ជាតិ
ជប៉ុន​ឆ្លៀត​ផ្ដល់​សម្ភារ​បង្ការ COVID-19 ដល់​កម្ពុជា ខណៈ​ប្រទេស​ខ្លួន​មាន​ករណី​កាន់តែច្រើន​
15, Feb 2020 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ អំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ជប៉ុន​បានសម្រេច​ផ្ដល់​សម្ភារ​បង្ការ​មួយចំនួន​ដល់​កម្ពុជា ដូចជា អាវ​បំពង់ អាល់កុល​សម្អាត​ដៃ វែនតា​ការពារ​សុវត្ថិភាព និង​ស្រោមដៃ​។​


​ជប៉ុន​បានផ្ដល់​អាវ​បំពង់​ចំនួន​៩៣៦០, អាល់កុល​សម្អាត​ដៃ​ចំនួន​៤៨០, វ៉ែនតា​ការពារ​សុវត្ថិភាព​ចំនួន​៥៤០ និង​ស្រោមដៃ​ចំនួន​២៤៤០០​គូ​ផងដែរ​។ សម្ភារ​ទាំងនេះ​គឺជា ឧបករណ៍​ការពារ​ខ្លួន​ដែល​មូលនិធិ​អាស៊ី​-​អ៊ឺរ៉ុប (ASEF) បាន​ស្តុក​ទុក​ក្រោម​ការឧបត្ថម្ភ​របស់រ​ដ្ឋា​ភិ​បាលជ​ប៉ុន​។ 
 
​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា សម្ភារ​ទាំងនោះ នឹងត្រូវ​ផ្ញើរ​មកដល់​កម្ពុជា ចេញពី​ឃ្លាំង​ស្តុក​នៅ​សិង្ហ​បុរី ក្រោម​ការសម្របសម្រួល​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ច​ខាងលិច (WPRO)​។​
 
«​ការលើកស្ទួយ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​គឺ​មិនអាច​ខ្វះ​បាន​ដើម្បី​ការពារ​ការរីក​រាលដាល​ថែមទៀត​នៃ​ការឆ្លង​វី​រ៉ុ​ស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ ជាមួយគ្នានេះ ប្រទេស​ជប៉ុន​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ស្ថានទូត​ជប៉ុន​។​
 
​សូមបញ្ជាក់ថា មូលនិធិ​អាស៊ី​-​អ៊ឺរ៉ុប (ASEF) ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៩៦ នៅ​ប្រទេស​សឹង្ហ​បុរី ជា​អង្គភាព​អចិ​ន្ត្រៃ​ន៍​មួយ​នៃ​កិច្ចប្រជុំ​អាស៊ី​-​អ៊ឺរ៉ុប (ASEM) ដែលមាន​សកម្ម​ភាពជា​ច្រើន​ផ្ដោតទៅលើ​វប្បធម៌​-​សង្គម​។​
 
​សម្រាប់ COVID-19 កម្ពុ​ជាមាន​ករណី​ឆ្លង​តែ​១​ប៉ុណ្ណោះ ហើយ​ជនជាតិ​ចិន​ដែល​បាន​ឈឺ​នោះ ក៏បាន​ជាសះស្បើយ​ហើយ​ផងដែរ​។ រីឯ​ជប៉ុន​វិញ មាន​៥២​ករណី ដែល​ក្នុងនោះ​មាន​ស្លាប់​១​ករណី​។ ២៨៥​ករណី​ទៀត​ស្ថិតនៅលើ​នាវា​ទេសចរណ៍ Diamond Princess នា​ផែ Yokohama​។ មូលហេតុ​នេះហើយ ដែល​ជប៉ុន​មិន​ត្រូវបាន​បន្ទោស​លើ​ករណី​បដិសេធ​នាវា Westerdam ឲ្យ​សំចត​នៅ​ដែនទឹក​របស់ខ្លួន​។

ក្រៅពីនេះ ជនជាតិជប៉ុនម្នាក់ ក៏បានស្លាប់ដោយសារ COVID-19 នៅខេត្ត Hubei ប្រទេសចិន​ផងដែរ៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com