អន្តរជាតិ
វៀតណាម បដិសេធនាវាអាល្លឺម៉ង់មួយគ្រឿងឲ្យចូលចតព្រោះបារម្ភ COVID-19 នាវាទេសចរណ៍ Aida Vita (វេបសាយ Cruisemapper.com)
× មានអ្នកដំណើរអឺរ៉ុបជិះជាង១១០០នាក់ នាវាទេសចរណ៍ Aida Vita ត្រូវបានបដិសេធមិនឲ្យចូលចតក្នុងខេត្ត Quảng Ninh ប្រទេសវៀតណាម ព្រោះព្រួយបារម្ភថា អាចមានអ្នកដំណើរឆ្លងជំងឺផ្លូវដង្ហើម COVID-19 ។ ក្រោយពុំអាចចូលចតនៅវៀតណាមបាន នាវាទេសចរណ៍នេះ នឹងធ្វើដំណើរបន្តទៅកាន់ប្រទេសថៃ ដែលចំណតបន្ទាប់របស់ខ្លួន។
នាវាទេសចរណ៍របស់ក្រុមហ៊ុនអាល្លឺម៉ង់ AIDA Cruises បានកំណត់ពេលចូលចតក្នុងកំពង់ផែ Cai Lan ក្នុងក្រុង Ha Long កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ កុម្ភៈ។ យ៉ាងណាមិញ អាជ្ញាធរខេត្ត Quảng Ninh ដែលមានព្រំដែនជាប់ប្រទេសចិន បានបដិសេធផ្តល់ការអនុញ្ញាតសម្រាប់ការចូលចតរបស់នាវាទេសចរណ៍នេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអនឡាញជាភាសាអង់គ្លេស Vietnam Express ។
នាវាទេសចរណ៍នេះ បានធ្វើដំណើរចេញពីកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃ១៧ ខែមករា ហើយចាប់ពីពេលនោះមក បានចូលចតកំពង់ផែចំនួន៩។ ហើយក្នុងនោះចំណោមផែទាំងនេះ គឺមិនមែននៅក្នុងប្រទេសចិនដីគោក ដែលចំណុចផ្តើមនៃការផ្ទុះរាលដាល់ជំងឺ COVID-19 ឬហុងកុងឡើយ។
ទោះបីជានាវានេះ ពុំធ្លាប់មានប្រវត្តិចូលចតក្នុងតំបន់ដែលមានផ្ទុះវិបត្តិវីរុសឆ្លង អាជ្ញាធរវៀតណាមនេះ បានបកស្រាយថា ការសម្រេចចិត្តពួកគេក្នុងការបដិសេធបែបនេះ គឺផ្អែកលើស្ថានភាព នាវាទេសចរណ៍ផ្សេងទៀត នៅជប៉ុន ឈ្មោះថា Diamond Princess ដែលអ្នកដំណើរជិះលើនាវានេះ បានឆ្លងជំងឺ COVID-19។
នាវា Diamond Princess ត្រូវបានដាក់ឲ្យដាច់ដោយឡែកនៅក្បែរផែជប៉ុននៃតំបន់ Yokohama ចាប់តាំងពីថ្ងៃទី៣ ខែកុម្ភៈមកម្ល៉េះ ក្រោយពីបុរសម្នាក់ដែលចុះពីនាវានេះក្នុងក្រុងហុងកុង បានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសនេះ។ បច្ចុប្បន្ន ករណីឆ្លងជំងឺផ្លូវដង្ហើម COVID-19 ២១៨ នាក់ ត្រូវបានរកឃើញលើនាវានេះ។
ដោយឡែក អ្នកនាំពាក្យក្រុមហ៊ុនអាល្លឺម៉ង់ AIDA Cruises បានអះអាងថា៖«គ្មានករណីសង្ស័យ ឬករណីកូរ៉ូណាវីរុសរកឃើញណាមួយលើនាវា Aida Vita ឡើយ»។ អ្នកដំណើរលើនាវាមានជិត ១១០០ ហើយភាគច្រើនមកពីប្រទេសអាល្លឺម៉ង់ ហើយបុគ្គលិកបម្រើលើនាវា មាន៤០០នាក់។ ក្រុមហ៊ុន សង្កត់ធ្ងន់ថា គ្មានភ្ញៀវ ឬបុគ្គលិកបម្រើលើនាវាណាមួយ ធ្លាប់បានទៅក្នុងប្រទេសចិនក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន AP។
ចំណតបន្ទាប់របស់នាវាទេសចរណ៍ Aida Vita នេះ គឺកំពង់ផែថៃ Laem Chabang ខេត្តឈុនបុរី ។ ក្រុមហ៊ុនម្ចាស់នាវានេះ បានបញ្ជាក់បែបនេះ ដោយអះអាងទៀតថា នាវានេះ នឹងឆ្ពោះទៅកាន់កោះ Samui ប្រទេសថៃ ហើយបន្តដំណើរកាត់ក្រុងផែ Port Klang និង Malacca ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ។ នៅទីនេះ គឺបញ្ចប់ដំណើរកម្សាន្តដែលបានគ្រោងទុក នាថ្ងៃ២៣ ខែកុម្ភៈ។ យ៉ាងណាមិញ អាជ្ញាធរថៃប្រចាំផែ Laem Chabang ពុំទាន់បញ្ជាក់ពីការអនុញ្ញាតនៅឡើយទេ៕
Tag:
វៀតណាម
នាវាទេសចរណ៍
កូរ៉ូណាវីរុស
COVID19
© រក្សាសិទ្ធិដោយ thmeythmey.com