ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ពេ​ជ លី​សាយ ផលិត​ភេសជ្ជៈ​ធម្មជាតិ​ដោយ​ដៃ ឈានទៅ​ប្រកួតប្រជែង​ទីផ្សារ​កាហ្វេ​ម៉ាក​ល្បីៗ​
16, Feb 2020 , 9:59 am        
រូបភាព
លោក ពេជ លីសាយ កំពុង​ឈរ​នៅ​កន្លែង​ផលិត​ទឹក​សណ្ដែក​របស់​ខ្លួន
លោក ពេជ លីសាយ កំពុង​ឈរ​នៅ​កន្លែង​ផលិត​ទឹក​សណ្ដែក​របស់​ខ្លួន
ភ្នំពេញ​៖ ក្រោយពី​ទទួលបាន​បទពិសោធ​បរាជ័យ​អស់​ជាច្រើនលើក លោក ពេ​ជ លី​សាយ មានការ​ប្ដេជ្ញា​ខ្ពស់ ក្នុងការ​ធ្វើឱ្យ​ផលិតផល​ភេសជ្ជៈ​ច្នៃ​ពី​គ្រាប់​ធញ្ញជាតិ​និង​បន្ថែ ដែលជា​ផលិតផល​ខ្មែរ អាច​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ការ​ហ្វេ​ប្រេន​បាន​។ តាម​គម្រោង ភេសជ្ជៈ​ច្នៃ​ពី​គ្រាប់​ធញ្ញជាតិ​និង​បន្ថែ ដែលមាន​៦​ប្រភេទ អាច​នឹង​បង្ហាញ​វត្តមាន​នៅក្នុង​ហាង មាន​ម៉ាស៊ីនត្រជាក់ និង​កន្លែង​សម្រាប់​ពិភាក្សា​ការសិក្សា និង​ការងារ នៅ​អំឡុង​ប្រមាណ​ជា​៦​ខែ​ខាងមុខ បន្ថែម​លើ​គុណភាព​រស់ជាតិ​ដើម​នោះ​។​



​ដើម្បី​ជ្រាប​ច្បាស់ តទៅ​នេះ​សូម​ប្រិយមិត្ត​អញ្ជើញ​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដោយ​សោមនស្ស​រីករាយ​៖


 
 
“​ទឹក​សណ្ដែក​ធម្មជាតិ​ម៉ែ​” គឺជា​ឈ្មោះ​យីហោ​ផលិតផល​ភេសជ្ជៈ ផលិត​ចេញពី​គ្រាប់​ធញ្ញជាតិ និង​បន្ថែ​ដូចជា​គ្រាប់សណ្ដែក គ្រាប់ពោត គ្រាប់​ជី និង​ផ្លែ​ល្ពៅ ជាដើម ដែលជា​ផលិតផល​ខ្មែរ​។ មាន​វ័យ​៣៩​ឆ្នាំ លោក ពេ​ជ លី​សាយ ដែល​កំពុង​អង្គុយ​នៅក្នុង​ផ្ទះល្វែង​ជាន់​ផ្ទាល់​ដី បាន​ប្រាប់​ពី​គម្រោង​ដើម្បី​ធ្វើឱ្យ​ផលិតផល​របស់ខ្លួន អាច​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​កាហ្វេ​ម៉ាក​ល្បី​បាន​៖«​ឆន្ទៈ​របស់​ក្រុម ដែល​ខ្ញុំ​ជា​អ្នកដឹកនាំ យើង​ប្ដេជ្ញា​ថា​នឹងធ្វើ​ឱ្យមាន​ការផ្លាស់​ប្ដួ​រ​នៅ​អំឡុង​៦​ខែ​ទៀត​។ អាច​ថា​យើង​នឹង​បំបែក​សាខា ឬក៏​ទៅជា​ការ​បើកហាង​មាន​ម៉ាស៊ីនត្រជាក់ មាន​កន្លែង​ឱ្យ​សិស្ស​រៀន ដូច​លក្ខណៈ​ក្នុង​ហាង​កាហ្វេ​អ៊ីចឹង​។ ពិសេស​បំផុត​ក្នុង​គោលដៅ​នេះ ខ្ញុំ​នឹង​ថែម​ផលិតផល​មួយទៀត គឺ​ទឹក​សណ្ដែក​ក្រឡុក​ហ្វ្រេ​ប​។ ផលិតផល​នេះ​មិនទាន់មាន​ទេ ហើយ​ផលិតផល​នេះដែរ ខ្ញុំ​បានធ្វើ​វា​សាកល្បង​រួចហើយ គ្រាន់តែ​វា​ត្រូវ​ការចាយ​ដើមទុន​ធំ និង​ត្រូវការ​អ្នក​ប្រាកដប្រជា​ខ្លាំង​»​។ 

  លោក ពេជ លីសាយ កំពុង​បិទ​ផ្លាក​យីហោ​លើ​ដប​ភេសជ្ជៈ ជា​មួយ​កូន​ស្រី 

​បុរស​កូន​មួយរូប​នេះ ប្រាប់​ពី​វត្ថុធាតុដើម​ខ្លះៗ ក្នុង​ការយកមក​ផលិត​ភេសជ្ជៈ​ធម្មជាតិ​របស់ខ្លួន​៖«​ផលិតផល​របស់ខ្ញុំ​មាន​៥​មុខ​គឺ ទឹក​សណ្ដែក​ស​ធ្វើ​ពី​សណ្ដែកសៀង ទឹក​សណ្ដែកខៀវ​ធ្វើ​ពី​សណ្ដែកបាយ ទឹក​សំរង​គ្រាប់​ជី ទឹក​ល្ពៅ ហើយនឹង​ទឹក​ពោត​។ ចំពោះ​ទឹក​សណ្ដែក​ពណ៌​ស តម្លៃ​លក់​ចេញ​២,០០០​រៀល ទឹក​សណ្ដែកខៀវ​២,៥០០​រៀល ទឹក​ល្ពៅ​២,០០០​រៀល ទឹក​សំរង​គ្រាប់​ជី ២,០០០​រៀល ចំពោះ​ទឹក​ពោត​តម្លៃ​៤,០០០​រៀល វា​ថ្លៃ​ជាងគេ​បន្តិច​ព្រោះ​ផលិតផល​នេះ​វា​ថ្មី​ក្នុង​ទីផ្សារ​»​។​
 
​ចំពោះ​ផលិតកម្ម​ប្រចាំថ្ងៃ ភេសជ្ជៈ​ទាំងនេះ​ផលិត​តែ​៤​មុខតែ​ប៉ុណ្ណោះ​៖«​បើសិនជា​មិនមាន​ការបញ្ជាទិញ​បន្ថែម មានន័យថា​យើង​លក់​តាម​ធម្មតា ក្នុង​មួយថ្ងៃ​យើង​ផលិត​ពី​២០០​ទៅ​៣០០​ដប​។ ប្រចាំថ្ងៃ​យើង​មានទឹក​សណ្ដែក​ស ទឹក​សណ្ដែកខៀវ ទឹក​សំរង​គ្រាប់​ជី និង​ទឹក​ល្ពៅ​។ សម្រាប់​ទឹក​ពោត​មិនមាន​ទេ ព្រោះ​យើង​ធ្វើ​ទឹក​ពោត​ពិសេស ថ្លៃដើម​វា​ខ្ពស់ ដូច្នេះ​ទាល់​តែមាន​ការបញ្ជាទិញ ក្នុង​ចំនួន​ណាមួយ​ទើប​យើង​ធ្វើ​ជូន​គាត់​»​។ 

 សណ្ដែក​ដែល​ជា​វត្ថុ​ធាតុ​ដើម​​​យក​មកធ្វើ​ជា​ទឹក​សណ្ដែក​ 

​ដោយសារតែ​ទឹក​ពោត ត្រូវ​ចំណាយ​ថ្លៃដើម​ខ្ពស់ ដូច្នោះ​ហើយ​លុះត្រា​ណា​មាន​ការបញ្ជាទិញ ក្នុង​ចំនួន​ច្រើន ទើប​អាច​ផលិត​ទៅបាន​៖«​យើង​មាន​ផ្លាក​បិទ ប្រសិនបើ​គេ​សួររក​យើង​យក​លេខ​របស់គាត់​មក ហើយ​យើង​ហៅ​ទៅកាន់​គាត់​។ បើ​គាត់​ត្រូវការ​ក្នុង​បរិមាណ​ណាមួយ ឬ​ម្នាក់​ត្រូវការ​៥​ដប ហើយ​បើ​បាន​៤​ទៅ​៥​នាក់ យើង​អាច​ប្រមូល​ម្ដង​ធ្វើឱ្យ​គាត់​បាន​។ កន្លងមក​យើង​ធ្វើបែបនេះ​។ ប៉ុន្តែ​បើ​គេ​មិនទាន់​ពេញនិយម ឬ​មិនទាន់​ស្គាល់​ទេ គឺ​យើង​ចាំបាច់​ត្រូវតែ​ធ្វើ ដើម្បីឱ្យ​គាត់​បាន​សាក​ដែរ​។ ជាទូទៅ​១០​ដប​ឬ​១៥​ដប មាន​ការបញ្ជាទិញ​ម្ដងៗ គឺ​យើង​ធ្វើ​ជូន​គាត់​។ កន្លងមក​មាន​អតិថិជន​៣​នាក់​ហើយ ដែល​គាត់​មានការ​ពេញនិយម​»​។​
 
​ទោះជា​យ៉ាងណា ផលិតផល​ទឹក​ពោត​នេះ​ក៏មាន​អតិថិជន​ប្រចាំ​ដែរ​៖«​ជួនកាល​កន្លះ​ខែ​គាត់​មាន​ការបញ្ជាទិញ​ម្ដង​១៥​ដប គាត់​ទុក​៤​ទៅ​៥​ថ្ងៃ​។ ហើយ​អ្នក​ផ្សេងទៀត គាត់​មិនដែល​បានឮ គាត់​ក៏​សាក​ដែរ​។ ដូច្នេះ​បើ​គាត់​ចង់​សាក របៀប​ដែល​យើង​ធ្វើ​គឺ​យើង​សុំ​ការអនុញ្ញាត​ពី​គាត់ លើក​ទៅ​ពេល​ក្រោយ យើង​ចាំ​ធ្វើ​សរុប​យក​ចំនួន​ច្រើន​តែម្ដង ដើម្បី​យើង​ផលិត​អស់ថ្លៃ​ដើម​តិច​»​។​
 
​មាន​ពិសោធន៍​លក់​ទឹក​សណ្ដែក​ក្នុង​លក្ខណៈ​គ្រួសារ​ជិត​ដប់ឆ្នាំ ហើយ​ក្នុងអំឡុង​ពេលនោះ ក៏​ជា​វេលា​ដែល​លោក ពេ​ជ លី​សាយ បរាជ័យ​ដែរ ហេតុ​នោះ​ហើយ​ទើបបានជា​ធ្វើឱ្យ​ពេលនេះ លោក​ហាក់​មាន​ទំនុកចិត្ត​ខ្ពស់​ក្នុងការ​ធ្វើ​វា​ឱ្យ​ប្រសើរ​ជាង​មុន​៖«​ខ្ញុំ​ខ្លួនឯង​ផ្ទាល់​ដែលជា​អ្នកដឹកនាំ​ក្រុម​អាជីវ​កម្មនេះ គឺ​ជម្នះ​ច្រើន​រឿង​ណាស់ ហើយ​បើ​និយាយ​ពី​ដួល​វិញ​គឺ​ប្រហែលជា​៧​ទៅ​៨​ដង ហើយ​ខាត​ច្រើន​។ ដូច្នេះ​បានជា​ខ្ញុំ​ដឹង​អារម្មណ៍​មួយ​នេះ គឹ​អ្នកដឹង​នាំ​ត្រូវមាន​ជំហរ​មួយ​ខ្លួនឯង គាត់​ត្រូវមាន​បទពិសោធ មានចំណេះដឹង គាត់​ត្រូវ​មានការ​លត់​ដំ​។ សម្រាប់​ខ្ញុំ​អាជីវ​កម្មនេះ អាចនិយាយបាន​ថា​វា​ជា​ដង្ហើមចុងក្រោយ​របស់​ខ្ញុំ គឺត្រូវធ្វើ​យ៉ាងម៉េច​ផ្ដោតអារម្មណ៍​របស់ខ្លួន​ឯង​ទៅលើ​អា​ជីរ​កម្ម​មួយ​ហ្នឹង​»​។ 

  ផ្លែសូរងនិង​ផ្លែល្ពៅ ដែល​យក​មក​ធ្វើ​ជា​វត្ថុធាតុ​ដើម​ក្នុង​ការ​ផលិតភេសជ្ជៈ

​ចាប់ផ្ដើម​សាជាថ្មី​នៅ​ដើមឆ្នាំ​២០២០​នេះ បុរស​សម្បុរ​ស លី​សាយ បាន​សហការគ្នាជាមួយ​មិត្ត​ភ័ក្ដិ​២​នាក់​ទៀត​ដើម្បី​ចូល​ភាគហ៊ុន ព្រមទាំង​បង្កើត​ទ្រឹស្តី​សម្រាប់​អាជីវកម្ម​មួយ​នេះ​ថែម​ទៀតផង​៖«​ថ្វីដ្បិតតែ​ខ្ញុំ​ជា​អ្នកគ្រប់គ្រង​នឹង​ដឹកនាំ​អាជីវកម្ម​មួយ​នេះ​ក៏ពិតមែន ប៉ុន្តែ​ចំណែក​នេះ យើង​ប្រើ​ជា​ដើមទុន​ភាគហ៊ុន មានន័យថា​មាន​៣​ម្ចាស់ ដូច្នេះ​ខ្ញុំ​ប្រកាន់​គោល​ការ​៣​ដែល​ខ្ញុំ​បាន​រកឃើញ​ដោយ​ខ្លួនឯង​។ ទីមួយ​ខ្ញុំ​ចង់ឱ្យ​ពួកគាត់​ទាំងអស់គ្នា​ហ្នឹង​ចេះ​រាប់​គ្រាប់​ខ្សាច់ ធ្វើ​ម៉េច​ឱ្យ​អារម្មណ៍​ស្ងប់ ហើយ​ចាប់ផ្ដើម​រាប់​គ្រាប់​ខ្សាច់​ដោយ​ប្រុងប្រយ័ត្ន ដូច្នេះ​បើ​យើង​ប្រៀប​នឹង​ទង្វើ​អ្វីមួយ ទោះបីជា​អ្នកណា​និយាយ​អ្វី​ក៏ដោយ បើ​យើង​សម្រេចចិត្តថា​ធ្វើ​ហើយ កុំ​ខ្វល់​ពីស​ម្ដី​អ្នកដទៃ គឺ​ប្រើ​អារម្មណ៍​មួយ​ចាប់​គ្រាប់​ខ្សាច់​ដោយ​យកចិត្តទុកដាក់ ដោយ​ប្រយ័ត្ន​បំផុត​»​។ 
 
​លោក​បន្ថែម​៖«​អត្ថន័យ​ទី​ពីរ​គឺ​អ្នក​ទាំងអស់គ្នា​ត្រូវ​ឡើង​ប្រកួត មិនអាច​នៅ​សំងំ​បែបនេះ​បានទេ ពីព្រោះ​ឡើង​ប្រកួត​ត្រូវ​យកពាន ត្រូវយក​ជោគជ័យ អ៊ីចឹង​ត្រូវការ​ការហ្វឹកហាត់​។ ការងារ​គាត់​ច្រើនជាង​មុន អំ​រែក​គាត់​ធ្ងន់​ជាង​មុន ដូច្នេះ​ឱ្យ​គាត់​ហ្វឹកហាត់ ដើម្បី​ក្លាយជា​កីឡាករ​ម្នាក់ ដែល​ប្រកួត​នៅលើ​ទីផ្សារ ឈ្នះ​គេ​។ ចំណុច​ទី​៣​បាញ់​ឱ្យចំ​គោលដៅ មានន័យថា​បើសិនជា​ក្រុម​បាន​មើលឃើញថា​វា​ជា​ឱកាស​សម្រាប់​យើង​ហើយ គឺ​សង្រួមចិត្ត​បាញ់​ឱ្យចំ​គោលដៅ​តែម្ដង​។ នេះហើយ​ជា​ចំណុច​ទាំង​៣​ដែល​ខ្ញុំ​បណ្ដុះ​នៅក្នុង​ក្រុម​»​។ 

សកម្មភាពបិទ​ផ្លាកយីហោ​លើ​ដប​ភេសជ្ជៈ

​ផ្ដើមចេញពី​ដើមទុន​ត្រឹម​២​ពាន់​ដុល្លារ​អាមេរិក អាជីវកម្ម​ខ្នាត់​តូច​នេះ ទទួលបាន​អតិថិជន​គាំទ្រ​ជាប្រចាំ និង​កាន់តែ​មានសង្ឃឹម​ពង្រីក​ខ្លួន​កាន់តែ​ឆាប់ ហើយ​លោក លី​សាយ បញ្ជាក់ បន្ថែម​ដូច្នេះ​៖«​ដើមទុន​យើង​ចាប់ផ្ដើម​តិច​បំផុត​តែ​ជាង​២​ពាន់​ដុល្លារ​ទេ គឺ​យើង​ទិញ​ឧបករណ៍​ថ្មី​ទាំងអស់​។ លក់​បានជា​សរុប​ក្នុង​មួយខែ​គឺ​ជិត​១​ពាន់​ដុល្លារ​ដែរ នេះ​ត្រឹមតែ​ប៉ុន្មាន​ខែ​ដំបូង​នេះ​ទេ​។ ចំពោះ​កន្លែង​លក់ យើង​មាន​សាខា​ធំៗ​២ គឺ​នៅ​កន្លែង​ផលិត​នេះ​១ គឹ​យើង​ដាក់លក់​នៅខាងមុខ កន្លែង​ទី​២​គឺ​នៅ​ជើងឯក​។ នៅ​ជើងឯក​នោះ​អាច​និយាយបានថា លក់បាន​ល្អ​ជាង​កន្លែង​លក់​ផ្សេងៗ​ទៀត​ទាំងអស់ ក្នុងចំណោម​កន្លែង​លក់​ទាំងអស់​។ ក្រៅពីនេះ​យើង​មាន​កន្លែង​ជួយ​លក់​បន្ត ខាង​បុរី សាលារៀន កន្លែង​លក់​អីវ៉ាន់ និង​សកល​វិទ្យាល័យ​។ ប៉ុន្មាន​ថ្ងៃមុន​ហ្នឹង ខាង​និស្សិត​នៅ​សាលា​ភូមិន្ទ​គេ​យក​ខ្ទង់​៥០០​ដប ដើម្បី​រៀបចំ​ក្នុង​កម្មវិធី​របស់គាត់​»​។​
 
​ទោះជា​យ៉ាងណា កា​ចែកចាយ​ទៅ​សាខា​លក់​បន្ត ម៉ាក​យី​យោ​“​ទឹក​សណ្ដែក​ធម្មជាតិ​ម៉ែ​” មានការ​តាមដាន​ពី​ការរក្សា​គុណភាព​យ៉ាង​ល្អិតល្អន់​៖«​ទំនិញ​ដែល​យើង​យកទៅដាក់ យើង​ត្រូវ​ចុះទៅ​ត្រួតពិនិត្យ​មួយថ្ងៃ​យ៉ាងហោចណាស់​មួយដង​ដែរ ទី​១​មើល​ការ​ទុកដាក់​របស់គាត់ ថា​តើ​គាត់​បានដាក់​ទឹកកក​ក្លាសេ​ត្រឹមត្រូវ​ទេ តាម​កម្រិត​ដែល​យើង​ចង់បាន​ឬក៏​អត់​? ហើយ​បើ​មានការ​ខ្វះខាត​អ្វី​យើង​ជូនដំណឹង​ទៅ​គាត់​។ ហើយ​បើ​គាត់​មិន​យកចិត្តទុកដាក់ គឺ​យើង​ដកចេញ  ព្រោះ​កាលណា​អតិថិជន​ទិញ​ពី​កន្លែង​គាត់​ទៅ វា​ខូច​ឈ្មោះ​ទឹក​សណ្ដែក​របស់​យើង​។ ដូច្នេះ​កាលពីមុន​យើង​មាន​កន្លែង​លក់​បន្ត​៧​កន្លែង ប៉ុន្តែ​ពេលនេះ​យើង​ដកចេញ​អស់​៣​កន្លែង​ហើយ​»​។ 

  ភេសជ្ជៈផលិតរួច ដែល​ដាក់​ក្នុង​ធុង​ទឹក​កក​សម្រាប់​លក់

​ព្រោះតែ​ចង់​សាង​កេរ្តិ៍ឈ្មោះ និង​ចង់ឱ្យ​អតិថិជន​ជឿ​លើ​គុណភាព​ភេសជ្ជៈ​របស់ខ្លួន ប្រធាន​ក្រុម​រូបនេះ បាន​ពន្យល់​ពី​មូល​ហេតុដែល​យកពាក្យ​ម៉ែ មក​ធ្វើជា​យីហោ​របស់ខ្លួន​៖«​អាជីវកម្ម​ខ្ញុំ​ដាក់ថា​ទឹក​សណ្ដែក​ម៉ែ ដូច្នេះ​អ្វី​ដែលជា​ខ្លឹមសារ​សំខាន់ៗ គឺ​ម្ដាយ​ពេលដែល​ធ្វើ​អ្វី​គឺ​គាត់​ផ្ចិតផ្ចង់​ណាស់ គាត់​គិតគូរ​អំពី​ការហូប​ជា​លក្ខណៈ​គ្រួសារ ហើយនឹង​ខាងក្រៅ​។ ចំណែក​ទី​២ ម៉ែ​គាត់​ចង់ឱ្យ​គ្រួសារ​មួយ​ហ្នឹង​រុងរឿង​រីកចម្រើន ដូច្នេះ​ទង្វើ​សព្វបែបយ៉ាង​ត្រូវតែ​ប្រយ័ត្នប្រយែង​»៕

Tag:
 ពេ​ជ លី​សាយ​
  ភេសជ្ជៈ​
  ធម្មជាតិ​
  ទីផ្សារ​
  កាហ្វេ​
  ទឹក​សណ្ដែក​
  ទឹក​ល្ពៅ​
  ទឹក​ពោត​
 ​ទឹក​ជី​
© រក្សាសិទ្ធិដោយ thmeythmey.com