ជាតិ
បទសម្ភាសន៍
ជំនាញ​ចុងភៅ​ទទួលបាន​ប្រាក់ខែ​ខ្ពស់ តែ​យុវជន​កម្ពុជា​បែរជា​មើលរំលង​
15, Feb 2020 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ឡុង ប៊ុន​ហោ ប្រធាន​សមាគម​ចុងភៅ​កម្ពុជា ដែលជា​សមាជិក​របស់​សមាគម​ចុងភៅ​ពិភពលោក បាន​អះអាងថា បច្ចុប្បន្ន កម្ពុជា​កំពុងតែ​ខ្វះ​ចុងភៅ​ដែលមាន​ជំនាញ ស្របពេល​ភ្ញៀវទេសចរ​បរទេស បាន​សម្រុក​ចូលមក​ក​ម្ពុ​ជា មាន​កើន​ឡើងជា​រៀងរាល់ឆ្នាំ​។ តើ​ហេតុអ្វី​យុវជន​ខ្មែរ​បែរជា​មិន​ចាប់អារម្មណ៍​ជំនាញ​ចុងភៅ បើទោះបី​ជំនាញ​នេះ​មាន​ប្រាក់ខែ​ខ្ពស់ និង​សម្បូរ​ការងារ​ធ្វើ​?



​សូម​ស្តាប់​បទ​សម្ភាស​រវាង​លោក រ៉ឹ​ម ភា​រី អ្នកសារព័ត៌មាន​នៅ​គេហទំព័រ​ថ្មីៗ​ជាមួយ​លោក ឡុង ប៊ុន​ហោ ដូចតទៅ​៖
 

ជំនាញ​ចុងភៅ​នៅ​កម្ពុជា កំពុង​តែមាន​ទីផ្សារ​ខ្ពស់ ស្របពេល​មាន​កំណើន​ភ្ញៀវទេសចរ​បរទេស​ដ៏​សម្បើម​ចូលមក​កម្ពុជា​ជា​រៀងរាល់ឆ្នាំ​។ សម្រាប់​ឆ្នាំ​២០១៩​កន្លងទៅ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង​៦​លាន​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងទេសចរណ៍​។ កំណើន​អ្នកទេសចរ​បរទេស​នេះហើយ បានធ្វើ​ឲ្យ​វិស័យ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​រមណីយដ្ឋាន​ថ្មីៗ បាន​កើន​ជា​បន្តបន្ទាប់ ប៉ុន្តែ បែរជា​ខ្វះខាត​ចុងភៅ​ជំនាញ ដែលជា​កត្តា​ស្នូល​មួយ​នៅក្នុង​ទាក់ទាញ​ភ្ញៀវទេសចរ​។ 


 
​លោក ឡុង ប៊ុន​ហោ ប្រធាន​សមាគម​ចុងភៅ​កម្ពុជា ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប បាន​អះអាងថា ប៉ុន្មាន​ឆ្នាំ​មកនេះ អាជីព​ចុងភៅ បាន​នឹង​កំពុង​តែមាន​តម្រូវ​ច្រើន តែ​បែរជា​មិនសូវមាន​យុវជន​ចាប់អារម្មណ៍​រៀនសូត្រ​ជំនាញ​នេះ​ទៅវិញ​។ 
 
​លោក​បាន​ពន្យល់​ពី​មូលហេតុ​យ៉ាង​ដូច្នេះ​៖ «​នៅក្នុង​ប្រទេស​កម្ពុជា អត់​មាន​សាកលវិទ្យាល័យ​បង្រៀន​ចុងភៅ​នោះទេ តែ​យើង​មាន​សាលាបង្រៀន​វគ្គ​ខ្លីៗ​។ ចុងភៅ​ខ្មែរ​ភាគច្រើន ចេះ​តាម​បទពិសោធ​នៅពេល​ពួកគាត់​បាន​ចូលធ្វើការ មានន័យថា ចេះ​តាម​គ្នា​។ មូលហេតុ គឺ​មិនសូវមាន​ការផ្សព្វផ្សាយ​ផង ហើយ​ឪពុកម្តាយ​ខ្លះ មាន​ផ្នត់គំនិត​ថា ការងារ​ចុងភៅ ហត់នឿយ និង​ធ្វើ​ការងារ​ច្រើន ហើយ​គាត់​ប្រៀបធៀប​ចុងភៅ​ថា មិន​ដល់​ការងារ​ជំនាញ​ស្ថាបត្យកម្ម ឬ វេជ្ជបណ្ឌិត ទើប​គាត់​មិន​ឲ្យ​កូន​មក​រៀន​ជំនាញ​នេះ​។ តែ​នេះ​គ្រាន់តែ​ជា​គិត​របស់គាត់ តាមពិត​ការងារ​ចុងភៅ​នៅ​កន្លែង​ធំៗ គេ​ធ្វើការ​មាន​ម៉ោង​ត្រឹមត្រូវ និង​មានការ​ស្លៀកពាក់​ឯកសណ្ឋាន​ស្អាត​មិន​ខុសពី​ការងារ​ផ្សេង​ទេ​»​។​


 
​បើតាម លោក ឡុង ប៊ុន​ហោ ក្រៅពី​សម្បូរ​ការងារ​ធ្វើ ជំនាញ​ចុងភៅ​ទទួលបាន​ប្រាក់ខែ​ខ្ពស់ជាង​ជំនាញ​មួយចំនួន​ផងដែរ​។ លោក​អះអាងថា មេ​ចុងភៅ​នៅ​សណ្ឋាគារ​ផ្កាយ​ប្រាំ ឬ​រមណីយដ្ឋាន​ធំៗ ពួកគេ​ទទួលបាន​ប្រាក់ខែ​ចាប់ពី​២​ពាន់​ដុល្លារ​ឡើងទៅ ខណៈដែល​ចុងភៅ​ខ្មែរ​ដែលមាន​ជំនាញ​ច្បាស់លាស់ និង​ចេះ​ភាសាបរទេស ពួកគេ​មួយចំនួន ក៏បាន​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ទៀតផង​។ 


 
​លោក​ពន្យល់​ពី​គុណ​តម្លៃ​នៃ​ជំនាញ​ចុងភៅ​យ៉ាង​ដូច្នេះ​៖ «​ចុងភៅ​ប្រៀបបាន​នឹង​វេជ្ជបណ្ឌិត​ដូចគ្នា​។ វេជ្ជបណ្ឌិត គាត់​ព្យាបាល​អ្នកជំងឺ តែ​ចុងភៅ​ធ្វើ​ម្ហូប​ឲ្យ​អ្នក​ហូប​កុំ​ឲ្យ​ឈឺ​។ ចំណុច​ហ្នឹង គឺ​ល្អ​មែនទែន​។ នៅ​ប្រទេស​គេ​ដែល​ខ្ញុំ​ធ្លាប់​ទៅ ដូចជា ថៃ ចិន ថៃ ម៉ាឡេស៊ី ពួកគាត់​មាន​សាលា​បច្ចេកទេស​របស់គាត់​។ ដូច្នេះ ចុងភៅ​គេ​មាន​របៀបរបប មាន​លំដាប់ថ្នាក់​ល្អៗ​។ ចុងភៅ​ត្រូវ​ចេះ​ឌី​ស្សាញ​ចាន ឌី​ស្សាញ​ម្ហូប​ខ្លួនឯង ថា​ត្រូវដាក់​យ៉ាងម៉េច​ឲ្យ​ស្អាត​ឲ្យ​ល្អ​។ ម្ហូប​ជា​សិល្បៈ​មួយ​ដែរ​»​។ 
 
​ប្រធាន​សមាគម​ចុងភៅ​កម្ពុជា​រូបនេះ បានស្នើ​យុវជន ឬ​និស្សិត កុំ​មើលរំលង​ការងារ​ចុងភៅ ព្រោះ​ជា​ជំនាញ​មួយ​ដែល​សម្បូរ​ការងារ និង​មាន​ប្រាក់ខែ​ខ្ពស់ ព្រមទាំង​ជា​ជំនាញ​មួយ ដែល​អាច​ស្រូប​ទាញ​ភ្ញៀវទេសចរ​ឲ្យ​ចូលមក​កម្ពុជា​បាន​កាន់តែច្រើន​ថែមទៀត​៕    
 

Tag:
 ចុងភៅ​
 ​ទេសចរណ៍​
 ​យុវជន​
© រក្សាសិទ្ធិដោយ thmeythmey.com