អន្តរជាតិ
ទេសចរណ៍នៅថៃ ធ្លាក់ចុះ៤៣ភាគរយ ដោយសារករណី COVID-19 ពីវូហាន
× ចាប់តាំងពីដើមខែកុម្ភៈ នេះមក ទេសចរណ៍នៅប្រទេសថៃ បានធ្លាក់ចុះ៤៣ភាគរយ។ ជាមួយគ្នានោះ ភ្ញៀវចិនដែលជាទីផ្សារដ៏ធំរបស់ថៃ បានធ្លាក់ចុះរហូតដល់ទៅ៨៦ភាគរយឯណោះ។ នេះបើយោងតាមការផ្សាយរបស់ Thailande.fr ។
បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Phiphat Ratchakitprakarn ចំនួនភ្ញៀវទេសចចូលទៅថៃចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែកុម្ភៈ បានថយចុះ៤៣,៤៧ភាគរយ ចំណែកឯចំនួនភ្ញៀវទេសចរចិន បានធ្លាក់ចុះ ៨៦,៥៥ភាគរយ។
លោក Phiphat បានប៉ាន់ប្រមាណថា សម្រាប់ឆមាសទី១នៃឆ្នាំ២០២០ នេះ ទេសចរណ៍នៅថៃ អាចធ្លាក់ចុះក្នុងរង្វង់៥០ភាគរយ ដោយសារការភ័យខ្លាចជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី COVID-19។
លោករដ្ឋមន្ត្រីទេសចរណ៍ថៃរូបនេះ ក៏បានលើកឡើងផងដែរថា ទីផ្សារពីចិនអាចបន្តធ្លាក់ចុះ៩០ភាគរយនៅខែកុម្ភៈ ប៉ុន្តែលោករំពឹងថា ចំនួននឹងកើនឡើងវិញ នៅខែមេសា ប្រសិនបើករណីជំងឺ COVID-19 មិនការថមថយ ហើយរដ្ឋាភិបាលចិនលុបចោលការហាមប្រាមជនជាតិខ្លួនសម្រាប់ដំណើរទៅក្រៅប្រទេស។
កាលពីឆ្នាំ២០១៩កន្លងមក ថៃទទួលបានទេសចរចិន១០,៩៩លាននាក់ក្នុងចំណោមទេសចរសរុប៣៩,៨លាននាក់។ ថៃជាគោលដៅដ៏ធំរបស់ទេសចរចិន ហើយការរាលដាល COVID-19 ដែលមានប្រភពចេញពីក្រុងវូហាន ខេត្ត Hubei ចាប់តាំងពីខែធ្នូមកនោះ បានធ្វើឲ្យថៃ បាត់បង់ចំណូលថវិកាជាតិពីវិស័យទេសចរណ៍ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com