ជាតិ
សុខភាព
ក្រសួងសុខាភិបាលអំពាវនាវកុំឲ្យពលរដ្ឋភ័យខ្លាចហួសហេតុ ហើយបន្តអនុវត្តវិធានការពារខ្លួន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនាពេលចុះទៅពិនិត្យស្ថានភាពនៅខេត្តសៀមរាបកន្លងមក។ រូបថត អ៊ីសា រ៉ហានី
× ក្រសួងសុខាភិបាល នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយទៀត ដោយបានអះអាងពីការស្នើទៅភាគីម៉ាឡេស៊ី ឲ្យផ្តល់ព័ត៌មានជាក់លាក់ជាផ្លូវការតាមរយៈក្រសួងការបរទេស ទាក់ទងនឹងករណីធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាថ្មី (COVID-19) លើស្ត្រីជនជាតិអាមេរិកវ័យ៨៣ឆ្នាំម្នាក់ ក្រោយពីបានចាកចេញពីនាវា Westerdam នាផែព្រះសីហនុ។
«ក្រសួងសុខាភិបាលនៅតែទាមទារឲ្យអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី មានការត្រួតពិនិត្យឡើងវិញយ៉ាងម៉ត់ចត់នូវលទ្ធផលដែលបានប្រកាសកាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ»។ នេះជាការបញ្ជាក់ក្រសួងសុខាភិបាលកម្ពុជា។
ស្ត្រីអាមេរិកវ័យ៨៣ឆ្នាំ ត្រូវបានរាយការណ៍ថា ជាករណីឆ្លងទី២២នៅម៉ាឡេស៊ី ដោយស្ត្រីរូបនោះ ស្ថិតក្នុងចំណោមមនុស្សជាង២០០០នាក់ក្នុងនាវា Westerdam ដែលបានសំចតនៅផែព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្រោយជប៉ុន តៃវ៉ាន់ ហ្គាម ហ្វីលីពីន និងថៃ បដិសេធ ក្រោមហេតុផលព្រួយបារម្ភពីការឆ្លង COVID-19។
ក្រសួងសុខាភិបាលកម្ពុជាបានអះអាងពីសុក្រិតភាពរបស់ខ្លួនលើការពិនិត្យសុខភាពអ្នកដំណើរទាំងនោះ តាមស្តង់ដារ ដោយមានការចូលរួមពិភាក្សាជាមួយអង្គការសុខភាពពិភពលោក (WHO) មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក (USCDC) វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
បច្ចុប្បន្ន ក្រសួងបន្តពិនិត្យលើអ្នកដំណើរដែលនៅសេសសល់ ជាពិសេសអ្នកដំណើរដែលត្រូវបន្តដំណើរតាមជើងហោះហើរនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។
ជាមួយគ្នានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួង បានអំពាវនាវដល់ពលរដ្ឋកុំឲ្យមានការភ័យខ្លាចហួសហេតុ ហើយបន្តអនុវត្តតាមវិធានការពារខ្លួនសំខាន់ៗជាចាំបាច់។
ក្រុមហ៊ុន Holland America Line ក៏រង់ចាំលទ្ធផលតេស្ត៍លើកទី២របស់ភាគីម៉ាឡេស៊ីផងដែរ ដោយចាត់ទុកលទ្ធផលដែលម៉ាឡេស៊ីបានប្រកាសកាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ជាលទ្ធផលបឋម។
ជាមួយគ្នានេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ព្យាយាមពង្រឹងកិច្ចសហការកាន់តែខ្លាំងជាមួយជាមួយអាជ្ញាធរខ្មែរ បណ្តាស្ថានទូតអាមេរិកក្នុងតំបន់ រួមទាំងក្រុមហ៊ុន Holland America Line ដើម្បីផ្តល់ការឆ្លើយរាល់តម្រូវការរបស់ពលរដ្ឋខ្លួន។ «យើងខ្ញុំកំពុងសម្របសម្រួលជាមួយអាជ្ញាធរកម្ពុជា ស្ថានទូតអាមេរិក ប្រចាំតំបន់ និងក្រុមហ៊ុន Holland America Line ដើម្បីធានាដល់ពលរដ្ឋអាមេរិកទទួលបានជំនួយនៅពេលដែលពួកគេត្រូវការ»។ នេះជាការលើកឡើងរបស់ស្ថានទូតអាមេរិកនៅកម្ពុជាតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន។
ក្រោយសំណើររបស់ស្ថានទូតអាមេរិកនៅកម្ពុជា រដ្ឋាភិបាលខ្មែរ បានអនុញ្ញាតឲ្យនាវា Westerdam ចូលសំចតនៅផែព្រះសីហនុ ដោយមានផ្ទុកអ្នកដំណើរ និងបុគ្គលិកនាវាសរុប២២៥៧នាក់ ក្នុងនោះអ្នកដំណើរជាង៦០០នាក់ជាជនជាតិអាមេរិក។
Westerdam បានចេញដំណើរពីហុងកុងកាលពីថ្ងៃទី១ ខែកុម្ភៈ ក្នុងគោលដៅទៅជប៉ុន ប៉ុន្តែត្រូវបានបដិសេធ ក្រោមហេតុផលភ័យខ្លាចករណីឆ្លង COVID-19 ខណៈជប៉ុនផ្ទាល់ជួបករណីឆ្លងនៅលើនាវា Diamond Princess រួចទៅហើយ។ ក្រោយមកទៀត តៃវ៉ាន់ ហ្គាម ហ្វីលីពីន និងថៃ បានបន្តបដិសេធ មុននឹង Westerdam អាចចុះចតបាននៅផែព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ដោយប្រមុខរដ្ឋាភិបាលខ្មែរបានលើកឡើងពីហេតុផលមនុស្សធម៌។
សំណាកមនុស្ស២០នាក់ដែលមានអាការមិនស្រួល ត្រូវបានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រកឃើញអវិជ្ជមានពី COVID-19 ហើយក្រោយអ្នកដំណើរត្រូវបានអនុញ្ញាតឲ្យចេញពីនាវាឆ្ពោះមកអាកាសយានដ្ឋានអន្តរជាតិជាបន្តបន្ទាប់ ក្រោយការត្រួតពិនិត្យសុខភាពរួច៕
© រក្សាសិទ្ធិដោយ thmeythmey.com