ជាតិ
អង្គការ​ទេសចរណ៍ពិភពលោក​ ថា កម្ពុជា​បង្ហាញ​ពី​គំរូ​នៃ​សាមគ្គី​អន្តរជាតិ​សម្រាប់​ប្រទេស​ផ្សេងទៀត​
15, Feb 2020 , 1:25 pm        
រូបភាព
លោក Zurab Pololikashvili (ក្នុងរង្វង់) និងអ្នកដំណើរ Westerdam ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត សែម វណ្ណា
លោក Zurab Pololikashvili (ក្នុងរង្វង់) និងអ្នកដំណើរ Westerdam ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត សែម វណ្ណា
ដោយ: រួបរួម
ការអនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍​អាមេរិក Westerdam ចុះចត​នៅ​កំពុងផែ​ព្រះសីហនុ បានធ្វើ​ឲ្យ​អន្តរជាតិ​មើលឃើញ​ពី​រូបភាព​វិជ្ជមាន​របស់​កម្ពុជា​។ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus និង​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ស្ថិត​ក្នុងចំណោម​ថ្នាក់ដឹកនាំ​ពិភពលោក ដែល​បាន​កោតសរសើរ និង​អរគុណ​ចំពោះ​កាយវិការ​កម្ពុជា​។ ជាមួយគ្នានេះ អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ក៏បាន​លើកឡើង​ពី​គំរូ​ភាព​របស់​កម្ពុជា​សម្រាប់​បណ្តា​ប្រទេស​ផ្សេងទៀត​នៅលើ​ពិភពលោក​ផងដែរ​។​



​ពី​ទីក្រុង​ម៉ា​ឌ្រី​ត ប្រទេស​អេ​ស្ប៉ា​ញ លោក Zurab Pololikashvili បាន​ផ្ញើលិខិត​ទៅកាន់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​លោក​កោតសរសើរ​ចំពោះ​ការឆ្លើយតប​ប្រកបដោយ​មនុស្សធម៌​រប​ស់​កម្ពុជា​ចំពោះ​ស្ថានភាព​ដ៏​លំបាក​របស់​នាវា Westerdam ក្រោយ​បណ្តា​ប្រទេស និង​កោះ រួមមាន ជប៉ុន តៃវ៉ាន់ ហ្គា​ម ហ្វីលីពីន និង​ថៃ បដិសេធ ការ​សំចត ដោយសារ​ព្រួយបារម្ភ​ករណី​ជំងឺ​រលាក​សួត COVID-19​។​

«​យើង​ពិត​ជាមាន​មោទកភាព​ណាស់​ចំពោះ​ការបង្ហាញ​របស់​កម្ពុជា​នូវ​សាមគ្គី​អន្តរជាតិ ដែល​នឹង​លើកទឹកចិត្ត​ដល់​ប្រទេស​ផ្សេងទៀត​ឲ្យ​ធ្វើតាម និង​ផ្តល់នូវ​ការជួយ​គាំទ្រ​ដ៏​ចាំបាច់​ជាច្រើន​នៅពេលណា​ដែលមាន​តម្រូវការ​»​។ លោក Zurab Pololikashvili បាន​សរសេរ​យ៉ាង​ដូច្នេះ​មកកាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។​

​អគ្គនាយក UNWTO បាន​អះអាងថា ស្ថាប័ន​របស់លោក​ដែលជា​ភ្នាក់ងារ​ជំនាញ​របស់​អង្គការសហប្រជាជាតិ តាម​យ៉ាង​ចិត្ត​ទុកដាក់​ចំពោះ​ការវិវត្តន៍​នៃ​ករណី​ជំងឺ COVID-19 តាមរយៈ​កិច្ចប្រជុំ​ជាប់​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​។​

​មនុស្ស​នៅលើ​នាវា Westerdam ដែល​បាន​សំចត​នៅ​ផែ​ព្រះសីហនុ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ​នោះ មាន​២២៥៧​នាក់ ក្នុងនោះ​អ្នកដំណើរ​១៤៥៥​នាក់ មាន​៤១​សញ្ជាតិ និង​បុគ្គលិក​បម្រើ​ការងារ​តាម​ផ្នែក​លើ​នាវា ៨០២​នាក់​។ អ្នកទេសចរ​ដែល​ច្រើនជាងគេ​មាន អាមេរិក​មាន​៦៥១​នាក់ កាណាដា ២៧១​នាក់ អង់គ្លេស ១២៧​នាក់ ហូ​ឡង់​៩១​នាក់ អូស្ត្រាលី​៧៩​នាក់ អាល្លឺម៉ង់​៥៧​នាក់​...​។​

​អ្នកដំណើរ​ទាំងនេះ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា រួមជាមួយ​ស្ថានទូត​ពាក់ព័ន្ធ ជាពិសេស​ទូត​អាមេរិក រៀបចំ​ជូន​ដំណើរ​ទៅកាន់​ប្រទេស​របស់​ពួកគេ​វិញ​ជា​បន្តបន្ទាប់ ចាប់តាំងពី​ថ្ងៃទី​១៤ ខែកុម្ភៈ មក​៕




Tag:
 COVID19
  Westerdam
© រក្សាសិទ្ធិដោយ thmeythmey.com