ជាតិ
លោក គួច ចំរើន៖ បើសុខភាពល្អ និងមានសំបុត្រយន្តហោះ ភ្ញៀវ Westerdam នៅតែអាចចេញពីកម្ពុជាបាន អ្នកដំណើរលើនាវា Westerdam ចេញជាបន្តបន្ទាប់ពីអាកាសយានដ្ឋានកងកេង មកភ្នំពេញ។ រូបថត សែម វណ្ណា
× ភ្នំពេញ៖ ភ្ញៀវទេសចរដែលនៅសេសសល់ក្នុងនាវា MS Westerdam នៅតែអាចចាកចេញពីកម្ពុជាទៅកាន់ប្រទេសដើមកំណើតរៀងៗខ្លួនបាន ប្រសិនបើអ្នកនោះទាំងមានសុខភាពល្អដែលមិនពាក់ព័ន្ធនឹងមេរោគកូរ៉ូណា(COVID-19) មានសំបុត្រយន្តហោះសម្រាប់ធ្វើដំណើរបន្តទៅមុខទៀត និង មានបណ្តាប្រទេសផ្សេងៗអនុញ្ញាតឱ្យភ្ញៀវទេសចរទាំងនោះចូលឆ្លងកាត់។ នេះជាការលើកឡើងរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
លោកគួច ចំរើន បានបន្តប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទថា គិតត្រឹមម៉ោងជាង៩ព្រឹកនាថ្ងៃទី១៦កុម្ភៈនេះ ភ្ញៀវទេសចរដែលមាននៅសល់ក្នុងនាវា MS Westerdam ជាង២០០នាក់ទៀតនោះ សមត្ថកិច្ច និងអ្នកជំនាញសុខាភិបាល មិនទាន់រកឃើញនរណាម្នាក់មានបញ្ហាសុខភាពដែលពាក់ព័ន្ធទៅនឹងមេរោគកូរ៉ូណាឡើយ ដូច្នេះភ្ញៀវទេសចរនៅតែអាចបន្តធ្វើដំណើរទៅកាន់ប្រទេសរបស់ខ្លួនបាន។ ប៉ុន្តែធ្វើការដំណើរនោះ ត្រូវទាមទារឱ្យភ្ញៀវទាំងនោះ មានសំបុត្រយន្តហោះ និងមានការអនុញ្ញាតឱ្យចូលពីបណ្តាប្រទេសផ្សេងៗ។
បើតាម លោក គួច ចំរើន ទោះបីជាភ្ញៀវទេសចរទាំងនោះ មានសុខភាពល្អ ដែលគ្មានករណីសង្ស័យនៃការផ្ទុកមេរោគCOVID-19ក៏ដោយ ក៏មិនអាចចាកចេញពីកម្ពុជាបានផងដែរ ប្រសិនបើគ្មានការអនុញ្ញាតឱ្យឆ្លងកាត់ពីប្រទេសផ្សេងៗ ដើម្បីបន្តដំណើរទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។
អភិបាលខេត្តរូបនេះ បាននិយាយដូច្នេះ៖ « បើយើងរកមនុស្សមិនឃើញមានផ្ទុកមេរោគ(COVID-19) យើងឃុំមនុស្សទុក វាមិនត្រូវរឿងដែលអាចធ្វើឱ្យប៉ះពាល់សេរីភាពរបស់ពួកគាត់។ ប៉ុន្តែការធ្វើដំណើររបស់ភ្ញៀវទាំងនោះ យើងក៏សូមភ្ជាប់លក្ខខណ្ឌជាមួយថា [យើងអនុញ្ញាតឱ្យពួកគេទៅបាន លុះត្រាតែគាត់មានសំបុត្រយន្តហោះ ដើម្បីបន្តហោះហើរទៅមុខបន្តទៀត]»។ លោកបានបន្តបញ្ជាក់ថា៖ «ភ្ញៀវទេសចរដែលនៅសល់ក្នុងនាវានោះ បើ យើងរកមិនឃើញមានករណីសង្ស័យនៃមេរោគCOVID-19ទេ ហើយពួកគាត់មានសំបុត្រយន្តហោះ និងបណ្តាប្រទេសផ្សេងៗគេអនុញ្ញាតឱ្យគាត់ទៅ ទើបយើងឱ្យពួកគាត់ចេញពីនេះ ទៅកាន់ប្រទេសរបស់គាត់ជាបន្ត»។
លោក គួច ចំរើន បានបញ្ជាក់ថា បច្ចុប្បន្ននាវាទេសចរណ៍របស់អាមេរិក MS Westerdam ដែលកំពុងស្ថិតនៅកំពង់ផែព្រះសីហនុ នោះ គឺនៅមានមនុស្សជាង៩០០នាក់ទៀត។ ក្នុងមានភ្ញៀវទេសចរជាង២០០នាក់ និងនាវិក៧០០នាក់។ លោកបានបន្តថា តាមការគ្រោងទុកនាវានេះ នឹងចាកចេញពីកម្ពុជានៅថ្ងៃទី១៦កុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែដោយសារមានបញ្ហានៃការប្រកាសរកឃើញCOVID-19 ពីរដ្ឋាភិបាលម៉ាឡេស៊ី លើស្ត្រីវ័យ៨៣ឆ្នាំម្នាក់បានស្ថិតនៅក្នុងនាវា MS Westerdam ក៏ត្រូវបានពន្យារពេលនៃថ្ងៃចាកចេញ។
សូមជម្រាបថា ស្រី្តវ័យ៨៣ឆ្នាំនោះ គឺជាជនជាតិអាមេរិកាំង ដែលបានធ្វើដំណើរកម្សាន្តលើនាវា MS Westerdam ហើយបានចូលចតនៅកំពង់ផែព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៣កុម្ភៈ រួចហើយបានបន្តចេញពីកម្ពុជាតាមជើងយន្តហោះ កាលពីថ្ងៃទី១៤កុម្ភៈ ដើម្បីទៅកាន់ប្រទេសកំណើតខ្លួន។
សូមរម្លឹកថា នាវាទេសចរណ៍របស់អាមេរិក MS Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ កាលព្រឹកថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២០ ក្រោយមានការបដិសេធមិនឱ្យចត ពីប្រទេសជប៉ុន តៃវ៉ាន់ កោះហ្គាម ហ្វីលីពីន និងថៃ ដោយព្រួយបារម្ភពីបញ្ហាឆ្លងជំងឺរលាកសួត COVID-19។ នាវានេះ ផ្ទុកមនុស្សសរុប ២២៥៧នាក់ ក្នុងនោះអ្នកដំណើរ ចំនួន១,៤៥៥នាក់ និងនាវិកបុគ្គលិកនាវា ៨០២នាក់៕
Tag:
លោក គួច ចំរើន
Westerdam
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com