ជាតិ
ពិធី «​ចាប់​ត្រី​» នៅ​មេមត់ ដោយ​ប្រើ​អង្រុត ឈ្នាង ត្រក មាន​អ្នកចូលរួម​ប្រមាណ​២​ម៉ឺន​នាក់​
16, Feb 2020 , 2:39 pm        
រូបភាព
ទិដ្ឋភាពពលរដ្ឋចាប់ត្រីនៅ​បឹងត្រពាំងក្រម ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ថតដោយ ឈុត ឈាណា
ទិដ្ឋភាពពលរដ្ឋចាប់ត្រីនៅ​បឹងត្រពាំងក្រម ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ថតដោយ ឈុត ឈាណា
​ពិធី​ចាប់​ត្រី​របៀប​បុរាណ នៅ​បរិវេណ​បឹង​ត្រពាំង​ក្រម ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ចាប់ពី​ថ្ងៃទី​១៣-១៥ ខែកុម្ភៈ ឆ្នាំ​២០២០ មាន​ពលរដ្ឋ​ចូលរួម​ចំនួន​ប្រមាណ​២​ម៉ឺន​នាក់​។ នេះ​បើតាម​លោក អ៊ួ​ច យឿន មេឃុំ​ជាំ​ក្រវៀន ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​។

 
​អង្រុត ឈ្នាង និង​ត្រក ជា​ឧបករណ៍​ដែល​តម្រូវ​សម្រាប់​អ្នកចូលរួម​ប្រើប្រាស់​ដើម្បី​ចាប់​ត្រី នៅ​តំបន់​បឹង​ត្រពាំង​ក្រម មាន​ផ្ទៃដី​ប្រមាណ​៣០​ហិកតា និង​ផ្ទៃ​បឹង​ទំហំ​១​ហិកតា​។ រយៈពេល​៣​ថ្ងៃ កម្មវិធី​ដែល​រៀបចំ​ដើម្បី​រំលឹក​ពី​សកម្មភាព​កាលពី​បុរាណ​នេះ ទាក់ទាញ​អ្នក​រួម​ប្រមាណ​២​ម៉ឺន​នាក់ ពោលគឺ​កើន​៦០​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ការរៀប​ចំនា​ឆ្នាំ​២០១៩​កន្លងមក​។​
 
«​មូលហេតុ​នៃ​ការកើនឡើង ដោយសារ​ពលរដ្ឋ​នៅតាម​បណ្ដាញ​សង្គម​មានការ​ចាប់អារម្មណ៍​ច្រើន តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេងៗ​។ អ្នកចូលរួម​មកពី​ភ្នំពេញ ខេត្តកំពង់ចាម ព្រៃវែង ក្រចេះ និង​ខេត្តពោធិ៍សាត់​ជាដើម​»​។ នេះ​ជាការ​អះអាង​របស់លោក​មេឃុំ ជាំ​ក្រវៀន ដោយ​ជឿជាក់ថា ចំនួន​នឹង​បន្ត​កើនឡើង​ទៀត​នា​ឆ្នាំក្រោយ​។​
 

លោក អ៊ួ​ច យឿន បន្តថា លោក​នឹង​រៀបចំ​កន្លែង​ចំណត​យានជំនិះ​ឲ្យ​បានល្អ និង​បន្ថែម​ទឹកស្អាត​សម្រាប់​សម្អាតខ្លួន​ក្រោយ​ចាប់​ត្រី​ឲ្យ​បាន​គ្រប់គ្រាន់​ថែមទៀត​។ ជាមួយគ្នានេះ លោក​ក៏​ស្នើសុំ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ រៀបចំ​បង្គន់​អនាម័យ​ចល័ត​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកចូលរួម​។ 
 
​តំបន់​បឹង​ត្រពាំង​ក្រម ជា​តំបន់​ដែល​អាជ្ញាធរ​ការពារ ដោយ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​នេសាទ​ត្រី​ឡើយ ក្នុង​គោលបំណង​រក្សា​វត្តមាន​ត្រី ទុក​សម្រាប់​ពិធី​ចាប់​ត្រី ជា​រៀងរាល់ឆ្នាំ​។ ពលរដ្ឋ អាច​ប្រើប្រាស់​បានតែ​ឧបករណ៍​បុរាណ​ប៉ុណ្ណោះ ដូចជា​អង្រុត ឈ្នាង និង​ត្រក​ជាដើម ដើម្បី​ចាប់​ត្រី ក្នុង​ពិធី​នេះ​៕








រូបថតទាំងអស់ដោយ លោក ឈុត ឈាណា


Tag:
 ពិធី​ចាប់​ត្រី​
  ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com