម​សម្តី​របស់លោក ស៊ិន​ហ្សូ អា​បេ ប្រាប់​អ្នកកាសែត រដ្ឋាភិបាល​ជប៉ុន នឹង​សហការ​យ៉ាង​ជិតស្និត​ជាមួយ​រដ្ឋបាល​ថ្នាក់​តំបន់ និង​ព​ន្លឿ​ន​ការសាកល្បង និង​វិធី​ព្យាបាល​ជំងឺ COVID-19 ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​។ ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​ជប៉ុន​បែបនេះ គឺធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ កង​ស្វ័យការពារ​ជប៉ុន បាន​ដាក់ចេញ​វិធានការ​ថ្មីៗ​មួយចំនួន ទប់ស្កាត់​បញ្ហា​ឆ្លង និង​ករណី​ស្លាប់​នៅក្នុង​ប្រទេស​ជប៉ុន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​បើទោះបីជា​ជប៉ុន​បាន​រកឃើញ​ប្រជាជន​របស់ខ្លួន ៤​ករណី ក្នុងនោះ​មាន​វេជ្ជបណ្ឌិត​ផង បាន​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ​ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​ជប៉ុន មិនទាន់មាន​ភស្តុតាង​ច្បាស់​ទេ ថា​តើ​មាន​ករណី​ឆ្លង​ជាច្រើន​ឬក៏​អត់​នៅក្នុង​ប្រទេស​។ 
 
​សូមបញ្ជាក់ថា ពាក់ព័ន្ធ​ជំងឺ COVID-19 នេះ រដ្ឋាភិបាល​ជប៉ុន បាន​បង្ខាំង​ទុក​នាវា​ទេសចរណ៍ Diamond Princess ច្រើន​ថ្ងៃ​មកហើយ និង​បាន​រកឃើញ​អ្នកជំងឺ​រហូតដល់ ២១៨​ករណី​ឯណោះ ខណៈពេល​នៅក្នុង​ប្រទេស ជប៉ុន​បាន​រកឃើញ ៣៣​ករណី​។ ប៉ុន្តែ​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​នេះ ជប៉ុន​បានអនុញ្ញាត​ឲ្យ​អ្នកដំណើរ​ចាស់ៗ ហើយ​អ្នក​រស់នៅក្នុង​បន្ទប់​បិទ​ជិត អាច​ចាក​ចេញពី​នាវា​មុន​ថ្ងៃទី​១៩ ខែកុម្ភៈ​បាន​៕  

Tag:
 ​ជប៉ុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com