ជាតិ
២៥ខេត្ត/រាជធានី
ទៅដល់​សៀមរាប​! កុំ​ភ្លេច​ចូល​លេង​«​ចង្ក្រាន​រយ​»​អេកូ​ទេសចរណ៍​ធំជាងគេ​នៅក្នុង​ខេត្ត​
15, Feb 2020 , 4:15 pm        
រូបភាព
ដោយ:
​សៀមរាប​៖ ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ភាគច្រើន ដែល​ទៅ​កម្សាន្ត​នៅ​ខេត្តសៀមរាប កម្រ​នឹង​ស្គាល់​តំបន់​អេកូ​ទេសចរណ៍​«​ចង្ក្រាន​រយ​»​ណាស់​។ ចង្ក្រាន​រយ ជា​សហគមន៍​ទេសចរណ៍ធម្មជាតិ​មួយ​ធំជាងគេ​នៅ​ស្រុក​វ៉ារិន ដែលមាន​ចម្ងាយ​ប្រមាណ​៨០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​។ ភ្ញៀវ​ទេសចរណ៍​ដែល​បានមក​ដល់ទី​នោះ អាច​ទៅ​ទស្សនា​តាម​គោលដៅ​ជាច្រើន​កន្លែង ​ស្ថិតនៅក្នុង​ដែន​ព្រៃ​សហគមន៍​ចង្ក្រាន​រយ​រហូតដល់​ទៅដល់​ជាង​៩​ពាន់​ហិកតា ដែលជា​ជម្រក​សត្វព្រៃ និង​ជីវៈចម្រុះ​យ៉ាង​សម្បូរបែប​។​

 
​គោលដៅ​ទេសចរណ៍​ដែល​លោក​-​អ្នក អាច​ទៅ​កម្សាន្ត​បាន​មានដូចជា ទស្សនា​សត្វព្រៃ សត្វ​ស្លាប ជម្រក​មេអំបៅ​, រូង​ប្រចៀវ​, ទឹកធ្លាក់​៧​ជាន់​, គយគន់​សមុទ្រ​ឈើ​, មើល​ថ្ងៃ​រៀប​លិច​, ភ្នំ​ចង្ក្រាន​រយ​, ភ្នំ​ចាន់​ក្រហម​, ជិះ​គោយន្ត ឬ​កង់​កម្សាន្ត​ក្នុងព្រៃ​សហគមន៍​, ភ្លក់​ម្ហូប​អត្តសញ្ញាណ​, បោះតង់ និង​ស្វែងយល់​ពី​វប្បធម៌ ប្រពៃណី រួមទាំង​ជីវៈភាព​រស់នៅ​របស់​ប្រជា​សហគមន៍​នៃ​តំបន់​ដាច់ស្រយាល​មួយ​នេះ​ផងដែរ​។​
 

 
​ទាំងនេះ​សុទ្ធសឹង​ជាការ​ធ្វើដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​ពី​គោលដៅ​មួយ​ទៅ​គោលដៅ​មួយ និង​ពី​ភ្នំ​មួយ​ឆ្ពោះទៅកាន់​ភ្នំ​មួយទៀត ដែល​ស្ថិតនៅ​ក្នុងព្រៃ​អភិរក្ស​របស់​សហគម​ន៍​ដ៏​ធំជាងគេ​នៅក្នុង​ខេត្តសៀមរាប​។ ក្នុងចំណោម​គោលដៅ​ទេសចរណ៍​ទាំងអស់​សារព័ត៌មាន​ថ្មីៗ សូម​បង្ហាញ​តែ​ទិដ្ឋភាព​នៅលើ​ភ្នំ​ចង្ក្រាន​រយ​មុនគេ ដែលជា​ភ្នំ​មួយ​មាន​រឿងរ៉ាវ​តំណាល​ជា​ព្រ​ង​និទាន​ថា មាន​ស្តេច​មួយអង្គ​បានកើត​ឃ្លង់ ហើយក៏​បាន​សំងំ​ដាំ​ថ្នាំ​នៅលើ​ថ្ម​រាប់រយ​រាប់ពាន់​ដែលមាន​មុំ​បី​រាង​ដូច​ចង្ក្រាន​នេះ ដើម្បី​ព្យាបាល​ជំងឺ​។ ក្រោយៗ​មក​ភ្នំ​នេះ ត្រូវបាន​ចាស់ៗ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ហៅ​តៗ​គ្នា​ថា «​ភ្នំ​ចង្ក្រាន​រយ​» ហើយ​បច្ចុប្បន្ន​ទីតាំង​នេះ បាន​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ​ថ្មី​មួយទៀត​របស់​អ្នក​សៀមរាប ដ៏​គួរ​ឲ្យ​ទាក់ទាញ​៕
 

 
​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​នៅលើ​កំពូលភ្នំ​ចង្ក្រាន​រយ ដែល​ស្ថិតនៅក្នុង​សហគមន៍​ទេសចរណ៍ធម្មជាតិ​ចង្ក្រាន​រយ នៃ​ស្រុក​វ៉ា​វិ​ន ខេត្តសៀមរាប ដូចតទៅ​៖



































Tag:
 ព័ត៌មាន​រូបភាព
  ចង្ក្រាន​រយ
  អេកូ​ទេសចរណ៍
 សៀមរាប
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com