អន្តរជាតិ
ទីក្រុង Venice នៅ​អ៊ីតាលី​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​បន្ទាប់ពី​ទឹកសមុទ្រ​ជោរជន់​ដ៏​ខ្ពស់​
16, Feb 2020 , 7:59 pm        
រូបភាព
ទឹក​សមុទ្រ​ស្រុក​ទៅ​វិញ ហើយ​ភ្ញៀវ​ទេសចរ​ក៏​ចាប់​ផ្តើម​ដំណើរ​កម្សាន្ត​ក្នុង​ខែ​ប្រារព្ធ​ពិធីបុណ្យ​ដង្ហែ​ក្បួន carnival នៅ​ក្នុង​ក្រុង Venice កាលពី​ថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០២០។
ទឹក​សមុទ្រ​ស្រុក​ទៅ​វិញ ហើយ​ភ្ញៀវ​ទេសចរ​ក៏​ចាប់​ផ្តើម​ដំណើរ​កម្សាន្ត​ក្នុង​ខែ​ប្រារព្ធ​ពិធីបុណ្យ​ដង្ហែ​ក្បួន carnival នៅ​ក្នុង​ក្រុង Venice កាលពី​ថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០២០។
ដោយ: VOA
​ទីក្រុង Venice គឺជា​ទីក្រុង​អ៊ីតាលី​មួយ​ដែលមាន​ភាពល្បីល្បាញ​នៅក្នុង​ពិភពលោក​។ ទីក្រុង​នេះ​កំពុង​ប្រឈមមុខ​នឹង​ផលប៉ះពាល់​នៃ​ការឡើង​កម្តៅ​ផែនដី ដោយ​ទឹកសមុទ្រ​ជោរជន់​ខ្ពស់​និង​ការឡើង​កម្រិត​ទឹកសមុទ្រ​កាន់តែ​ញឹកញាប់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។

 
​រ៉ូម — កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ទីក្រុង​នៅជាប់​សមុទ្រ​មួយ​នេះ​រងគ្រោះ​ដោយសារ​ហេតុការណ៍​ធ្ងន់ធ្ងរ​មួយ​ដែល​បង្កឱ្យមាន​ការបំផ្លិច​បំផ្លាញ​យ៉ាងខ្លាំង​ដល់​អគារ ព្រះវិហារ និង​បេតិកភណ្ឌ​វប្បធម៌​។ ឥឡូវនេះ​កម្រិត​ទឹកសមុទ្រ​បាន​ស្រក​ទៅវិញ ហើយ​នៅក្នុង​ខែ​ប្រារព្ធ​ពិធីបុណ្យ​ដង្ហែ​ក្បួន​មួយ​ដែល​គេ​ហៅថា carnival អ្នកទេសចរ​អាច​កម្សាន្ត​សប្បាយ​ដោយ​មិនចាំបាច់​សម្លៀកបំពាក់​ការពារ​ទទឹក​ទៀត​នោះទេ​។ ប៉ុន្តែ​សម្រាប់​អាជ្ញាធរ​វិញ ពួកគេ​កំពុង​ធ្វើ​ប្រតិបត្តិ​ការសម្អាត បន្ទាប់ពី​មាន​ជំនោរ​ទឹកសមុទ្រ​ដ៏​ខ្ពស់​នេះ​។​
 
​ការឡើង​កម្រិត​ទឹកសមុទ្រ​នៅក្នុង​រដូវរងា​មិនមែនជា​រឿង​ចម្លែក​នោះទេ​សម្រាប់​ពលរដ្ឋ​នៅក្នុង​ក្រុង Venice ដែល​បានរស់នៅ​ជាមួយនឹង​ការ​ជោរជន់​និង​លំនាច​ទឹកសមុទ្រ​រាប់​សតវត្សរ៍​មកហើយ​។ មជ្ឈមណ្ឌល Tides Center នៅក្នុង​ក្រុង Venice បង្កើត​កម្មវិធី​ទូរស័ព្ទដៃ ដែល​អ្នកស្រុក​រស់នៅ​ទីនោះ និង​ភ្ញៀវទេសចរ​អាច​តាមដាន​ការព្យាករណ៍​របស់ខ្លួន​បាន​។ មជ្ឈមណ្ឌល​នេះ​អាច​ព្យាករណ៍​ពី​ការឡើង​កម្រិត​ទឹកសមុទ្រ និង​ជូនដំណឹង​ដល់​អ្នក​រស់នៅក្នុង​ទីក្រុង​ថា​តើ​តំបន់​ណាមួយ​ត្រូវ​លិច និង​ក្នុង​រយៈពេល​ប៉ុន្មាន​។​
 
​ប៉ុន្តែ​អ្វីដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា បានធ្វើឱ្យ​អ្នកជំនាញ​ផ្នែក​ជំនោរ​និង​លំនាច​ទឹកសមុទ្រ​មានការ​ភ្ញាក់ផ្អើល​។ ពួកគេ​បាន​ពណ៌នា​ហេតុការណ៍​ដែល​បានកើត​ឡើង​នោះ​ថា ជាហេតុ ការណ៍​កម្រ​មួយ​បង្កដោយ​កត្តា​ជាច្រើន ដែលនាំឱ្យ​មាន «​ព្យុះ​ចម្លែក​មួយ​»​។  លោក Morris Ceron នាយក​ខុទ្ទកាល័យ​របស់​អភិបាលក្រុង Venice បាន​និយាយថា នៅពេលដែល​ជំនោរ​ទឹកសមុទ្រ​ឡើងដល់​កម្រិត​កំពូល នឹងមាន​ខ្យល់​ចំនួន​ពីរ​ដែលមាន​កម្លាំង​ខ្លាំង បោកបក់​ក្នុងពេល​តែមួយ​។​
 
​លោក​បាន​និយាយថា ការបំផ្លិចបំផ្លាញ​ខ្លាំង​ដែល​មាត់សមុទ្រ និង​ទូក​នានា​រង​ផលប៉ះពាល់​គឺជា​លទ្ធផល​នៃ​កម្លាំង​ខ្យល់​កន្ត្រាក់ និង​ជំនោរ​ទឹកសមុទ្រ​ដ៏​ខ្ពស់​។ របាំង​ទប់​រលក​សមុទ្រ​ក៏​រង​ការខូចខាត​ផងដែរ ហើយ​លោក Ceron និយាយថា គ្រោះមហន្តរាយ​នេះ​ត្រូវការ​ការឆ្លើយតប​ភ្លាមៗ ដោយសារតែ​សេវាកម្ម​ទូក​សាធារណៈ​គឺជា​សេវាកម្ម​ធ្វើដំណើរ​ដ៏​ចាំបាច់​នៅក្នុង​ក្រុង Venice​។ 
 
​លោក​បាន​បន្ថែមថា ក្រុង Venice ជា​ក្រុង​មួយ​ដែល​ស្ថិតនៅ​លើទឹក ប៉ុន្តែ​មិនមែន​មនុស្ស​គ្រប់គ្នា​មាន​ទូក​នោះទេ​។​
 
​លោក Ceron បាន​និយាយថា ជាង​ពីរ​ខែ​បន្ទាប់ពី​ហេតុការណ៍​ដ៏​អាក្រក់​នោះបាន​កើតឡើង​នៅក្នុង​ខែវិច្ឆិកា នាពេល​ថ្មីៗ​នេះ អាជ្ញាធរ​ទើបតែ​គណនា​ការខូចខាត ដែល​បង្កដោយ​ជំនោរ​ទឹកសមុទ្រ​ក្នុង​រដូវរងា​នេះ ដែល​នៅក្នុង​ឆ្នាំនេះ​កើតឡើង​ញឹកញាប់​ជាង​មុន ដោយសារតែ​ការកើនឡើង​កម្តៅ​ផែនដី និង​ការឡើង​កម្រិត​ទឹកសមុទ្រ​។ លោក​បាន​និយាយថា ការខូចខាត​សរុប​ត្រូវបាន​ប៉ាន់​ស្មានថា មាន​ចំនួន​ប្រមាណ​ជា​៥៤៦​លាន​ដុល្លារ ដែល​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ​ប្រមាណ​ជា​៤៣៧​លាន​ដុល្លារ និង​ទ្រព្យសម្បត្តិ​ឯកជន​មាន​ទឹកប្រាក់​ចំនួន​១០៩​លាន​ដុល្លារ​។​
 
​ការថែទាំ​ទីក្រុង​ទេសចរណ៍​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងច្រើន​។ លោក Ceron បាន​បន្ថែមថា អ្នកស្រុក និង​អាជ្ញាធរ​ធ្វើការ​ឆ្លើយតបបាន​យ៉ាង​លឿន ដោយសារតែ​ពួកគេ​ដឹងថា​តើ​ត្រូវ​ដោះស្រាយ​ជាមួយនឹង​កម្រិត​ទឹកសមុទ្រ​ខ្ពស់​ដោយ​របៀប​ណា ហើយ​ពួកគេ​អាច​គ្រប់គ្រង​បញ្ហា​នេះ​បាន​។​
 
​លោក​បាន​និយាយថា ក្រុង Venice តែងតែ​ជាទី​ក្រុង​និម្មិត​រូប​នៃ​ការ​ងើបឡើង​វិញ ហើយ​ការ​ងើបឡើង​វិញ​នេះ​គឺជា​ចំណុច​ដែល​ធ្វើឱ្យ​ទីក្រុង​នេះ​នៅតែមាន​លក្ខណៈពិសេស​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​
 
​អាជ្ញាធរ និង​ពលរដ្ឋ​មូលដ្ឋាន​និយាយថា ក្រុង Venice មាន​សុវត្ថិភាព ហើយ​ភ្ញៀវទេសចរ​មិនគួរ​មានការ​បារម្ភ​នោះទេ ដោយសារតែ​វា​នឹង​ត្រឡប់​ទៅរក​ស្ថានភាព​ធម្មតា​វិញ​។ តាមពិតទៅ ប្រសិនបើ​អ្នកណាម្នាក់​ដើរ​តាមផ្លូវ​តូចចង្អៀត​នៅក្នុង​ក្រុង​នេះ នៅពេលដែល​ទឹក​ស្រក​ទៅវិញ គេ​អាច​នឹងមិន​ដឹងថា មាន​ជំនោរ​ទឹកសមុទ្រ​ដ៏​ខ្ពស់​កើតឡើង​នោះទេ​។​
 
​ផ្ទះសម្បែង និង​ហាង​ទំនិញ​នានា​ត្រូវបាន​សម្អាត ហើយ​មាន​កិច្ចប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ធានាថា មិនមាន​សំរាម​នៅលើ​ផ្លូវ និង​នៅក្នុង​ប្រឡាយ​ក្នុង​ក្រុង​នេះ​ទេ​។ ភ្ញៀវទេសចរ​ដែល​មក​លេង​ក្រុង​នេះ​នឹងមិន​ភ្ញាក់ផ្អើល​នោះទេ ប្រសិនបើ​គេ​ឃើញ​មាន​អ្នក​ជិះទូក​កាន់​សម្ភារៈ​ពិសេស ហើយ​ធ្វើការ​សម្អាត​នៅក្នុង​ប្រឡាយ​នោះ​។ មាន​សំរាម​រាប់រយ​គីឡូក្រាម​បន្សល់ទុក​នៅលើ​ច្រាំង​បន្ទាប់ពី​មាន​ជំនោរ​ទឹកសមុទ្រ​រួចមក​។​
 
​លោក Nicola Picco ជា​ប្រធាន​ក្រុមហ៊ុន Insula ដែល​ក្រុមប្រឹក្សា​ក្រុង​បានផ្តល់​ការងារ​ដាច់ដោយឡែក​ក្នុងការ​សម្អាត​ប្រឡាយ​ក្នុង​ក្រុង Venice​។​
 
​លោក Picco និយាយថា ក្រុមហ៊ុន Insula បានធ្វើ​ការងារ​ជាច្រើន​ដែល​ទីក្រុង​នេះ​ត្រូវ​ចំណាយ​ទឹកប្រាក់​ជាង​៥៤៦​លាន​ដុល្លារ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​។ លោក​បាន​និយាយថា ប្រឡាយ​ចំនួន​៣០​កំពុង​ត្រូវបាន​គេ​ស្តារ​យក​ភក់​ចេញ​ចំនួន​៣​ម៉ឺន​ម៉ែត្រគូប​។ គោលបំណង​នៃ​ប្រតិបត្តិការ​នេះ​គឺ​ដើម្បី​ធានា​អនាម័យ និង​សុខមាលភាព និង​ធានាថា​គេ​អាចធ្វើ​ដំណើរ​នៅក្នុង​ប្រឡាយ​នេះ​បាន​ដោយ​សុវត្ថិភាព​៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com