ជាតិ
បទយកការណ៍ / បទសម្ភាសន៍
​កន្ទេល​ផ្អាវ ជា​តម្បាញ​ត​ពី​បុរាណ​របស់​អ្នកភូមិ​នៅ​ស្រុក​អង្គរធំ ខេត្តសៀមរាប​
16, Feb 2020 , 10:42 am        
រូបភាព
​សៀមរាប​៖ ការ​ត្បាញកន្ទេល​ផ្អាវ ជាការ​ងារ​ដ៏​សំខាន់​សម្រាប់​អ្នក​ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប​។ សព្វថ្ងៃ អ្នកភូមិ​មួយចំនួន​ប៉ុណ្ណោះ ដែល​នៅ​បន្តធ្វើ​កន្ទេល​បែប​បុរាណ​នេះ ហើយ​ភាគច្រើន​មានតែ​ចាស់ៗ ដោយសារ​ទិន្នផល​ផ្អាវ​កាន់តែ​តិច ហើយ​បច្ចុប្បន្ន​អ្នកភូមិ​ខ្លះ​ចេញទៅ​ធ្វើការ​នៅ​ទីក្រុង គឺ​កាន់តែ​ងាក​ឆ្ងាយ​ពី​ការងារ​មួយ​នេះ​។ ចាស់ទុំ​ដែល​បន្តធ្វើ​កិច្ចការ​នេះ ចង់ឱ្យ​យុវជន​ជំនាន់​ក្រោយ​ចេះ​ត្បាញកន្ទេល​ផ្អាវ​នេះ ដោយ​មិន​ចង់ឱ្យ​បាត់បង់​ឡើយ​។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​ប្រាប់ថា ខ្លួន​កំពុង​រៀបចំ​ដាក់​កន្ទេល​ផ្អាវ​ជា​ផលិតផល​សម្គាល់​អត្ដ​សញ្ញាណ​ភូមិសាស្ដ្រ និង​រៀបចំ​ដើម្បី​ទាក់ទាញ​ទេសចរ​ចូលមក​ទស្សនា បង្កើតជា​កញ្ចប់​ទេសច​រណ៍​ថ្មី​ក្នុងភូមិ​។

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប ដូចតទៅ​៖

 
 
​ចាស់ៗ​នៅក្នុង​ភូមិ​តា​ប្រុក នៅមាន​ទំនៀមទម្លាប់​ត្បាញកន្ទេល​ផ្អាវ ដែលជា​ទំនៀម​ពី​បុរាណ​។ កន្ទេល​ប្រភេទ​នេះ​មាន​មិន​ច្រើន​ទេ ហើយ​អ្នកចេះ​ត្បាញ​ក៏​កាន់តែ​ខ្សត់​ដែរ​។ ស្រប​ពេលដែល​បច្ចុប្បន្ន សម្ភារ​ជាច្រើន​មានការ​ច្នៃប្រឌិត​ខ្ពស់ ប្រើ​ពេលវេលា​កាន់តែ​លឿន ធ្វើឱ្យ​របរ​មួយចំនួន​ដែល​ធ្លាប់​ត្បាញ​ដោយ​ដៃ កាន់តែ​បាត់បង់​បន្ដិច​ម្ដងៗ​។​
 
​នៅ​ភូមិ​តា​ប្រុក ចាស់ៗ​មួយចំនួនធំ​ដែល​មិនអាច​ចេញ​ធ្វើ​កិច្ចការ​អ្វី​ផ្សេង បាន​ប្រើពេល​អង្គុយ​កាត់ និង​ត្បាញកន្ទេល​ផ្អាវ ដែល​ពួកគាត់​ធ្លាប់ធ្វើ​តាំងពីក្មេងៗ​មក​។​
 
​លោកយាយ លិញ អាក់ អាយុ​៦៥​ឆ្នាំ ប្រាប់ថា​លោកយាយ​ចេះ​ត្បាញកន្ទេល​ផ្អាវ​តាំងពី​តូចៗ​នៅ​អាយុ​ប្រហែល​១២ និង​១៣​ឆ្នាំ​មក​ម្លេះ គឺ​រៀន​តាម​ម្ដាយ​។ បន្ទាប់ពី​ម្ដាយ​ស្លាប់​នៅ​អាយុ​ជាង​៤០​ឆ្នាំ​មក លោកយាយ អាក់ ដែល​កាលនោះ​ទើប​អាយុប្រមាណ​២០​ឆ្នាំ បាន​ចាប់​របរ​ត្បាញកន្ទេល​ផ្អាវ​នេះ​សម្រាប់​ចិញ្ចឹម​បងប្អូន បន្ទាប់ពី​ធ្វើស្រែ​ចម្ការ​រួច​។ លោកយាយ​ប្រាប់ថា កន្ទេល​ផ្អាវ​មាន​ភាព​ធន​នឹង​អាកាសធាតុ​ណាស់ គឺ​នៅ​រដូវក្ដៅ​ក្រាល​គេង​ត្រជាក់​ស្រួល និង​ប្រើ​បាន​រាប់​ឆ្នាំ​មិនទាន់​ទៅណា​ឡើយ សំខាន់​គឺ​ត្រូវ​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​។​
 
​ដ្បិតថា បាន​ធ្លាក់ខ្លួន​ពិការ​ជាង​១០​ឆ្នាំ​មកហើយ​ក៏ពិតមែន តែ​លោកយាយ អាក់ នៅតែ​ឆ្លៀត​ត្បាញកន្ទេល ដែលមាន​ទំហំ​តូចធំ​តាម​ទំហំ​ស្លឹក​ផ្អាវ​ដែល​រកបាន និង​ទិញ​បន្ដ​ពី​គេ​។ កន្ទេល​ផ្អាវ​មួយ​លោកយាយ​អាច​លក់បាន​ក្នុងតម្លៃ​ចាប់ពី​៥​ម៉ឺន​រៀល​ទៅ ជាង​១០​ម៉ឺន​រៀល​។ 


 
​ចំណែក​លោកយាយ ហង់ អ៊ី ដែល​អង្គុយ​ក្បែរ​លោកយាយ អាក់ ក៏មាន​ជំនាញ​ក្នុងការ​ត្បាញកន្ទេល​ផ្អាវ​នេះដែរ​។ លោកយាយ​ដែល​សព្វថ្ងៃ​អាយុ ៦៧​ឆ្នាំ បាន​រៀន​ត្បាញ​នេះ​តាម​ការបង្គាប់​របស់​ឪពុកម្ដាយ​គឺ​តាំងពី​លោកយាយ​នៅ​រត់​លេង​មក​ម្លេះ​។ ក្នុង​ឆ្នាំ​២០១៩​កន្លងទៅនេះ ការលក់​កន្ទេល​ផ្អាវ​របស់លោក​យាយ​បើ​គិត​ជា​ទឹកប្រាក់​បាន​ប្រមាណ​១​លាន​រៀល ដែល​អាចឱ្យ​លោកយាយ​ប្រើប្រាស់​តាម​តម្រូវការ ពិសេស​គឺ​យកទៅ​ធ្វើបុណ្យ និង​ទិញ​សម្ភារ​ប្រើប្រាស់​ដោយ​មិន​ខ្វះខាត​ឡើយ​។ លោកយាយ​បន្ថែមថា​៖« របរ​នេះ​ជួយ​ខ្ញុំ​បាន​លុយ​ទៅសុំ​សីល បាន​ចូល​បុណ្យ ចាយ​មួយឆ្នាំ​បាន​គ្រប់គ្រាន់ គឺជា​ជួយ​ចិញ្ចឹម​យាយៗ​ដូច​ខ្ញុំ​នេះ​បាន​ម៉ា​ស្រួល ធ្វើបុណ្យ​ទិញ​ខោអាវ​បាន​ម៉ា​ស្រួល​»​។​
 
​នាយក​រដ្ឋបាល​ស្រុក​អង្គរធំ លោក ខាន់ ម៉ាង បានឱ្យដឹងថា ពលរដ្ឋ​នៅ​ស្រុក​អង្គរធំ ពិសេស​ចាស់ៗ​នៅតែ​ត្បាញកន្ទេល​ផ្អាវ​ដែល​នៅមាន​តិចតួច​នាពេល​បច្ចុប្បន្ន ហើយ​លោក​មិនសូវ​ឃើញ​ច្រើន​ទេ​នៅតាម​ខេត្ត​ដទៃ​ឬ​អាច​បាត់បង់​ទៅហើយ​។ ស្រុក​អង្គរធំ​មាន​ភូមិ​ចំនួន​២​ដែល​ធ្វើ​កន្ទេល​នេះ​ច្រើន គឺ​ភូមិ​តា​ប្រុក និង​ភូមិ​សំរោង​។ លោក​ពន្យល់ថា កន្លងមក​អ្នកភូមិ​នេះ​បាន​ដើរ​ប្រមូល​កាត់​ផ្អាវ​តាម​ព្រៃ​ក្បែរ​ផ្ទះ​យកមក​ត្បាញ តែ​សព្វថ្ងៃ​មាន​ការងារ​ច្រើន​នៅក្នុង​ក្រុង ពួកគេ​បាន​បោះបង់​ជំនាញ​នេះ​ចោល​។​
 
​ចំណែក​ទីផ្សារ បន្ទាប់ពី​ត្បាញ​ជា​កន្ទេល អ្នកភូមិ​ដឹក​តាម​ម៉ូតូ​ឬ​កង់​យក​លក់​នៅតាម​ទីផ្សារ​ក្នុង​ក្រុង​សៀមរាប ឬក៏​មាន​អ្នក​ស្គាល់​ពួកគេ​អាចមក​ទិញ​ដល់ផ្ទះ​តែម្ដង​ក៏មាន​។ 


 
​លោក ខាន់ ម៉ាង យល់ថា ការងារ​ត្បាញកន្ទេល​ផ្អាវ​នេះ​ជា​ប្រពៃណី ទំនៀម និង​អត្ដ​សញ្ញាណ​មួយ​របស់​អ្នកភូមិ​ដែល​គួរ​ត្រូវបាន​រក្សាទុក​។ លោក​មានប្រសាសន៍ថា​៖« គេ​ឃើញ​កន្ទេល​ផ្អាវ​នេះ គឺ​នឹកឃើញ​ដល់​ប្រជាជន​ក្នុងស្រុក​ដែលមាន​ស្នាដៃ​ក្នុងការ​ត្បាញ​»​។ លោក​បន្តថា ការងារ​នេះ​ទាមទារ​ឱ្យមាន​ការអត់ធ្មត់​ខ្ពស់ និង​ប្រើពេល​យូរ​ខ្លះ​រហូតដល់​មួយខែ ឬ​កន្លះ​ខែ​ទើប​អាច​ផលិត​កន្ទេល​មួយ​។ បន្ថែម​ពីនេះ  តាម​ការ​គំនិត​របស់​ថ្នាក់ដឹកនាំ​ស្រុក គឺ​ចង់​រៀបចំ​ចងក្រង​សហគមន៍​ដើម្បីឱ្យ​មានការ​បណ្ដុះ​ធនធាន​ផ្នែក​នេះ​កុំឱ្យ​បាត់បង់​។ លោក ខាន់ ម៉ាង ប្រាប់ថា ស្រុក​មានព្រៃ​សហគមន៍​ដ៏​ធំ​មួយ​នៅ​ឃុំ​ស្វាយចេក ទីនោះ​មាន​ភាព​អំណោយផល​លើ​ផលដំណាំ​ផ្អាវ និង​ប្រភេទ​រំពា​ក់ ដែល​អាចឱ្យ​អ្នកភូមិ​អាស្រ័យ​ផល​បាន​។ 
 
​លោកយាយ លិញ អាក់ ប្រាប់ថា លោកយាយ​មិន​ចង់ឱ្យ​ការងារ​នេះ​បាត់បង់​ទេ​។ រាល់ថ្ងៃ លោកយាយ​តែង​ប្រាប់​កូន​ឱ្យ​បន្តធ្វើ​កិច្ចការ​នេះ ដ្បិតថា​ជាការ​ងារ​សម្រាប់​ស្ដ្រី​ដែល​ថែរក្សា​កូន​នៅផ្ទះ និង​ឆ្លៀតពេល​អាចធ្វើ​ការងារ​នេះ​បាន ដើម្បី​បាន​ចំណូល​បន្ថែម​សម្រាប់​គ្រួសារ​។​
 
​លោក ខាន់ ម៉ាង​៖« អនាគត​យើង​គ្រោង​កុំឱ្យ​បាត់​អត្ដ​សញ្ញាណ​ពលរដ្ឋ​ស្រុក​អង្គរធំ យើង​នឹងដាក់​បញ្ចូល​ចងក្រង​សហគមន៍ មានន័យថា​បន្ទាប់ពី​គាត់​ឱ្យ​បង្រៀន​កូន​គាត់ បង្រៀន​តៗ​គ្នា បញ្ជាក់ថា​អត្ដ​សញ្ញាណ​របស់គាត់​នៅមាន​រហូត​អត់​បានទេ​។ ក្នុងនាម​ជា​អ្នក​ថ្នាក់ដឹកនាំ ខ្ញុំ​សូម​លើកទឹកចិត្ត​ពិសេស​លោកយាយ បងប្អូន​ដែលមាន​ចំណេះ​ជំនាញ​នេះ សូមជួយ​បន្ត​បង្រៀន​កូនចៅ​បន្តទៀត កុំឱ្យ​បាត់​អត្ដ​សញ្ញាណ​របស់​យើង ដើម្បី​រក្សាបាន​នូវ​ស្នាដៃ​របស់​យើង ពេល​គេ​ឃើញ​ភ្លាម គេ​នឹង​ឃើញតែ​ម្ដង​»៕










 

Tag:
 កន្ទេល​ផ្អាវ​
  ភូមិ​តា​ប្រុក​
  ឃុំ​លាងដៃ​
© រក្សាសិទ្ធិដោយ thmeythmey.com