ជាតិ
លោក ម៉ៅ ភិ​រុណ​៖ តាខ្មៅ​នឹង​កាន់តែ​ស្អាត​ដើម្បី​ឲ្យ​សក្តិ​សមជា​ជ័យលាភី​ក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន
15, Feb 2020 , 3:23 pm        
រូបភាព
​ភ្នំពេញ​៖ អាជ្ញាធរ​ខេត្តកណ្តាល ជាពិសេស​ក្រុង​តាខ្មៅ បានធ្វើ​ពិធី​ដង្ហែ​ពានរង្វាន់​ជ័យលាភី​ទីក្រុង​ស្អាត នា​ថ្ងៃទី​១៥ ខែកុម្ភៈ បន្ទាប់ពី​បានជា​ប់​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​២ នៅ​ទីក្រុង​ដា​ស៊ែ​រី​បេ​ហ្កា​វ៉ាន់ ប្រទេស​ព្រុយ​ណា កាលពី​ខែមករា កន្លងទៅ ។ ពិធី​នេះ​មាន​អ្នកចូលរួម​ប្រមាណ​៣​ពាន់​នាក់​។

 
​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា នេះ​ជា​មោទកភាព​មួយ​សម្រាប់​ប្រជាជន​ខេត្តកណ្ដាល​ដែល​ទទួលបាន​ជ័យ​លោ​ភី​ទីក្រុង​ស្អាត​។ លោក​ម៉ៅ ភិ​រុណ បាន​បន្តថា លោក​នឹង​ប្រែក្លាយ​ពី​ជ័យលាភី​នេះ ទៅជា​សកម្មភាព​អភិវឌ្ឍន៍ និង​ឲ្យ​កាន់តែ​ស្រស់ស្អាត​ជាង​មុន​។  


 
​ការរៀបចំ​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវ​គម​នាគ​ន៍​សំខាន់ៗ​ក្នុង​ក្រុង ការរៀបចំ​បណ្ដាញ​រំដោះ​ទឹក​ក្នុង​ក្រុង ការរៀបចំ​សួន​កុមារ​-​មនុស្ស​ចាស់ ការរៀប​ចំណត​យានយន្ត កា​ប៉ាល​កាណូត និង​ការរៀបចំ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។ ជា​កត្តា​ធ្វើ​ឲ្យ​ក្រុង​តាខ្មៅ​ទទួលបាន​ជ័យលាភី​ទីក្រុង​ស្អាត​អាស៊ាន​លើក​ទី​២ ។ 


 
​គួរ​បញ្ជក់​ថា កម្ពុជា​បានដាក់​បេក្ខភាព​ទីក្រុង​-​ខណ្ឌ​ចំនួន​៦ ដើម្បី​ចូលរួម​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​២ នៅ​ប្រទេស​ព្រុយ​ណេ ឆ្នាំ​២០២០ រួមមាន ក្រុង​ដូនពេញ ក្រុង​កំពត ក្រុង​តាខ្មៅ ក្រុង​កំពង់ចាម​, ក្រុង​ពោធិ៍សាត់ និង​ក្រុង​កំពង់ឆ្នាំង​។ ទីក្រុង​ឆ្នើម​ទទួលបាន​ជ័យលាភី​ទាំង​៣​រួមមាន ក្រុង​តាខ្មៅ ក្រុង​ដូនពេញ និង​ក្រុង​កំពត​៕


 
​ប្រភព​រូបថត​៖ រដ្ឋបាល​ខេត្តកណ្តាល​
 

Tag:
 កណ្តាល​
  ទីក្រុង​ស្អាត​
 ​អាស៊ាន​
  ក្រុង​តាខ្មៅ
© រក្សាសិទ្ធិដោយ thmeythmey.com