ជាតិ
តើ អ្នកណា​ជា​អ្នកបង្កើត «Emoji»​ឡើង​?
16, Feb 2020 , 9:29 am        
រូបភាព
​ការសន្ទនា​មិនត្រូវ​បាន​គេ​សង្កត់ធ្ងន់​ទៅលើ​ការនិយាយ​តែមួយ​មុខ​ឡើយ​។ ការសន្ទនា​គឺជា​ការផ្តល់ និង​ទទួល​ទិន្នន័យ​ពីគ្នា​ទៅវិញទៅមក ក្នុង​សភាព​ជា​កាយវិការ ពន្លឺ សម្លេង ចរន្ត កម្លាំង  ឬ​រលក​អេ​ឡិច​ត្រូ​ម៉ាញេ​ទិច​ជាដើម​។ ក្នុងចំណោម​នោះ​មានការ​ប្រើប្រាស់ Emoji ផងដែរ​។ ជាមួយនឹង​ភាពងាយស្រួល​ប្រើប្រាស់ ងាយស្រួល​យល់ និង​ទូលំទូលាយ​មួយ​នេះ តើន​រណា​គេ​ជា​អ្នកមាន​គំនិត​បង្កើត​វា​ឡើង​? ហើយ​តាំងពី​ពេលណា​មក​? តើ​ពាក្យ​«Emoji»​មានន័យ​ដូចម្តេច​?

 
​នៅក្នុង​ការប្រាស្រ័យ​ទាក់ទង​របស់​មនុស្ស ក្រៅពី​ការនិយាយ និង​ការអាន ភាសា​នៃ​សញ្ញា​គឺជា​អ្វីមួយ​ដែល​សំខាន់ ជាពិសេស​គឺ​សញ្ញា​ជា​រូបភាព ដែល​បង្ហាញ​ពីអ្វី​មួយ​ដែល​មនុស្ស​ភាគច្រើន​អាច​ចាប់យក​ន័យ​រួមជាមួយ​គ្នា​មួយ​បាន​។ ពណ៌ ទំហំ រូបរាង​សុទ្ធសឹងតែ​មានន័យ​បង្កប់​ដែល​បកស្រាយ​អំពី​អ្វីមួយ ទោះបី​វា​គ្មាន​សម្លេង ឬ​តួរ​អក្សរ​ក្តី​។ 
 
​សម្រាប់​អ្នក​ដែល​កំពុង​រស់នៅ​ក្នុងសម័យ​ឌីជីថល​មួយ​នេះ «Emoji» ត្រូវបាន​គេ​ប្រើប្រាស់​វា​ជាមួយនឹង​អក្សរ ឬ​ប្រើ​វា​តែឯង​តែម្តង​ដើម្បី​សម្រួល​ដល់​ការសន្ទនា​។ 
 
​នៅមុន​ឆ្នាំ​២០០០ ការសន្ទនា​តាម​សារ​ភាគច្រើន​ត្រូវបាន​គេ​សរសេរ​វែង ដើម្បី​ពន្យល់​ពី​អារម្មណ៍ ឬ​ន័យ​អ្វីមួយ​តាមរយៈ​អក្សរ ហើយ​នេះ​មិនមែនជា​រឿង​ងាយស្រួល​ប៉ុ​ន្ម​នា​នោះទេ ពីព្រោះថា​ការអាន​សារ​ពេលខ្លះ​អាចធ្វើ​ឲ្យ​អ្នកអាន​អាចមាន​ការភាន់ច្រឡំ​អំពី​អារម្មណ៍​របស់​អ្នកសរសេរ​។ នេះ​គឺ​ដោយសារតែ​ការសន្ទនា​ទាមទារ​កាយវិការ ទឹកមុខ និង​កម្រិត​នៃ​សម្លេង ជៀស​ជាង​តែ​តួរ​អក្សរ​មួយ​ជួរ​ដែល​អ្នកអាន​នៅលើ​កញ្ចក់​អេក្រង់​កុំព្យូទ័រ​។ មួយវិញទៀត មុន​ឆ្នាំ​២០០០ ប្រព័ន្ធ​សារ​មិនអាច​ឲ្យ​អ្នក​ផ្ងើ​សារបាន​ច្រើន​តួរ​ប៉ុន្មាន​នោះទេ​។ 
 
​ហេតុនេះហើយ ទើប​ជនជាតិ​ជប៉ុន​មួយរូប​លោក Shigetaka Kurita បាន​រិះរក​គំនិត​ក្នុង​ការបង្កើត​រូបភាព​សន្ទនា​មួយ​ឡើង​នៅក្នុង​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​អ្នកប្រើប្រាស់​ទូទៅ​នៅក្នុង​ឆ្នាំ​១៩៩៨​។ 
 
​លោក Shigetaka ដែលជា​បុគ្គលិក​ម្នាក់​នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​មួយ​នៅ​ប្រទេស​ជប៉ុន NTT DoCoMo បាន​បង្កើត Emoji ដំបូង​ចំនួន​១៧៦​ប្រភេទ​ដែល​បង្ហាញ​ពី​អារម្មណ៍ អាហារ ភេសជ្ជៈ ឬ​អាកាសធាតុ​ជាដើម ដែលមាន​ទំហំ ១២​ភិ​ច​សែ​ល គុណ​នឹង​១២​ភិ​ច​សែ​ល​។ ពាក្យ Emoji កើតចេញពី​ពាក្យ «e»​ដែល​មានន័យថា​«​រូបភាព​» និង​«moji»​ដែល​មានន័យថា​«​ចរិត​»​ឬ​«​តួរ​អង្គ​»​។ Emoji និង Emoticon ខុសគ្នា​ត្រង់​ថា Emoji ប្រើប្រាស់​រូបភាព​មួយ​តែម្តង​។ ចំណែកឯ Emoticon ប្រើប្រាស់​សញ្ញា​ពីរ ទៅ​បី​ជាមួយគ្នា​ក្នុងការ​បង្កើតជា​រូបភាព​មួយ​ដូចជា « :)  :( ឬ -_- »​ជាដើម​។​
 
 ភាសា​រូបភាព​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​ពេញនិយម​នៅក្នុង​ប្រទេស​ជប៉ុន និង​ក្នុង​ចុងឆ្នាំ​២០០០ វា​ត្រូវបាន​គេ​យកមកអនុវត្ត​នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Andriod ។ មក​ត្រឹម​ឆ្នាំ​អំឡុង​ឆ្នាំ​២០១០ Emoji ត្រូវបាន​គេ​បញ្ចូល​ជា​ភាសា​ស្តង់ដារ​មួយ​នៅក្នុង​ស្ថាប័ន Unicode អន្តរជាតិ ដែល​ត្រូវបាន​គេ​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ តាម​បណ្តា​បណ្តាញ​សង្គម​ជាច្រើន​ថែមទៀត​៕
 

Tag:
 ​ចំណេះដឹង​ទូទៅ
© រក្សាសិទ្ធិដោយ thmeythmey.com