កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ដាក់​សមាជិក​ថ្មី Ighalo ឲ្យ​ស្ថិតក្រោម​ច​ត្តា​ឡី​ស័ក ដ្បិត​បារម្ភ​ពី COVID-19
14, Feb 2020 , 4:42 pm        
រូបភាព
Odion Ighalo ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់ Manchester United កំពុង​ដាក់​ឲ្យ​ហ្វឹកហាត់​ដាច់ដោយឡែក​ពី​គេ (​ច​ត្តា​ឡី​ស័ក​) រយៈពេល​១១​ថ្ងៃ​មកហើយ បន្ទាប់ពី​រូបគេ​ទើប​ផ្លាស់​ពី​ក្រុម​នៅ​ប្រទេស​ចិន​។ បិសាច​ក្រហម​ធ្វើបែបនេះ ដើម្បី​ជាការ​ប្រុងប្រយ័ត្ន​នៃ​ការរីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។​


 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​វ័យ ៣០ ឆ្នាំ​រូបនេះ​បាន​ក្លាយជា​សមាជិក​រប​ស់​ក្រុម Man United ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្លិប​នៃ​លី​គ​កំពូល​ចិន Shanghai Shenhua រហូតដល់​ចុងបញ្ចប់​រដូវ​កាល​នេះ​។​
 
​ដោយ​បារម្ភ​ពី​ការឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​រី​រុស​ប្រភេទ​ថ្មី COVID-19  ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester មួយ​នេះ បានសម្រេច​ឲ្យ Ighalo ហ្វឹកហាត់​ដាច់ដោយឡែក​ពី​គេ​បណ្តោះអាសន្ន ដោយសារ​រូបគេ​ទើប​ផ្លាស់​ពី​ចិន ដែល​ជាទី​ផ្ទុះឡើង​នៃ​មេរោគ​ដ៏​កាច​សាហាវ​។​
 
​យ៉ាងណាក៏ដោយ បើតាម​ការផ្សាយ​របស់ BBC Ighalo ដែល​ត្រូវដាក់​ឲ្យ​ហ្វឹកហាត់​ដោយឡែក​មែន ក៏ត្រូវ​អនុវត្ត​លក្ខខណ្ឌ​តឹងតែង​ថែមទៀត ព្រោះ Man Utd នឹង​ត្រៀម​ដាក់​រូបគេ​នា​ជំនួប​ទល់ Chelsea ក្នុងការ​ប្រកួត​ក្របខណ្ឌ Premier League ចុង​សប្តាហ៍​នេះ​។​
 
​អតីត​សមាជិក​ក្រុម Watford រូបនេះ ហ្វឹកហាត់​តែម្នាក់ឯង​នៅឯ​មជ្ឈមណ្ឌល​ជាតិ​តេ​ក្វាន់​ដូ ក្បែ​កីឡដ្ឋាន Etihad របស់ Manchester City និង​ជា​កន្លែង​ដែល​រូបគេ​បាន​ស្នាក់នៅ​ចាប់តាំងពី​ទៅដល់​អង់គ្លេស​កាលពី​១១​ថ្ងៃមុន​។​
 
Ighalo ជា​សមាជិក​ទី​២​របស់​អ្នកចាត់ការ​ទូទៅ​លោក Ole Gunnar Solskjaer ដែល​លោក​នាំយក​ទៅកាន់ Old Trafford នាទី​ផ្សារ​ដោះដូរ​កីឡាករ​ខែមករា បន្ទាប់ពី​ទិញ​បាន​ខ្សែបម្រើ Bruno Fernandes ពី Sporting Lisbon៕

Tag:
 COVID-19
  Manchester United
  Odion Ighalo
© រក្សាសិទ្ធិដោយ thmeythmey.com