អន្តរជាតិ
COVID-19៖ ប្រមុខ​ការទូត​ចិន ថា ពេល​លំបាក នឹង​ស្គាល់​មិត្ត​ពិតប្រាកដ​
15, Feb 2020 , 7:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ក្នុងកិច្ចសម្ភាសនៅអាល្លឺម៉ង់។ រូបភាពពី Twitter អ្នកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ក្នុងកិច្ចសម្ភាសនៅអាល្លឺម៉ង់។ រូបភាពពី Twitter អ្នកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន
​ចិន​ជា​មាស​សុទ្ធ ដុត​ដោយ​ភ្លើង​នៃ​ជំងឺ COVID-19 ។ នេះ​ជា​សម្ដី​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី ក្នុង​កិច្ច​សម្ភាស​មួយ​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​បែរ​ឡាំង ទឹកដី​អាល្លឺម៉ង់​។ បើតាម​ប្រមុខ​ការទូត​រូបនេះ ចិន នឹងមិន​ថយក្រោយ​ដោយសារ COVID-19 ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ឡើយ ហើយនឹង​បន្ត​រីកចម្រើន​ថែមទៀត​។ អំឡុងពេល​លំបាក​នេះ លោក វ៉ាង ក៏​អះអាងថា ចិន​នឹង​មើលឃើញ​មិត្តភក្តិ​ពិតប្រាកដ​របស់ខ្លួន​ផងដែរ​។​

 
​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​ទឹកដី​អាល្លឺម៉ង់ រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី បាន​ឆ្លៀត​ផ្ដល់​កិច្ច​សម្ភាស​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​បានលើកឡើង​ពី​ការប្រឹងប្រែង​របស់​ចិន​ក្នុងការ​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺ COVID-19 ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​។ លោក វ៉ាង ក៏​និយាយ​ដល់​មិត្តភាព​រវាង​ចិន និង​ប្រទេស​នានា​អំឡុង​ពេលដែល​លោក​ហៅថា កាលៈទេសៈ​លំបាក​។​
 
«​ពេល​លំបាក បង្ហាញ​មិត្តភាព​ពិត​។ មិត្តភាព និង​ការទុកចិត្ត​របស់​យើង​ជាមួយ​ប្រទេស​ដទៃ នឹង​កាន់តែ​រឹងមាំ និង​កាន់តែ​ខ្លាំងក្លា​។​» នេះ​ជា​សំណេរ​លើ​បណ្ដាញ​សង្គម​របស់​អ្នកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ដែល​ស្រង់​សម្ដី​លោក​រដ្ឋមន្ត្រីការបរទេស​ក្នុង​កិច្ច​សម្ភាស​នៅ​រដ្ឋធានី​បែរ​ឡាំង​។ ​លោក វ៉ាង ក៏បាន​ប្រដូច​ចិន​នឹង​មាស​សុទ្ធ និង COVID-19 ជា​ភ្លើង​។ មាស​ដែល​ឆ្លងកាត់​ភ្លើង នឹង​កាន់តែខ្លាំង​។

ក្នុងន័យនេះ ប្រមុខ​ការទូត​ចិន​អះអាងថា សេដ្ឋកិច្ច​ចិន នឹង​កាន់​តែមាន​ស្ថិរភាព ហើយ​បន្ត​និរន្តរភាព​ទៅមុខទៀត​។ លោក​បន្តថា ចិន​កំពុង​ប្រជែង​នឹង​ពេលវេលា​ដើម្បី​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ទាំងអស់ និង​បញ្ឈប់​ការ​រាតត្បាត​របស់​វា​ផងដែរ​។ សម្រាប់​លោក វ៉ាង ការលះបង់​របស់​ចិន ទទួលបាន​ការសរសើ​រ​ច្រើន​ពី​សហគមន៍​អន្តរជាតិ​។​ ​បើតាម​ក្រសួងការបរទេស​ចិន រដ្ឋាភិបាល​ប្រទេស​ចំនួន​៣៣ និង​អង្គការ​អន្តរជាតិ​ចំនួន​៤ បានផ្ដល់​ជំនួយ​សម្ភារ​វេជ្ជសាស្ត្រ​ឲ្យ​ចិន​។

កម្ពុជា ក៏​ស្ថិត​ក្នុងចំណោម​ប្រទេស​ទាំង​៣៣ នេះដែរ ព្រម​គ្នា​នឹង​បារាំង អង់គ្លេស អាល្លឺម៉ង់ អាមេរិក និង​សម្ពន្ធ​យោធា​ណា​តូ​ជាដើម​។ លើសពីនោះ ប្រទេស​មួយចំនួនទៀត​ដូចជា កូរ៉េខាងជើង មី​យ៉ាន់​ម៉ា ម៉ា​ល់​ឌី​វ ស៊ី​លី ដា​ណឺ​ម៉ាក និង​ម៉ុង​ហ្គោ​លី​ជាដើម បាន​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ និង​ការគាំទ្រ​ផ្សេងទៀត​។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ អះអាងថា មកទល់ពេលនេះ ចិន​ពឹង​ផ្អែកលើ​ខ្លួន​ទាំងស្រុង​ដើម្បី​ដោះស្រាយ​បញ្ហា COVID-19 នេះ​។

យ៉ាងណាមិញ ចិន​ក៏​ស្វាគមន៍ និង​អរគុណ​សហគមន៍​អន្តរជាតិ ពិសេស​ប្រទេស​កំពុង​អភិវឌ្ឍ​សម្រាប់​ការគាំទ្រ​ស្មោះសរ និង​ជំនួយ​ជា​មិត្តភាព​៕

Tag:
 ចិន​
  COVID-19
  វ៉ាង យី​
© រក្សាសិទ្ធិដោយ thmeythmey.com