អន្តរជាតិ
ជប៉ុន​៖ មិន​ខឹង និង​ញញឹម​ជានិច្ច ជួយ​លោកតា Wanatabe ក្លាយជា​បុរស​ចាស់​ជាងគេ​លើ​លោក​
15, Feb 2020 , 8:59 am        
រូបភាព
លោកតា Chitetsu Watanabe  ដែលទទួលបានពានបុរស ដែលមានអាយុរស់នៅវែងបំផុតក្នុងពេលបច្ចុប្បន្ន។ រូបភាព៖ Chitetsu Watanabe
លោកតា Chitetsu Watanabe ដែលទទួលបានពានបុរស ដែលមានអាយុរស់នៅវែងបំផុតក្នុងពេលបច្ចុប្បន្ន។ រូបភាព៖ Chitetsu Watanabe
​លោកតា​ជនជាតិ​ជប៉ុន​ម្នា​ក់វ័យ ១១២​ឆ្នាំ បាន​ក្លាយជា​បុរស​ចាស់​ជាងគេ​បំផុត​នៅលើ​ពិភពលោក​។ បើតាម​ការអះអាង​រប​ស់លោ​កតា អាថ៌កំបាំង ធ្វើ​ឲ្យ​មាន​អាយុ​វែង​របស់លោក គឺ​ស្នាមញញឹម​នៅលើ​ផ្ទៃមុខ​។



​លោកតា Chitetsu Watanabe គឺជា​ជនជាតិ​ជប៉ុន​ម្នាក់ បានកើត​នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​១៩០៧ ត្រូវបាន​គេ​ប្រគល់​ពានរង្វាន់​ជា​បុរស​រស់​នៅបាន​រយៈពេល​ជាងគេ​បំផុត​លើ​ពិភពលោក​ក្នុងពេល​បច្ចុប្បន្ន នៅ​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​ក្នុង​ក្រុង Joetsu ខេត្ត Niigata ។ នេះ​បើតាម​ការអះអាង​របស់​កំណត់ត្រា​ឯក​ត្ត​កម្ម​ពិភពលោក នា​ថ្ងៃទី​១២ ខែកុម្ភៈ​។ 
 
​ក្នុង​ទឹកមុខ​ញញឹម​សប្បាយរីករាយ លោកតា Watanabe បាន​ប្រាប់​ពី​អាថ៌កំបាំង​ថា ដើម្បី​ឲ្យ​មាន​អាយុ​វែង «​កុំ​ប្រកាន់​ខឹង និង​រក្សា​ស្នាមញញឹម​នៅលើ​ផ្ទៃមុខ​»​។ ក្នុង​អាយុ​ដ៏​ច្រើន​បែបនេះ លោកតា​វ័យ ១១២​ឆ្នាំ​រូបនេះ មានកូន​ចំនួន ៥​នាក់​, ចៅ​ចំនួន​១២​នាក់​, ចៅទួត​១៦​នាក់ និង​ចៅលួត ១​នាក់​។ 
 
​សូមបញ្ជាក់ថា ជប៉ុន គឺជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ផ្សេងទៀត​លើ​សកលលោក ដែលមាន​អាយុ​រំពឹង​រស់​ខ្ពស់​ជាងគេ​បំផុត​។ ក្នុងពេល​ប​ច្ច​ប្បន្ន បុគ្គល​ដែលមាន​វ័យ​ចំណាស់​ជាងគេ​បំផុត គឺជា​លោកយាយ​Kane Tanaka មាន​ជន្មាយុ ១១៧​ឆ្នាំ ដែលជា​ជនជាតិ​ជប៉ុន​ដែរ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com