អន្តរជាតិ
២៥ខេត្ត/រាជធានី
អ្នកជំងឺដែលមានតែ១ករណីនៅបែលហ្ស៊ិក បានជាសះស្បើយពី COVID-19 ហើយ លោក Philip Soubry ត្រូវបានអនុញ្ញាតឲ្យចេញពីពេទ្យក្រោយសម្រាកព្យាបាល១១ថ្ងៃ។ រូបថត HLN
× បុរសបែលហ្ស៊ិកឈ្មោះ Philip Soubry ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយលោកបានជាសះស្បើយពីជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) ដែលជាករណីតែមួយគត់នៅក្នុងប្រទេសបែលហ្ស៊ិក។
«ទីបំផុតទៅខ្ញុំមានឱកាសស្រូបខ្យល់បរិយាកាសវិញហើយ»។ បុរសវ័យ៥៤ឆ្នាំរូបនេះ និយាយទៅកាន់សារព័ត៌មាន VTM News កាលពីថ្ងៃទី១៥ ខែកុម្ភៈ ក្រោយពេលដែលលោកចាកចេញពីមន្ទីរពេទ្យ Sint-Pieters ក្នុងក្រុងព្រុចសែល។
លោក Philip Soubry ស្ថិតក្នុងចំណោមជនជាតិបែលហ្ស៊ិកដែលត្រូវបានជម្លៀសពីក្រុងវូហានកាលពីថ្ងៃទី២ ខែកុម្ភៈ ហើយលោកជាមនុស្សតែម្នាក់គត់មានលទ្ធផលតេស្តវិជ្ជមានលើការឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) ។
លទ្ធផលតេស្តពីរលើកចុងក្រោយ កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ បង្ហាញថា លោកគ្មានវត្តមានជំងឺ COVID-19 ទៀតនោះឡើយ ហើយក៏ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ មនុស្សប្រមាណ១០នាក់ទៀតដែលស្ថិតក្រោមវិធានចត្តាឡីស័កនៅមន្ទីរពេទ្យយោធា Neder-over-Hemmbeek អស់រយៈពីរសប្តាហ៍កន្លងមក ក៏នឹងត្រូវចេញពីមន្ទីរពេទ្យជាបន្តបន្ទាប់ផងដែរ។
បែលហ្ស៊ិកស្ថិតក្នុងចំណោមប្រទេសចំនួន៧ដែលរកឃើញអ្នកឆ្លង COVID-19 ១ករណី។ ប្រទេសផ្សេងទៀតដែលបានព្យាបាលសះស្បើយអ្នកជំងឺដែរនោះរួមមាន កម្ពុជា ស្រីលង្កា ហ្វាំងឡង់ និងណេប៉ាល់ ខណៈករណីនៅស៊ុយអែត និងអេហ្ស៊ីប ក៏មិនមានស្ថានភាពធ្ងន់ធ្ងរនោះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com