ជាតិ
អ្នកដំណើរពីនាវា Westerdam ប្រមាណ៩០០នាក់ទៀត ត្រូវចេញពីកម្ពុជានៅថ្ងៃនេះ អ្នកដំណើរដំបូងដែលចេញពីកម្ពុជាកាលពីថ្ងៃទី១៤ ខែកុម្ភៈ។ រូបថត AFP
× ភ្នំពេញ៖ ភ្ញៀវទេសចរចំនួន៩០៦នាក់ទៀត ដែលបានធ្វើដំណើរមកតាមនាវាទេសចរណ៍អាមេរិក Westerdam ហើយចុះចតនៅកំពង់ផែព្រះសីហនុនឹងបន្តចាកចេញពីកម្ពុជា នៅថ្ងៃទី១៥កុម្ភៈ ក្រោមការសម្រួលពីអាជ្ញាធរកម្ពុជា។ នេះបើតាមលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដោយបានបញ្ជាក់ថា បើគ្មានប្រែប្រួលទេ តាមការគ្រោងទុកភ្ញៀវទេសចរណ៍ជាង៩០០នាក់នោះ នឹងបន្តធ្វើដំណើរតាមយន្តហោះទៅកាន់ប្រទេសរៀងៗខ្លួន។
លោក តាំង សុចិត្រគ្រឹស្នា បានបន្តរៀបរាប់យ៉ាងខ្លីប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទថា អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុបានត្រៀមជើងហោះហើរចំនួន៦ជើង ដើម្បីបញ្ជូនភ្ញៀវទេសចរណ៍ទាំងនោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយបន្តហោះហើរទៅកាន់ ប្រទេសគោលដៅរបស់ភ្ញៀវទេសចរទាំងនោះរៀងៗខ្លួន។ បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុរូបនេះ ក្នុងចំណោមភ្ញៀវទេសចរសរុប១,៤៥៥នាក់ ដែលធ្វើដំណើរតាមនាវាWesterdam ចុះចតនៅខេត្តព្រះសីហនុ បានចាក់ចេញពីកម្ពុជាអស់ជាង១៣០០នាក់ហើយ។ ពោលគឺនៅសល់ភ្ញៀវទេសចរណ៍ត្រឹមជាង១០០នាក់ប៉ុណ្ណោះ ដែលបន្តសា្នក់នៅកម្ពុជា។
លោក តាំង សុចិត្រគ្រឹស្នា បានលើកឡើងដូច្នេះ៖«ថ្ងៃនេះ ភ្ញៀវទេសចរក្នុងនាវា Westerdam នោះ មានជាង៩០០នាក់ទៀតនឹងធ្វើដំណើរចេញពីកម្ពុជា ហើយបើយើងបូកនឹងភ្ញៀវចំនួន៤០៥នាក់ បានដែលចេញពីកម្ពុជា កាលម្សិលមិញ(ថ្ងៃទី១៤កុម្ភៈ) គឺយើងនៅសល់ភ្ញៀវត្រឹមជាង១០០នាក់ទៀតប៉ុណ្ណោះ»។
ជាមួយគ្នានេះផងដែរ លោក សុចិត្រគ្រឹស្នា មិនទាន់ដឹងច្បាស់ថា ភ្ញៀវទេសចរដែលនៅសល់ជាង១០០នាក់ទៀត ដែលធ្វើដំណើរតាមនាវាWesterdam ក្នុងខេត្តព្រះសីហនុនោះ នឹងចាក់ចេញពីកម្ពុជាថ្ងៃទី១៦កុម្ភៈ ឬបន្តស្នាក់នៅ និងដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជានៅឡើយ។
សូមជម្រាបថា នាវាទេសចរណ៍ MS Westerdam របស់ក្រុមហ៊ុន Holland America Line បានមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣កុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានភ្លើងបៃតងពីរដ្ឋាភិបាលកម្ពុជា។ នាវានេះ ផ្ទុកអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកនាវា ៨០២នាក់៕
Tag:
ទេសចរណ៍
Westerdam
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com