អន្តរជាតិ
COVID-19៖ ករណី​ឆ្លង​លើ​នាវា Diamond Princess នៅ​ជប៉ុន​ឡើងដល់​៣៥៥​នាក់ ឯ​សិង្ហ​បុរី​និង​កូរ៉េខាងត្បូង​បន្ត​កើន​
16, Feb 2020 , 10:13 am        
រូបភាព
នាវា Diamond Princess នៅឯកំពង់ផែ Yokohama ។ រូបភាព AFP
នាវា Diamond Princess នៅឯកំពង់ផែ Yokohama ។ រូបភាព AFP
​ករណី​ឆ្លង​ជំងឺ COVID-19 ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​នៅ​សិង្ហ​បុរី និង​កូរ៉េខាងត្បូង បាន​កើនឡើង​ដូចគ្នា​។ នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ​ម្សិលមិញ ក្រសួងសុខាភិបាល​សិង្ហ​បុរី​បានបញ្ជាក់​ពី​ករណី​ឆ្លង​ចំនួន​៥​ទៀត ខណៈ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ កូរ៉េខាងត្បូង​ក៏​ប្រកាស​ផងដែរ​ពី​ការរកឃើញ​ករណី​ឆ្លង​ចំនួន​ករណី​។ នៅ​ជប៉ុន​ឯណោះ ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នៅលើ​នាវា​កម្សាន្ត Diamond Princess ក៏​បន្ត​កើនឡើង​ថែមទៀត​ដែរ​។

 
​អាជ្ញាធរ​ជប៉ុន នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​៧០​នាក់​ទៀត​នៅលើ​នាវា Diamond Princess បន្ទាប់ពី​ធ្វើតេស្ត​វិជ្ជមាន​រួចមក​។ បូក​នឹង​ករណី​ឆ្លង​មុនៗ​ទៀត នៅលើ​នាវា​នេះ មាន​ករណី​ឆ្លង​សរុប​៣៥៥​ហើយ​។ 
 
​នៅ​កូរ៉េខាងត្បូង​ឯណោះ​វិញ ក៏​រកឃើញ​ករណី​ឆ្លង​ថ្មី​មួយទៀត​ដែរ​។ មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​កូរ៉េ ប្រកាសថា ករណី​ចុងក្រោយ និង​ជា​ករណី​ទី​២៩​ក្នុងប្រទេស កើត​លើ​បុរស​វ័យ​៨២​ឆ្នាំ ដែល​គ្មាន​ប្រវត្តិ​ទៅ​ចិន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។ 
 
​ចំណែក​ក្រសួងសុខាភិបាល​សិង្ហ​បុរី នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ បានប្រកាសថា ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នៅ​សិង្ហ​បុរី បាន​កើន​ដល់​៧២​ហើយ បន្ទាប់ពី​បាន​រកឃើញ​ករណី​ឆ្លង​ចំនួន​ទៀត​។ ក្នុងចំណោម​អ្នក​ទាំង​៥ មាន​បី​ជា​សមាជិក​ជួបជុំ​នៅ​វិហារ​គ្រិស្ត​មួយកន្លែង​ដែលមាន​ករណី​ឆ្លង​វីរុស​នេះ​, ម្នាក់​ស្ថិតក្នុង​ចំណោម​កម្មករ​នៅ​ការដ្ឋាន​មួយកន្លែង​ដែលមាន​ករណី​ឆ្លង​ដែរ និង​ម្នាក់ទៀត​មាន​ទំនាក់​ទំនងជា​អ្នកជំងឺ COVID-19 លើក​មុនៗ​។​
 
​ជាមួយគ្នា​នោះ អ្នកជំងឺ​ម្នាក់ទៀត ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ទទួលបាន​ការព្យាបាល​រួចរាល់​។ ចំនួន​អ្នក​ចេញពី​មន្ទីរពេទ្យ​សរុប​មាន​ចំនួន​១៨ គិត​ត្រឹម​ថ្ងៃទី​១៥ ខែកុម្ភៈ​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ Channel NewsAsia ។​
 
​សូមបញ្ជាក់ថា អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​នាក់​១៦៦៦​នាក់​ហើយ បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃអាទិត្យ ទី​១៦ ខែកុម្ភៈ​។ បារាំង ជា​ប្រទេស​ទីមួយ​ក្រៅ​តំបន់​អាស៊ី​ដែលមាន​ករណី​មនុស្ស​ស្លាប់​។ ជប៉ុន និង​ហ្វីលីពីន ក៏មាន​១​ករណី​រៀងៗ​ខ្លួន​ផងដែរ​។ ចំណែក​តួលេខ​អ្នកជំងឺ​កើនឡើង​ដល់​ប្រមាណ​៧០ ០០០​នាក់ នៅ​ប្រទេស​ចំនួន​២៦ ខណៈ​មនុស្ស​ជាង​៨០០០​នាក់ បាន​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​៕

Tag:
 ជប៉ុន​
  កូរ៉េខាងត្បូង​
  សិង្ហ​បុរី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com