ជាតិ
ទូតអាមេរិក៖ រដ្ឋាភិបាលខ្មែរធ្វើកិច្ចការមនុស្សធម៌សុទ្ធសាធ មិនមែននយោបាយឡើយ លោក W.Patrick Murphy ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅពេលដែលលោកទៅជួបអ្នកដំណើរនៅ Westerdam ដោយផ្ទាល់។ រូបថត AFP
× ភ្នំពេញ៖ ការអនុញ្ញាតឱ្យនាវាទេសចរណ៍អាមេរិក Westerdam ចូលចតនៅកំពង់ផែ ក្នុងខេត្តព្រះសីហនុ គឺមិនមែនជារឿងនយោបាយនោះឡើយ។ នេះជាការលើកឡើងរបស់លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដោយលោកបានបញ្ជាក់ថា ការឱ្យនាវា Westerdam ចូលចតនេះ គឺជាកិច្ចការមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជា បើទោះបីកម្ពុជា និងអាមេរិក មានការខ្វែងគំនិតគ្នាមួយចំនួនលើរឿងនយោបាយក៏ដោយ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅកំពង់ផែខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៥កុម្ភៈ ឆ្នាំ២០២០ លោក W. Patrick Murphy បានសម្តែងនូវការដឹកគុណដល់ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ញាតឱ្យនាវា Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។ ឯកអគ្គរដ្ឋទូតរូបនេះ បានបញ្ជាក់ដូច្នេះ ទង្វើបែបនេះគឺជាកាយវិការមួយដ៏ល្អ ខណៈដែលប្រទេសផ្សេងមិនអនុញ្ញាតឱ្យនាវានេះចូលចត។
លោក W. Patrick Murphy បាននិយាយដូច្នេះ៖ «នាវា Westerdam គឺជានាវាដែលកំពុងជួបបញ្ហា ហើយយើងបានទំនាក់ទំនងជាមួយអាជ្ញាធរកម្ពុជា ដើម្បីសុំជំនួយឱ្យនាវានោះចូលចត និងរំដោះមនុស្សដែលជាប់ក្នុងនាវាហ្នឹង ឱ្យបានទៅប្រទេសរបស់គេរៀងៗខ្លួនវិញ»។ លោកបានបន្តថា៖«នាវានោះ គឺជានាវារបស់អាមេរិក ហើយមនុស្សនៅក្នុងនាវានោះ ភាគច្រើន គឺជនជាតិអាមេរិក ហើយនេះជាទំនួលខុសត្រូវរបស់ខ្ញុំ ក្នុងការជួយពលរដ្ឋដើម្បីឱ្យពួកគេធ្វើដំណើរទៅផ្ទះវិញ បានដោយសុវត្ថិភាព។ យើងក៏ទទួលបានការឆ្លើយតបភ្លាមៗពីរដ្ឋាបាលកម្ពុជា ក្នុងការឱ្យនាវានោះចូលចត»។
ជាមួយគ្នាលោក W. Patrick Murphy បានចាត់ទុកថាការអនុញ្ញាតឱ្យនាវាWesterdam ចូលចតក្នុងកំពង់ផែព្រះសីហនុនោះ គឺសកម្មភាពបែបមនុស្សធម៌ ហើយលោក សង្ឃឹមថា បណ្តាប្រទេសដទៃទៀត នឹងធ្វើទង្វើដ៏ល្អនេះ ដូចកម្ពុជា។ ឯកអគ្គរដ្ឋទូតរូបនេះបាននិយាយថា៖«រឿងនេះ គឺជារឿងមនុស្សធម៌មិនមែនជារឿងនយោបាយទេ។ ទាក់ទងរឿងនយោបាយ គឺថាយើងមានការខ្វែងគំនិតគ្នាខ្លះក៏ពិតមែន ក៏ប៉ុន្តែយើងមានមូលដ្ឋានរឹងមាំក្នុងការធ្វើការជាមួយក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ ដែលមានរាប់ទសវត្សរ៍មកហើយ។ យើងនឹងខិតខំធ្វើរឿងនេះ ដើម្បីធ្វើឱ្យទំនាក់ទំនងនៃប្រទេសយើងទាំងពីរកាន់តែល្អ ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន»។
សូមរម្លឹកថា នាវាទេសចរណ៍របស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ កាលព្រឹកថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២០ ក្រោយមានការបដិសេធមិនឱ្យចត ពីប្រទេសជប៉ុន តៃវ៉ាន់ កោះហ្គាម ហ្វីលីពីន និងថៃ ដោយព្រួយបារម្ភពីបញ្ហាឆ្លងជំងឺរលាកសួត COVID-19។ នាវានេះ ផ្ទុកមនុស្សសរុប ២២៥៧នាក់។ ក្នុងនោះអ្នកដំណើរ ចំនួន១,៤៥៥នាក់ និងនាវឹក(បុគ្គលិកកប៉ាល់) ៨០២នាក់៕
Tag:
ទេសចរណ៍
Westerdam
កំពង់ផែ
លោក W. Patrick Murphy
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com