អន្តរជាតិ
ICAO៖ COVID-19 អាចធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ខាតបង់ប្រមាណ ៥ពាន់លានដុល្លារ រូបភាព៖ Reuters
× អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) នាថ្ងៃទី១៣ ខែកុម្ភៈ បានប៉ាន់ប្រមាណថា ក្នុងរយៈពេល ៣ខែដំបូង នៃឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍ អាចបាត់បង់ប្រាក់ចំណេញរហូតដល់ទៅ ៤ ឬ៥ពាន់លានដុល្លារ ដោយសារតែជំងឺ COVID-19 ដែលបង្កដោយកូរ៉ូណាវីរុស។
ចាប់តាំងពីថ្ងៃផ្ទុះជំងឺ COVID-19 នៅចិនមក ក្រុមហ៊ុនអាកាសចរណ៍ចំនួន៧០ បានលុបចោលជើងហោះហើរចេញចូលប្រទេសចិនទាំងអស់ ខណៈពេលក្រុមហ៊ុនអាកាសចរណ៍ ៥០ផ្សេងទៀត បានកាត់បន្ថយជើងហោះហើររបស់ខ្លួន។ អង្គការអាការចរណ៍ស៊ីវិលអន្តរជាតិវាយតម្លៃជាបឋមថា ក្រុមហ៊ុនអាកាសចរណ៍ អាចបាត់បង់អ្នកដំណើរជាង ២០លាននាក់ បើធៀបនឹងការរំពឹងទុក។ ក្នុងរយៈពេល ៣ខែដំបូងនេះ ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល អាចបាត់បង់ចំណូលសរុបរហូតដល់ទៅ ៥ពាន់លានឯណោះ។
ICAO បានប៉ាន់ប្រមាណមុនកូរ៉ូណាវីរុសផ្ទុះឡើងថា អ្នកដំណើរតាមជើងយន្តហោះទៅ និងមកពីចិន នឹងកើនឡើងរហូតដល់ទៅ ៩ភាគរយ ក្នុងឆ្នាំ ២០២០ បើធៀបទៅនឹងឆ្នាំ ២០១៩ ក្នុងរយៈពេល ៣ខែដំបូងនេះ។ ផ្ទុយទៅវិញ ចំនួនអ្នកដំណើរជនបរទេស បានកាត់បន្ថយរហូតទៅ ៨០ភាគរយឯណោះ ដោយសារតែជំងឺ COVID-19 ដែលបានផ្ទុះឡើងនាចុងឆ្នាំ ២០១៩។
ប្រទេស ដែលទទួលរងផលប៉ះពាល់ពីការកាត់បន្ថយអ្នកដំណើរចិនច្រើនជាងគេ គឺជប៉ុន និងថៃ នៅក្នុងរយៈពេល ៣ខែដំបូងនេះ។ គ្រាន់តែជប៉ុន បានបាត់ចំណូលពីវិស័យទេសចរណ៍ ១,២៩ពាន់លានដុល្លារ ហើយថៃ អាចបាត់ចំណូលក្នុងវិស័យទេសចរណ៍រហូតដល់ ១,១៥ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។
កន្លងមក ដើម្បីទប់ស្កាត់ការរីកសាយភាយជំងឺ COVID-19 រដ្ឋាភិបាលចិន បានសម្រេចបិទទីក្រុងវូហាន នៃខេត្តហ៊ូប៉ី និងរឹតត្បិតការធ្វើដំណើរនៅក្នុងក្រុងផ្សេងទៀត។ ចំណែកអង់គ្លេស អាល្លឺម៉ង់ អាមេរិក ជប៉ុន ក៏បានអំពាវនាវឲ្យប្រជាជនរបស់ខ្លួន កុំធ្វើដំណើរទៅប្រទេសចិនផងដែរ។
សូមបញ្ជាក់ថា ICAO បានវាយតម្លៃថា ជំងឺ COVID-19 អាចជះផលអវិជ្ជយ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍ ជាងជំងឺ SARS ដែលបានផ្ទុះឡើងនៅចិន កាលពីឆ្នាំ ២០០២ ដល់ឆ្នាំ២០០៣ ទៅទៀត ព្រោះពេលនេះ ជើងយន្តហោះចេញ និងចូលប្រទេសចិនជាច្រើនខ្សែ ត្រូវបានគេលុបចោល៕
© រក្សាសិទ្ធិដោយ thmeythmey.com