កីឡាអន្តរជាតិ
អន្តរជាតិ
Pele ចេញមុខ​ការពារ​ខ្លួន​ថា មិនមាន​បញ្ហា​ផ្លូវចិត្ត​ដោយសារ​ជំងឺ​ទេ​
14, Feb 2020 , 9:19 pm        
រូបភាព
​វីរបុរស​កីឡាបាល់ទាត់​ប្រេ​ស៊ី​ល Pele នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ បាន​ច្រានចោល​សម្ដី​កូនប្រុស​បង្កើត​ដែលថា​លោក​មាន​«​បញ្ហា​ធ្លាក់​ទឹកចិត្ត​» និង​ឯកោ ដោយសារតែ​បញ្ហា​ត្រគាក​របស់ខ្លួន​។ Pele ប្រាប់​អ្នកគាំទ្រ​ថា​លោក​មាន​សុខ​សប្បាយ​ធម្មតា​ទេ និង​មមាញឹក​នឹង​ការចូលរួម​កម្មវិធី​ផ្សេងៗ​ផង​។​


 
​លោក Edinho កូនប្រុស​បង្កើត​របស់ Pele ធ្លាប់បាន​ប្រាប់ GloboEsporte.com ថា ឪពុក​របស់គេ​ហាក់ដូច​ជាមាន​អារម្មណ៍​ថា «​មាន​បញ្ហា​ធ្លាក់​ទឹកចិត្ត​» និង​មិន​ចង់​ចាកចេញ​ពីក្នុងផ្ទះ ដោយសារតែ​បញ្ហា​ត្រគាក​ក្រោយ​ការវះកាត់​រួចមក​។​
 
​ស្តេច​បាល់ទាត់​ប្រេ​ស៊ី​លវ័យ​៧៩​ឆ្នាំ បាន​រង​ទុក្ខ​នឹង​បញ្ហា​ត្រគាក​យូរ​មកហើយ ដែល​តម្រូវ​ឲ្យ​លោក​ធ្វើ​លំ​ហាត់ប្រាណ​ដោយ​ការដើរ​។ មួយវិញទៀត ដោយសារតែ​ជំងឺ​នេះ នៅពេល​ភាគច្រើន Pele បង្ហាញខ្លួន​ក្នុង​កម្មវិធី​ដោយ​ស្ថិត​លើ​រទេះរុញ​។​
 
​បដិសេធ​នឹង​អ្វីដែល​បានលើកឡើង​ខាងលើ បុរស​ដែល​ជួយ​ប្រេ​ស៊ី​ល​លើក​ពាន World Cup ៣​លើក​នេះ អះអាងថា​ខ្លួន​មាន​សភាព​ល្អ​ធម្ម​តាទ​។ «​ខ្ញុំ​ទទួលស្គាល់ថា​រាងកាយ​របស់ខ្ញុំ​ចុះខ្សោយ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ទៅតាម​ធម្មជាតិ ប៉ុន្តែ ខ្ញុំ​នៅតែ​អាច​គ្រប់គ្រង​បាល់​បាន​នៅ​ឡើង​យ​»​។ ជាធម្មតា​ទេ ថ្ងៃ​ខ្លះ​ខ្ញុំ​ជា ហើយ​ថ្ងៃ​ខ្លះ​ក៏​ឈឺ​។ នោះ​ជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​ដែលមាន​អាយុ​ស្របាល​ខ្ញុំ​នេះ​។ នេះ​ជាការ​បញ្ជាក់​របស់លោក Pele​។​
 
Pele ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​កំពូល​កីឡាបាល់ទាត់​លើ​លោក បាន​ចំណាយពេល ១៨ ឆ្នាំ​ជាមួយ​ក្រុម Santos ដោយ​បង្ហាញខ្លួន ១២៨១ ប្រកួត និង​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​១០៩១​គ្រាប់​។ កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ដ៏​ច្រើនសន្ធឹក​នេះ នៅ​មិនទាន់មាន​កីឡាករ​ណា​អាច​ធ្វើបាន​នៅឡើយ​នោះទេ​មកទល់​សព្វថ្ងៃ​។​
 
​នៅ​ឆ្នាំ ២០២០ នេះ​នឹងមាន​ពិធី​ប្រារព្ធ​ខួប​លើក​ទី ៥០ នៃ​ការ​ឈ្នះ​ពាន​កីឡាបាល់ទាត់​ពិភពលោក​លើក​ទី​៣ របស់ Pele ដែល​បានឈ្នះ​នៅ​ម៉ិចស៊ិក​ក្នុង​ឆ្នាំ​១៩៧០ ផងដែរ​៕

Tag:
 Pele
© រក្សាសិទ្ធិដោយ thmeythmey.com