ជាតិ
សង្គមជាតិ
ការសិក្សា៖ អានសៀវភៅ៦នាទីរៀងរាល់ថ្ងៃ អាចកាត់បន្ថយស្ត្រេស៍បាន៦៨ភាគរយ
× តានតឹងអារម្មណ៍? តប់ប្រមល់ក្នុងចិត្ត? ការអានសៀវភៅគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់មនុស្សគ្រប់រូប ក្នុងការបន្ធូរបន្ថយស្ថានភាពដ៏អាប់អួរ។ នេះបើយោងតាមលទ្ធផលនៃការសិក្សាមួយរបស់ក្រុមការងារនៃសាកលវិទ្យាល័យ Sussex នៅចក្រភពអង់គ្លេស។
ការអានសៀវភៅរយៈពេល៦នាទីជារៀងរាល់ថ្ងៃ នាំឲ្យមនុស្សម្នាក់ៗកាត់បន្ថយស្ត្រេស៍ បាន៦៨ភាគរយ ហើយថែមទាំងជួយសម្អាតភាពតានតឹងទាំងផ្លូវកាយ និងផ្លូវចិត្តផងដែរ។ លទ្ធផលនៃការគណនារបស់ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល Mindlab International នៃសាកលវិទ្យាល័យ Sussex ផ្តោតជាពិសេសទៅកម្រិតស្ត្រេស៍ និងសម្ពាធបេះដូងរបស់មនុស្សម្នាក់ៗ។
លទ្ធផលបានបង្ហាញ ការអានសៀវភៅផ្តល់ផលវិជ្ជមានកម្រិតខ្ពស់លើការកាត់បន្ថយស្ត្រេសិ៍ ជាងសកម្មភាពផ្សេងទៀត ពោលគឺដល់ទៅ៦៨ភាគរយ ខណៈការស្តាប់តន្ត្រីបាន៦១ភាគរយ ការផឹកតែ ឬកាហ្វេមួយពែង បន្ថយបាន៥៤ភាគរយ និងការដើរ បន្ថយបាន៤២ភាគរយ។ ជាមួយគ្នានេះ ការលេងវីដេអូហ្គាម អាចកាត់បន្ថយ២១ភាគរយ ប៉ុន្តែបែរជាមានហានីភ័យខ្ពស់លើជំងឺបេះដូងទៅវិញ។
«លង់ខ្លួនដោយការអានសៀវភៅ គឺជាការសម្រាកកាយដ៏ប្រសើរបំផុត»។ លោកវេជ្ជបណ្ឌិត David Lewis ដែលជាអ្នកស្រាវជ្រាវ និងជាចិត្តវិទូរ បានបន្ថែមថា ការអានមិនចាំបាច់តម្រូវលើប្រភេទសៀវភៅនោះឡើយ។
ជាមួយគ្នានេះ បើតាមសមាគមចិត្តសាស្ត្រអាមេរិក (American Psychological Association) ការអានព័ត៌មាន មានការធ្លាក់ចុះ ដោយមនុស្សជាច្រើនដែលត្រូវបានស្ទង់មតិ លើកឡើងពីបញ្ហាស្ត្រេស៍ ការខឹងសម្បារ ការហត់នឿយ និងបាត់បង់ដំណេក ខណៈការអានសៀវភៅរឿង និងសៀវភៅផ្សេងៗ ធ្វើឲ្យពួកគេសប្បាយចិត្ត ចេះវាក្យសព្ទច្រើន ចេះបង្កើតថ្មី និងមានសុខភាពផ្លូវកាយ ផ្លូវចិត្ត ជាវិជ្ជមាន៕
© រក្សាសិទ្ធិដោយ thmeythmey.com