ONE Championship
កីឡាជាតិ
Alan Mccune៖«​ខុន ស៊ី​ចាន់ ត្រៀមខ្លួន​ប្រកួត​ដើម្បី​តំណាង​កម្ពុជា​»
16, Feb 2020 , 8:29 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​គ្រូបង្វឹក​សញ្ជាតិ​ស្កុ​តឡែ​ន​លោក Alan Mccune អះអាងថា ខុន ស៊ី​ចាន់  ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ឡើង​សង្វៀន​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​លើក​ឆាក​អន្តរជាតិ ហើយ​អ្វីដែល​ត្រូវ​ដុសខាត់​ឲ្យ​កាន់តែ​ប្រសើរឡើង​នោះ​គឺ ការការពារ​ក្បាច់​ចាប់​ឃ្លេ និង ការពារ​អំពី​ក្បាច់​ចូលចាប់​បោក​។ កីឡាករ​គុន​ចម្រុះ ស៊ី​ចាន់ ចាញ់​ឃ្លេ​ក​ពីក្រោយ​របស់​កីឡាករ​ជំនាញ​ចំបាប់​ឥណ្ឌូណេស៊ី Eko Roni Saputra នៅ​ថ្ងៃ​៧ ខែកុម្ភៈ ក្នុង​កម្មវិធី ONE: WARRIOR’S CODE ដែល​រៀបចំ​នៅ​ក្រុង ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី​។​


 
​លោក Alan Mccune  គូ​បញ្ជាក់​បែបនេះ​៖«​យើង​នៅ​ការប្រកួត​៥​លើក​ទៀត​នៅ​ឆ្នាំ ២០២០ នេះ​។ យើង​គ្មានអ្វី​និយាយ​ក្រៅពី​ការ​ខំប្រឹង​នោះឡើយ​។ ខ្ញុំ​នៅតែ​លើកទឹកចិត្ត ខុន ស៊ី​ចាន់ ក្នុងការ​ប្រកួត​តំណាង​កម្ពុជា​នៅ ONE Championship ដែលជា​សង្វៀន​មួយ​។ អ្វីដែល​យើង​ត្រូវ​រៀបចំ គឺ ពង្រឹង​ក្បាច់​ឃ្លេ និង​ការពារ​ការចូលចាប់រ​បស់​គូប្រកួត​ឲ្យ​ប្រសើរឡើង​»​។ 


 
​បែបណា​ក្ដី គ្រូបង្វឹក​ដដែល​បាន​ឲ្យ​ដឹងថា កូនសិស្ស​របស់ខ្លួន​ធ្វើបាន​ល្អ​ជាង​ការប្រកួត​មុនៗ​ក្នុង​ការរើបម្រាស់​ពី​ក្រញាំ​របស់ Eko Roni Saputra ពោល​ប្រើពេល​យូរ​ជាង​កាល​ចាញ់ Rudy Agustian និង Roshan Mainam​។ ទម្រាំ​ចាញ់ Eko Roni កីឡាករ​កម្ពុជា​អាច​ប្រើពេល​រហូតដល់ ៣​នាទី និង ៤៥ វិនាទី​ឯណោះ​។  ដើម្បី​រួមចំណែក​ត្រៀមខ្លួន​លើ​ឆាក​អន្តរជាតិ​ឲ្យ​បានល្អ ខុន ស៊ី​ចាន់ នឹង​បង្កើត​ការប្រកួត​ក្នុងស្រុក​ផងដែរ​ដោយ​រូបគេ​ត្រូវ​ឡើង​ប្រកួត​នៅ​សង្វៀន​ប្រដាល់​ប៉ុស្តិ៍​បាយ័ន​នៅ​ថ្ងៃទី ២១ ខែ កុម្ភៈ ខាងមុខនេះ​។ 
 
​គ្រូបង្វឹក​គុន​ចម្រុះ​ខាងលើ​បាន​សង្កត់ធ្ងន់ថា​៖«​យើង​នឹង​ឆែក​មើល​បន្ថែម​អំពី​ក្បាច់​ចាប់​បោក និង ក្បាច់​ការពារ​ដោះ​ឃ្លេ​ពី​គូបដិបក្ខ​។ យើង​ធ្វើ​ការងារ​ខ្លាំង​រឿង​ឲ្យ ស៊ី​ចាន់ គេច​ផុតពី​ក្បាច់​ឃ្លេ​សម្លាប់ ជាពិសេស​ក្បាច់​ឃ្លេ​ក​តែម្ដង​។ ស៊ី​ចាន់ នៅ​ឆ្ងាយ​បន្តិច ឯ​ឧ​ត្ត​រ​មានជ័យ​ជាមួយ​ប្រពន្ធ​កូន​។ យ៉ាងណា​យើង​នឹង​រក​វិធី​ឲ្យ​ល្អ​ដើម្បី​ឲ្យ​រូបគេ​មាន​កម្លាំង​ស៊ុ​ហ្វ​ល្អ​ដោយ​ឡើង​ប្រកួត​ញឹកញាប់​នៅ​សង្វៀន​ក្នុងស្រុក​មុន​ទៅ​ប្រកួត​អន្តរជាតិ​»​។ 
 
​កម្ពុជា​មិនសូវ​សម្បូរ​កីឡាករ​គុន​ចម្រុះ​នោះឡើយ​ដូច​ស្ថានភាព​ជាក់ស្ដែង​។ ក្រៅពី ចាន់ រតនា មានតែ ខុន ស៊ីន​ចាន់ ទេ​ដែលមាន​សកម្មភាព​ច្រើន​ក្នុង​វិស័យ​គុន​ចម្រុះ​។ នាពេល​កន្លងទៅ ONE Championship ក៏បាន​ទាក់ទង មាស ម៉ើ​,​នៅ ស្រី​ពៅ​, វី ស្រី​ខួច​, ឡុង សុ​ភី​, ចាន់ សំអាត​, សរ សី និង សឹម ប៊ុន​ស្រ៊ន់ ជាដើម​ដើម្បី​ទៅ​ប្រកួត​។ ប៉ុន្តែ​មួយរយៈ​នេះ​ហាក់​ស្ងាត់​ការហ្វឹកហាត់ MMA ហើយ អ្នកខ្លះ​ទៀត​ដូច សរ សី និង ស៊ឹម ប៊ុន​ស្រ៊ន់ សុទ្ធតែ​លែង​ប្រឡូក​នៅលើ​សង្វៀន ស្របពេល មាស ម៉ើ របួស​ជង្គង់​ត្រូវ​វះកាត់​។ បើ​និយាយ​អំពី​ការហ្វឹកហាត់​ទៅ​ប្រកួត ឬ ហ្វឹកហាត់​ត្រៀម​ទៅ​ប្រកួត មិនមាន​អ្នកណា​ហាត់​បាន​ច្រើន​ជាមួយ​គ្រូ​ល្អ​កម្រិត​អន្តរជាតិ​ដូច ចាន់ រតនា និង ខុន ស៊ី​ចាន់ នេះឡើយ​។ 


 
​ខុន ស៊ី​ចាន់ ជា​អ្នកលេង​គុន​ចម្រុះ​ដ៏​ល្អ​ម្នាក់​នៅក្នុង​ប្រទេស ហើយ​រូបគេ​ម្ចាស់​ខ្សែក្រវាត់​វាយ​គុន​ចម្រុះ​ដាក់​ទ្រុង ឬ  Khmer Warrior Challenge  វគ្គ​ទី​១ ឆ្នាំ ២០១៣​។ សរុប​លទ្ធផល ៩ លើក​នៅ​សង្វៀន​គុន​ចម្រុះ គឺ ឈ្នះ ៣ ដង និង ចាញ់ ៦​ដង​។ ចំណែក ៣ លើកចុងក្រោយ​នៅ​សង្វៀន ONE Championship ខុន ស៊ី​ចាន់ ចាញ់ Rudy Agustian កាល​ខែកុម្ភៈ ឆ្នាំ ២០១៩ និង ចាញ់​កីឡាករ​ជំនាញ​ចំបាប់​មកពី​ឥណ្ឌា Roshan Mainam កាល​ខែវិច្ឆិកា ឆ្នាំ ២០១៩ មុន ចាញ់​កីឡាករ​ជម្រើសជាតិ​ចំបាប់ ឥណ្ឌូណេស៊ី Eko Roni Saputra នៅ​ទឹក​ទី​១ ដូចគ្នា​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា​ការប្រកួត​ក្នុង​កម្មវិធី ONE:KING OF THE JUNGLE  នៅ​សុ​ក្រទី ២៨  ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​នៅ ប្រទេស​សិង្ហ​បុរី ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com