ជាតិ
អ្នក​ដាំ​តា​ង៉ែ​ន ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ ខណៈ​ថៃ​និង​ចិន​កំពុង​រឹតត្បិត​ទីផ្សារ
14, Feb 2020 , 10:39 pm        
រូបភាព
ចម្ការ លោកសម្បូរណ៍ (រូបភាពពីលោកសម្បូរណ៍)
ចម្ការ លោកសម្បូរណ៍ (រូបភាពពីលោកសម្បូរណ៍)
​ភ្នំពេញ​៖ កសិករ​ដាំ​មាន​ប៉ៃលិន​ឬ​តា​ង៉ែ​ន នៅ​ខេត្ត​ប៉ៃលិន អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ទីផ្សារ​តា​ង៉ែ​ន ដោយសារ​ទីផ្សារ​ចិន​និង​ថៃ បិទ​មិន​ទទួល​ទិញ​។ ការ​រឹតត្បិត​ទីផ្សារ​របស់​ថៃ​និង​ចិន​នេះ ដោយសារ​កម្ពុជា​គ្មា​កិច្ចសន្យា​ទិញ​លក់​ដោយផ្ទាល់​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ទៀតឡើយ​។ លើសពីនេះ ប្រទេស​ចិន​កំពុង​ផ្ទុះ​មេរោគ COVID-19 ហើយ​ទីផ្សារ​ធំ​របស់​កម្ពុជា​និង​ថៃ គឺ​ចិន​តែមួយ​។ ជាមួយគ្នា​ដែរ សមាគម​មាន​ប៉ៃលិន ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ព​ន្លឿ​ន​នីតិវិធី​ឬ​ធ្វើ​កិច្ចសន្យា​ទិញ​លក់​រវាង​ចិន ព្រោះ​អាចជួយ​សម្រួល​ដល់​បញ្ហា​ទីផ្សារ​របស់​ប្រជាកសិករ​។

 
​កសិករ​ដាំ​មាន​ប៉ៃលិន នៅ​ភូមិ​ទឹកថ្លា សង្កាត់​ប៉ា​ហ៊ី ខេត្ត​ប៉ៃលិន អ្នកស្រី តៀម ហៀ​ង បានផ្ដល់​កិច្ចសម្ភាសន៍​ដល់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា អ្នកស្រី​ជួល​ដី​៨​កន្លែង​និង​មាន​ចម្ការ​ផ្ទាល់​២​កន្លែង​។ ប៉ុន្តែ​ឆ្នាំនេះ អ្នកស្រី ធ្វើ​តែ​៦​កន្លែង​ប៉ុណ្ណោះ ដោយសារ​មាន​បញ្ហា​រឹតត្បិត​ទីផ្សារ​នាំទៅ​ថៃ តាំងពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០២០​។  
 
​ស្ថានភាព​ទីផ្សារ​មាន​ប៉ៃលិន កាន់តែ​យ៉ាប់យឺន នៅពេល​ផ្ទុះ​មេរោគ COVID-19 ហើយ​ចម្ការ​ទាំង​៦ របស់​អ្នកស្រី គឺ​គ្មាន​អ្នកបញ្ជា​ទិញ​ឡើយ រហូតដល់​ជិត​ប្រមូល​ផល​នៅ​អំឡុងខែមេសា ឆ្នាំ២០២០​។ ស្ត្រី​វ័យ​៤៨​ឆ្នាំ​រូបនេះ ដែល​ដាំ​មាន​ប៉ៃលិន​អស់​រយៈពេល​ជាង​១០​មកហើយ​នោះ បាន​ជួល​ដី​ក្នុងតម្លៃ​៣០០០​ទៅ​៤០០០​ដុល្លារ​ក្នុង​មួយកន្លែង ដែលមាន​ជាង​៥០០​ទៅ​១០០០​ដើម​។ 
 
​យ៉ាងណាក៏ដោយ កាលពី​ឆ្នាំមុនៗ អ្នកស្រី ហៀ​ង មិនបាន​ជួប​បញ្ហា​ទីផ្សារ​ឡើយ ព្រោះ​បាន​ចុះកិច្ចសន្យា​ជាមួយ​សមាគម​មាន​ប៉ៃលិន ក្នុងតម្លៃ​ប្រមាណ​៤០០០​រៀលក្នុង១គីឡូក្រាម​។ អ្នកស្រី និយាយថា​៖«​ទីផ្សារ​គឺ​ថៃ​បិទ​តាំងពី​ខែ​៩​ឆ្នាំមុន​មក បើក​តិចៗ​ពេល​គេ​មិនសូវមាន ពិបាក​ណាស់ ទើប​ខ្ញុំ​មិន​ធ្វើ​ច្រើន​។ រាល់​ឆ្នាំ​ឲ្យ​តែ​ពេល​មាន​ប៉ៃលិន​ចេញ​ផ្កា​ឬ​ក្ដឹប មាន​គេ​មក​កក់​លុយ​ហើយ​។ ឥឡូវ​តាំងពី​ផ្ទុះ​កូ​រ៉ូ​ណាវី​រុស​នៅ​ចិន​មក ចិន​ក៏​បិទ ថៃ​ក៏​ផ្អាក​ទិញ​»​។ 
 
​អ្នកស្រី​បន្ថែមថា រាល់​ឆ្នាំ​សមាគម​មាន​ប៉ៃលិន​តែងតែ​ចុះទៅ​កក់​លុយ​។ ចុងឆ្នាំ​២០១៩​និង​ឆ្នាំ​២0២0​នេះ លោកស្រី​បាន​ទាក់ទង​ទៅ​សមាគម​ដើម្បី​ចុះកិច្ចសន្យា តែ​ភាគី​សមាគម​ថា មិន​ទទួល​វិញ ដោយ​លើកឡើងថា ហួសពេល​នៃ​ការធ្វើ​កិច្ចសន្យា​។ 
 
​បើ​គ្មាន​អ្នកបញ្ជា​ទិញ​មួយកន្លែងៗ បូក​ទាំង​កម្មករ​គ្រប់យ៉ាង អ្នកស្រី​ខាត​ប្រហែល​២​ម៉ឺន​ដុល្លារ​ (ក្នុង១រដូវ)។ អ្នកស្រី​ស្នើ​ឲ្យ អ្នកពាក់ព័ន្ធ​ទាំងអស់ ជួយ​ដោះស្រាយ​ព្រោះ​បញ្ហា​ទីផ្សារ​នេះ មុនពេល មាន​ប៉ៃលិន មិនទាន់​ខូច​។ 


លោក ចំរើន ប្រធានផ្នែកទីផ្សាររបស់សមាគមមានប៉ៃលិន
 
«​មិនទាន់មាន​អ្នក​ចុះមក​សួរ​បញ្ហា​ទេ ខ្ញុំ​សង្វាត​យូរហើយ ប្រហែល​៣​ខែ​មុន​ខ្ញុំ​បាន​ទៅ​សួរ​មេភូមិ​និង​ចៅសង្កាត់​ទៀត ឲ្យ​ជួយ​ដោះស្រាយ​ផង ធ្វើ​យ៉ាង​ឲ្យ​បាន​នាំ​មាន​ប៉ៃលិន​ចេញ​បាន ពលរដ្ឋ​មានតែ​ចម្ការ​ប៉ុណ្ណឹង​ទេ​...​ឥឡូវ​សុំ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ផង អ្នក​ដាំ​មាន​ប៉ៃលិន​ដាំ​ម្នាក់ៗ​រាប់​ហិកតា​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ហៀ​ង​។ 
 
​រីឯ​លោក ស សម្បូរ​ណ៍ នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មាន​ចម្ការ​មាន​ប៉ៃលិន​២០​ហិកតា បាន​និយាយថា ស្ថានភាព​ទីផ្សារ​ឆ្នាំនេះ គឺ​ខុសពី​ឆ្នាំមុនៗ ដោយ​សព្វថ្ងៃ​មាន​អ្នកដើរ​ទិញ​រាយ តម្លៃ​១០០០​ទៅ​១៥០០​រៀល សម្រាប់​យក​លក់​បន្ត ប៉ុន្តែ​បើ​ឲ្យ​បញ្ជា​ទិញ​ដូច​កាលពីមុន​ទាំង​ចម្ការ គឺ​គ្មាន​នោះទេ​។ លោក បន្តថា នៅ​ដើមខែ​មីនា​នេះ តា​ង៉ែ​របស់លោក ដល់ពេល​កាត់​ហើយ ប្រសិនបើ​គ្មាន​អ្នកបញ្ជា​ទិញ គឺ​ត្រូវ​ខូច​។ 
 
​លោក រៀបរាប់ថា​៖«​តា​ង៉ែ​ន​ជាង​២០​ហិកតា​នេះ អាច​ប្រមូល​ផល​បាន​ប្រហែល​១០០​តោន មិន​ងាយ​លក់រាយ​តិចៗ​ឯណា តា​ង៉ែ​ន​រាប់រយ​តោន បើ​គ្មាន​អ្នកបញ្ជា​ទិញ​គឺ​ខូច​។ ខ្ញុំ​សុំ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ជួយ​ដោះស្រាយ ព្រោះ​ថៃ​បិទ​មិន​ទិញ មិនដឹង​លក់​នៅឯណា​ទេ​។ បើ​គ្មាន​ទីផ្សារ ដំណាំ​នឹងត្រូវ​ខូច​»​។ 
 
​លោក សម្បូរ​ណ៍ ដែលមាន​វ័យ​២៨​ឆ្នាំ អះអាងថា រាល់​ឆ្នាំ​សមាគម​ចុះទៅ​ប្រមូល​ឲ្យ​ពលរដ្ឋ​ធ្វើ​កិច្ចសន្យា ប៉ុន្តែ​ចុងឆ្នាំ​២០១៩​និង​ឆ្នាំនេះ លោក មិនឃើញ​ខាង​សមាគម​ចុះ ធ្វើ​កិច្ចសន្យា​ប្រមូល​ទិញ​ឡើយ​។ 
 
​លោក សារ ចំរើន ប្រធាន​ផ្នែក​គ្រប់គ្រង​ទីផ្សារ​នៃ​សមាគម​មាន​ប៉ៃលិន ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ​ថា បញ្ហា​ទីផ្សារ​មាន​ប៉ៃលិន សព្វថ្ងៃនេះ គឺ​កម្ពុជា​មិនទាន់មាន​កិច្ចសន្យា​កិច្ច​លក់​ផ្ទាល់​មួយ​ប្រទេស​ផ្សេង និង​ដឹកជញ្ជូន​ឆ្ងាយ​នោះទេ​។ 
 
​លោក មានប្រសាសន៍ថា​៖«​មាន​ប៉ៃលិន ដែល​នាំទៅ​រោងចក្រ​ចិន និង​ថៃ គឺ​ប្រើ​ឈ្មោះ​ថៃ ដោយ​ក្រុមហ៊ុន​ចិន​យោគយល់ នៅពេល​ក្រុមហ៊ុន​ចិន​នាំទៅ​ចិន​បន្ត​ដាក់ឈ្មោះ​ថៃ​»​។ លោក សង្កត់ធ្ងន់ថា បញ្ហា​មួយទៀត​ដែល​កំពុង​ជួប​គឺ​ទីតាំង​រោងចក្រ​ចិន​ឆ្ងាយ ហើយ​ព្រំដែន​បិទ នៅ​ម៉ោង​១០​យប់ ដូច្នេះ​មាន​ប៉ៃលិន​ដែល​ដឹក​ទៅ​មិនទាន់ គឺអាច​នឹង​ខូច​។ 
 
​លោក ចំរើន អះអាងថា សមាគម​ទិញ​លក់​ទៅតាម​កិច្ចសន្យា ឥឡូវនេះ​នៅតែ​ទទួល​ទិញ​ក្នុងតម្លៃ​ប្រមាណ​៤០០០​រៀលក្នុង១គីឡូក្រាម ចំពោះ​អ្នកមាន​កិច្ចសន្យា​ជាង​១០០​នាក់​ប៉ុណ្ណោះ​។ លោក បន្តថា កសិករ​ត្រូវ​ទៅដល់​សមាគម​ផ្ទាល់ ដើម្បី​ធ្វើ​កិច្ចសន្យា ហើយ​ទើប​សមាគម​ចុះ​ពិនិត្យ​ចម្ការ ហើយ​កសិករ​ខ្លះ​គិតថា​តម្លៃ​មាន​ប៉ៃលិន​អាច​ឡើង​លើស​តម្លៃ​កិច្ចសន្យា ទើប​មិនបាន​ចុះកិច្ចសន្យា​។ 
 
​លោក បាន​លើកឡើងថា កសិករ​ដែល​គ្មាន​កិច្ចសន្យា គឺ​តែងតែ​ជួប​បញ្ហា​ទីផ្សារ នៅពេល​ភាគី​ថៃ​បិទ​មិន​ទទួល​ទិញ ខណៈ​ចំនួន​កសិផល​ក្នុងប្រទេស​ថៃ​សម្បូរ ឬ​ទីផ្សារ​ចិន​បិទ ព្រោះ​ទីផ្សារ​ធំ​របស់​កម្ពុជា​និង​ថៃ គឺ​ចិន​តែមួយ​។ យ៉ាងណា លោក ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ច្បាប់​ឬ​កិច្ចសន្យា​ទិញ​លក់ ជាមួយ​ចិន​ឬ​ប្រទេស​ផ្សេង​ឲ្យ​បាន​ឆាប់ ដើម្បី​ជួយ​ដល់​កសិករ​ដាំ​មាន​ប៉ៃលិន​នេះ​។ 
 
​លោក បរិយាយ​ថា​៖«​ខ្ញុំ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​កិច្ចសន្យា​ទិញ​លក់​រវាង​កម្ពុជា​-​ចិន និង​ជាមួយ​ប្រទេស​ផ្សេង​។ ក្រុមហ៊ុន​ចិន​ដែល​នៅ​ប្រទេស​ថៃ​កន្លង បានមក​បោះ​ទីតាំងនៅ​ខេត្ត​ប៉ៃលិន​ហើយ ដោយ​រង់ចាំតែ​ច្បាប់​អនុញ្ញាត​ទេ​។ ខ្ញុំ​ស្នើ​ទៅខាង​មន្ទីរ​ពាណិជ្ជកម្ម​ហើយ គាត់​ថា​ដាក់​ស្នើ​ទៅ​ចិន​រួចហើយ ហើយ​មន្ទីរ​ពាណិជ្ជកម្ម​ថា ខ្វះខាត​ខាង​គុណភាព​អនាម័យ​។ ហើយ​ខ្ញុំ​បាន​ទាក់ទង​ទៅ​មន្ទីរ​កសិករ​និង​ក្រសួង​ដែរ គាត់​ថា បានស្នើ​ចិន​ហើយ តែ​គេ​មិនទាន់​ឆ្លើយតប​។ ខ្ញុំ​មិនដឹងថា ដោះស្រាយ​យ៉ាងណា​ទៀត ក្រុមហ៊ុន​ចិន​បាន​សង់​ទីតាំង​ហើយ​តែ​នៅ​ច្បាប់​។ បើ​ក្រុមហ៊ុន​ចិន​ដំណើរការ គឺអាច​សម្រួល​ដល់​បញ្ហា​ទីផ្សារ​របស់​ប្រជាកសិករ​ដាំ​តា​ង៉ែ​ន​កម្ពុជា ក្នុង​រង្វង់​ប្រមាណ​ជាង​៥​ម៉ឺន​តោន​»​។​
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក យ៉ង សាំង​កុមារ ជា​អ្នកជំនាញ​ផ្នែក​កសិកម្ម រិះគន់ថា ម​ន្រី្ត​កម្ពុជា មាន​ទម្លាប់​អូសបន្លាយ​ការងារ​។ លោក មានប្រសាសន៍ថា​៖«​ខ្ញុំ​អត់​យល់ ហេតុ​អ៊ី​បានជា​រដ្ឋា​ភ​បាល​និង​ក្រសួង​ពាក់ព័ន្ធ ធ្វើការ​អូសបន្លាយ កាលណា​បើ​យើង​ចង់​ជួយ​កសិករ ជួយ​សេដ្ឋកិច្ច ក្នុងនាម​ជា​អ្នកផ្ដល់​សេវាសាធារណៈ​បម្រើ​ប្រទេសជាតិ នៅពេលណា​មាន​អ្នកវិនិយោគ មិនចាំបាច់​តែ​ចិន​ទេ ខ្មែរ​យើង​ហ្នឹង ឲ្យ​តែមាន​គម្រោង​បើក​រោងចក្រ​កែច្នៃ ត្រូវ​ជួយ​បន្ថែម ហើយ​ជួយ​រៀបចំ​ឲ្យ​មាន​តាម​ស្ដង់ដារ​នៃ​ការនាំចេញ​។​។ 
 
​លោក បន្ថែមថា​៖«​ការពិត​រដ្ឋ​ត្រូវ​ចាយ​ថវិកា​បន្ថែមទៀត​លើ​បញ្ហា​នេះ ព្រោះ​ចុងក្រោយ គឺ​ផ្ដល់​ផលប្រយោជន៍​ដល់​រដ្ឋ​វិញ​។ ប៉ុន្តែ​កន្លងមក គឺមាន​ការអូសបន្លាយ​និង​យឺតយូរ​ជាដើម ឬ​ដាក់​លុយ​ក្រោម​តុ​លើ​តុ​អី  ហើយ​រឿង​ទាំងអស់​នឹងត្រូវ​លុបបំបាត់ ព​ន្លឿ​ន​ដល់​កសិករ​ដើម្បី​ពិនិត្យ កែច្នៃ និង​ការនាំចេញ ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ​»​។ 
 
​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ខេត្ត​ប៉ៃលិន លោក សាយ សុផាត បកស្រាយ​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​ទីផ្សារ គឺ​មិនទាន់​ដល់ពេល​ប្រមូល​ផល​នៅឡើយ ព្រោះ​បញ្ហា​ខាងលើ ជាការ​គិតទុក​មុន​របស់​កសិករ​។  លោក ថ្លែងថា មន្ទីរ​ពាណិជ្ជកម្ម ជា​អ្នកដោះស្រាយ ហើយ​មន្ទីរ​កសិកម្ម អ្នក​ណែនាំ​ផ្នែក​បច្ចេកទេស​។  
 
​លោក បញ្ជាក់ថា កន្លងមក មន្ទីរ​កសិកម្ម​និង​មន្ទីរ​ពាណិជ្ជកម្ម បាន​ពិភាក្សាគ្នា ហើយ​ខាង​នាយកដ្ឋាន​ការពារ​ដំណាំ បានស្នើ​ឲ្យ​នាំចេញ​ទៅ​ថៃ ហើយ​ភាគី​ថៃ​មិនទាន់​ឆ្លើយតប គ្រាន់តែ​ដឹងថា គេ​ឲ្យ​ធ្វើតាម​ស្ដង់ដា​កម្រិត​គុណភាព និង​គុណភាព​អនាម័យ ប៉ុន្តែ​មិនដឹង​ស្ដង់ដារ​យ៉ាងណា​។ 


លោក សម្បូរណ៍ ពាក់អាវពណ៌ស
 
​មន្ទីរ​កសិកម្ម​ដែលជា​អ្នក​ណែនាំ​បច្ចេកទេស និង​មន្ទីរ​ពាណិជ្ជកម្ម ដែលជា​អ្នករក​ទីផ្សារ នឹង​រួមគ្នា​រក​ការចរចា​ណាមួយ ដើម្បី​ឲ្យ​មានការ​អនុគ្រោះ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​ទីផ្សារ​មាន​ប៉ៃលិន​ឆ្នាំនេះ គឺ​ដោយ​ភាគី​ថៃ​មិនទាន់​ឲ្យ​នាំចូល ហើយ​បញ្ហា​ទីផ្សារ​ក្នុងស្រុក​វិញ គឺមាន​ប៉ៃលិន​មិនទាន់​ដល់​។ នេះ​បើ​ការលើកឡើង​របស់​ប្រធាន​មន្ទីរ​កសិកម្ម​ដដែល​។ 
 
​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម លោក សុខ សា​ធី​ម និយាយថា ទីផ្សារ​មាន​ប៉ៃលិន កម្ពុជា​និង​ថៃ​កំពុង​ជួប​បញ្ហា​នេះ​ដូចគ្នា ព្រោះ​ទីផ្សារ គឺ​ចិន​តែមួយ ហើយ​ក្រុមហ៊ុន​ចិន​ទទួល​ទិញ​តែ​ពី​អ្នក​ជាប់កិច្ចសន្យា​ប៉ុណ្ណោះ​។ ចំណោះ​បញ្ហា​នេះ មន្ទីរ ក៏​មិនមាន​ដំណោះស្រាយ​ដែរ ព្រោះ​ជា​បញ្ហា​សាកល មានតែ​រង់ចាំ​ស្ថានភាព​នៅ​ប្រទេស​ចិន​ប្រសើរ​ឡើងវិញ ពី​មេរោគ COVID-19 ទើប​ទីផ្សារ​បើកទទួល​ទិញ​។ លោក បញ្ជាក់ថា​៖«​ចំពោះ​ដំ​ដោះស្រាយ​ចែកចាយ​តា​ង៉ែ​ន​នៅ​ទីផ្សារ​ក្នុងប្រទេស គឺ​ពិបាក​ដោះស្រាយ​ណាស់ ព្រោះ​ចំនួន​តា​ង៉ែ​ន​នេះ រាប់ពាន់​តោន​ចែកចាយ​មិន​អស់​នោះទេ​»​។​
 
​ពាក់ព័ន្ធ​បញ្ហា​នេះ លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ថ្លែងប្រាប់​សារព័ត៌មាន​ថ្មី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​១១​កុម្ភៈ​នេះ ពី​បញ្ហា​ទីផ្សារ​មាន​ប៉ៃលិន​ថា ដោយសារ​ភាគី​ចិន​យក​ឱកាស​នៃ​ការផ្ទុះ​មេរោគ COVID-19 ដើម្បី​ទម្លាក់​ថ្លៃ ប៉ុន្តែ​ក្រុមហ៊ុន​ចិន​នៅតែ​ទទួល​ទិញ​។ ការធ្វើ​បែបនេះ គឺ​ធ្វើ​ឲ្យ​មានការ​លំបាក ដើម្បី​ឲ្យ​កសិករ​បង្ខំចិត្ត​លក់​។ រីឯ​ភាគី​ថៃ ដែល​ទិញ​ពី​កម្ពុជា បាន​ប្តូ​r​ទីតាំង​ទៅ​កន្លែង​ឆ្ងាយ ទើប​ពិបាក់​ដឹកជញ្ជូន​។ 
 
​លោក អធិប្បាយ​ថា​៖«​អ្នក​ដាំ​មាន​ប៉ៃលិន​ជាប់​កិច្ច​ជាមួយ​សមាគម គឺ​មិនមាន​បញ្ហា​ទេ​។ អ្នក​មិន​ជាប់កិច្ចសន្យា គឺ​គាត់​នៅតែ​លក់បាន គ្រាន់តែ​លំបាក់​បន្តិច ហើយ​ថ្ងៃក្រោយ​គាត់ (​អ្នក​ដាំ​មាន​ប៉ៃលិន​) ចូល​សមាគម​ទៅ ដើម្បី​ឲ្យ​មានការ​ទិញ​លក់​ត្រឹមត្រូវ​ទៅ​»​។  
 
​ទន្ទឹមនឹងនេះ លោក បាន​បញ្ជាក់ថា កម្ពុជា​មិនទាន់មាន​កិច្ចសន្យា​ទិញ​លក់​ដោយផ្ទាល់ ជាមួយ​ប្រទេស​ណា​ឡើយ ប៉ុន្តែ​បើតាម​ក្រុមហ៊ុន​ឯ​ជន​ប្រហែល​ជាមាន​។ កន្លងមក​កម្ពុជា មានតែ​កិច្ចសន្យា​នាំចេញ​លើ អង្ករ ដំឡូង ពោត ចេក ប៉ុណ្ណោះ​។ ចំណែក មាន​ប៉ៃលិន ក្រសួង​បានរៀបចំ​ស្នើការ​នាំចេញ ជាមួយ​ប្រទេស​ចិន​ហើយ ឥឡូវ​កំពុង​រង់ចាំ​ភាគី​ចិន​ឆ្លើយតប ព្រោះ​ភាគី​ចិន​ក្នុង​មួយឆ្នាំៗ មានកំណត់​ចំនួន​នៃ​ការស្នើសុំ​នាំចូល​ទើប​ពិបាក​។ កម្ពុ​ជាមាន​រោងចក្រតាង៉ែន មួយកន្លែង​នៅ​ខេត្ត​ប៉ៃលិន តែ​មិនទាន់​ដំណើរការ​នោះទេ​។​
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​ទីផ្សារ​នេះ លោក សម្បូរ​ណ៍ និង អ្នកស្រី ហៀ​ង ចោទ​ជា​សំណួរ​ថា បើសិន​ប្រទេស​ថៃ​បិទ​មិន​ទទួល​ទិញ សមាគម​មាន​ប៉ៃលិន​មិន​ទិញ ហើយ​ក្រុមហ៊ុន​ចិន​បិទ ដោយ​ទទួល​ទិញ​តែមាន​កិច្ចសន្យា តើ​តា​ង៉ែ​ន​របស់​ពួកគាត់ និង​ពលរដ្ឋ​ដាំ​តា​ង៉ែ​ន ដែលមាន​ចំនួន​ច្រើនជាង​អ្នក​ចុះកិច្ចសន្យា ត្រូវ​លក់​នៅឯណា នរណា​ជា​អ្នកទិញ ហើយ​បាន​តម្លៃ​ប៉ុន្មាន ឬក៏​ត្រូវ​ខូច​?  
 
​លោក យ៉ង សាំង​កុមារ ក៏​មើលឃើញ​ពី​បញ្ហា​ទីផ្សារ​ដូចដែល​បានលើកឡើង​ខាងលើ​ដែរ គឺ​ដោយសារ​ការផ្ទុះ​មេរោគ COVID-19 និង​គ្មាន​កិច្ចសន្យា​នាំចេញ​។ លោក យល់ថា ជា​ដំណោះស្រាយ​រយៈពេល​ខ្លី ក្រសួងពាណិជ្ជកម្ម និង​កសិកម្ម ត្រូវ​ត្រៀម​រៀបចំ​ទីផ្សារ​ចែកចាយ​ក្នុងស្រុក​ទៅកាន់​កន្លែង​មិនសូវ​សម្បូរ និង​រដ្ឋាភិបាល​គួរតែ​ត្រៀម​ថវិកា​មួយចំនួន​ដើម្បី​ជួយ​សម្រួល​។  
 
​លើសពីនេះ សម្រាប់​ដំណោះស្រាយ​រយៈពេល​វែង លោក យ៉ង សាំង​កុមារ ចង់​ឲ្យ​កសិករ​ដែល​ដាំ​ដំណាំ​តា​ង៉ែ​ន មាន​សមាគម​រួម ច្រកចេញចូល​សម្រាប់​នាំចេញ នឹង​ក្ដាប់បាន​ព័ត៌មាន​អំពី​ចំនួន​ដាំ​ដុះ​និង​ទិន្នផល​។ ទន្ទឹមនឹងនេះ ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ផ្សារភ្ជាប់​ឲ្យ​មាន​កិច្ចសន្យា​ទិញ​លក់ ដោយផ្ទាល់​ជាមួយ​ប្រទេស​ផ្សេង ហើយ​រដ្ឋាភិបាល​ត្រូវ​ត្រៀម​ថវិកា​សម្រាប់​សម្រួល​ដល់​បញ្ហា​។ រីឯ​កសិករ ត្រូវតែ​សកម្ម ក្នុងការ​ទាមទារ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ឬ​រដ្ឋាភិបាល ធ្វើការ​ជាមួយ​លើ​បញ្ហា​ដែលមាន ក្នុងនាម​ជា​កសិករ​និង​ពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត​។ ចំពោះ​បញ្ហា​ទីផ្សារ​ធ្លាក់ចុះ​នេះ នឹង​ប៉ះពាល់​ដល់ ការបាត់បង់​ចំណូល​របស់​កសិករ​។ 
 
​សូមបញ្ជាក់ថា ការនាំចេញ​មាន​ប៉ៃលិន​ក្នុង​ខេត្ត​ប៉ៃ​លិ ទៅ​ក្រៅប្រទេស​កាលពី​ឆ្នាំ​២០១៩ មាន​ជាង​៦​ពាន់​តោន​។ នៅ​ទូទាំង​ខេត្ត​ប៉ៃលិន មាន​អ្នក​ដាំ​មាន​ប៉ៃលិន​ប្រមាណ​ជាង​៣០០​ទៅ​៤០០​ហិកតា​។ នេះ​បើតាម​របាយការណ៍ ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន​ពី​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​៕ 

Tag:
 ស​កិក​ម្ម​
  តា​ង៉ែ​ន
© រក្សាសិទ្ធិដោយ thmeythmey.com