ជាតិ
សង្គមជាតិ
វិចិត្រករ កែវ សាន់ វ័យ​៨៣​ឆ្នាំ នៅតែ​បន្ត​កាន់​ជក់​ផ្ទេរ​ជំនាញ​គូររូប​ដល់​អ្នកជំនាន់ក្រោយ​
16, Feb 2020 , 8:29 pm        
រូបភាព
វិចិត្រករ កែវ សាន់ វ័យ៨៣ឆ្នាំ នៅតែបន្តកាន់ជក់ផ្ទេរជំនាញគូររូបដល់អ្នកជំនាន់ក្រោយ
វិចិត្រករ កែវ សាន់ វ័យ៨៣ឆ្នាំ នៅតែបន្តកាន់ជក់ផ្ទេរជំនាញគូររូបដល់អ្នកជំនាន់ក្រោយ
ដោយ:
​ភ្នំពេញ​៖ លោកតា កែវ សាន់ ជាជាង​គំនូរ​ដ៏​ល្បីល្បាញ​មួយរូប កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ។ ស្នាដៃ​របស់​លោកតា កែវ សាន់ ដែលមាន​វ័យ​៨៣​ឆ្នាំ​ទៅហើយនោះ មានដូចជា​គំនូរ​នៅលើ​បដា និង​ជាពិសេស​ស្លាក​យីហោ​រោងកុន​នានា​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​។ ព្រោះតែ​ការស្រឡាញ់ និង​ចង់​ផ្ទេរ​ចំណេះ​របស់ខ្លួន​ដល់​អ្នកជំនាន់ក្រោយ​ផង លោកតា កែវ សាន់ ដែល​គេ​ផ្តល់​នាម​ថា ជាងគំនូរ​វត្តភ្នំ នៅតែ​បន្ត​គូររូប​គំនូរ និង​ឆ្លាក់​អក្សរ​នានា​ដល់​បច្ចុប្បន្ន​។ ជាងគំនូរ វ័យ​ចំណាស់​រូបនេះ ក៏​ប៉ង​ផ្ទេរ​ចំណេះ​ជំនាញ​របស់ខ្លួន ទៅ​កូនចៅ​ជំនាន់​ក្រោយ ហើយ​ចង់​ឲ្យ​ឈ្មោះ​របស់ខ្លួន​ត្រូវបាន​គេ​ចងចាំ​ផងដែរ​។


 
​បន្ត​ស្តាប់​បទ​សម្ភាស​ជា​វីដេអូ​របស់​កញ្ញា សៅ សុខ​អេង អ្នកសារព័ត៌មាន​ថ្មីៗ និង​លោកតា កែវ សាន់ វិចិត្រករ​គំនូរ និង​ឆ្លាក់​អក្សរ​នៅ​ផ្សារ​ធំថ្មី​ដូចតទៅ​៖ 
 
 
​នៅ​អំឡុង​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៩៣ លោក កែវ សាន់ គឺជា​ជាងគំនូរ​តែ​ម្នាក់​គត់​ដែល​បាន​គូររូប​នៅ​ស្លាក​យីហោ​រោងកុន​ជិត​៣០ នៅតាម​បណ្តា​រោងកុន​នានា​នៅ​ទូទាំងប្រទេស ដែល​គំនូរ​ខ្លះ​មាន​បន្សល់​មកដល់​សព្វ​ថ្ងៃ ហើយ​ខ្លះទៀត​បាន​បាត់បង់​ទៅហើយ​។ ជាងគំនូរ​វត្តភ្នំ គឺជា​ឈ្មោះ​ហៅ​ក្រៅ​របស់ លោកតា កែវ សាន់ ដែលមាន​វ័យ​៨៣​ឆ្នាំ​ហើយ​សព្វថ្ងៃ​។ ដ្បិត​រយៈពេល​ជាង​៤០​ឆ្នាំ​មក លោកតា សាន់ ផ្លាស់ប្តូរ​ទីលំនៅ​ជាច្រើន និង​ទីតាំង​រកស៊ី​ចិញ្ចឹមជីវិត​មិនចេះចប់ ប៉ុន្តែ​លោក​មិនដែល​បោះបង់​អាជីព​ជាងគំនូរ​នេះឡើយ​។ បច្ចុប្បន្ន កន្លែង​គូររូប​គំនូរ និង​ឆ្លាក់​អក្សរ​របស់​លោកតា កែវ សាន់ មាន​ទីតាំងនៅ​ចំណុច​លក់​ផ្កា​ស្រស់ នៃ​ផ្សារ​ធំថ្មី​។ 
 
​ទីតាំង​របស់​លោកតា កែវ សាន់ មាន​តុ​តូច​មួយ ដែលមាន​ដាក់ ជក់ ទឹក​ថ្នាំ​ពណ៌​ស​២​កំប៉ុង និង​ខ្មៅ​ដៃ និង​ប្រដាប់ប្រដា​គូររូប​មួយចំនួនទៀត​។ វិចិត្រករ កែវ សាន់ រៀបរាប់​ពី​ការ​ការប្រកប​របរ​គូររូប និង​ឆ្លាក់​អក្សរ​របស់ខ្លួន​យ៉ាង​ដូច្នេះ​៖«​រកស៊ី​ខាង​ហ្នឹង អត់​មាន​ហត់​អី​ទេ និង​អត់​បាក់កម្លាំង​អី​ទេ​។ ការងារ​ហ្នឹង​គឺ​ស្រាល​តែម្តង​។ ទោះបី​យើង​គូរ​អ្វី​ក៏ដោយ ទៅ​ស្រុក ទៅ​ប្រទេស​ណាក៏ដោយ គឺ​មិនចាំបាច់​ចំណាយ​ដើមទុន​ទេ​។ ដូចជា​ធ្វើ​នំ​អត់​ម្សៅ​អ៊ីចឹង​។ បើ​គេ​ក​ម្ម៉​ង់​យើង​ឲ្យ​គូរ​ឲ្យ​គេ គឺ​យើង​ឲ្យ​គេ​កក់​លុយ ហើយ​ទិញ​ថ្នាំ គូរ​ហើយ​យើង​បាន​លុយ​តែម្តង​។ ម្ល៉ោះហើយ​ចំណេះ​ហ្នឹង គឺ​វា​អត់​សាបសូន្យ​ទេ​»​។ 
 
​ស្ថិតក្នុង​សម្លៀកបំពាក់​អាវ​ពណ៌​ទឹកសមុទ្រ និង​ខោខ្លី​ពណ៌​ខៀវ លោកតា កែវ សាន់ ចេះ​និយាយ និង​ចេះ​សរសេរ​បាន​៣​ភាសា គឺ​ភាសា​ខ្មែរ​,​ចិន និង​វៀតណាម បាន​យ៉ាង​ស្ទាត់ជំនាញ​ហើយក៏​អាច​ឆ្លាក់​អក្សរ​នៃ​ភាសា​ទាំង​៣​នេះ​បាន​យ៉ាង​ស្អាត​ផងដែរ​។ លោកតា កែវ សាន់​រៀបរាប់​ដូច្នេះ​ថា​៖«​ចេះតែ​មើល ហើយ​សរសេរ​បានតែ​ម្តង តែ​មិនមែន​តែ​ចំពោះ​អក្សរ​ទេ កុំថាឡើយ​រូប​មនុស្ស មើល​ហើយក៏​អាច​គូរ​បានតែ​ម្តង​»​។​
 
​បើទោះបីជា​គំនូរ​បែប​ឌីជីថល​កាន់តែ​ពេញនិយម​នៅក្នុង​សង្គម​បច្ចុប្បន្ន​ក៏ដោយ លោកតា កែវ សាន់ មិន​អាក់អន់​ស្រពន់​នោះទេ ពីព្រោះ​នេះ​ជាការ​វិវឌ្ឍន៍​របស់​ស​ង្គ​ម​នីមួយៗ​។ ប៉ុន្តែ​អ្វីដែល​វិចិត្រករ​វ័យ​ចំណាស់​រូបនេះ​ចង់បាន​នោះ គឺ​ការផ្ទេរ​ចំណេះ​ជំនាញ​គំនូរ និង​ឆ្លាក់​អក្សរ​នេះ​ទៅ​មនុស្ស​ជំនាន់​ក្រោយ​។ លោកតា  មានប្រសាសន៍ថា​៖«​កូនចៅ​ណា​ដែល​ចង់​រៀន​ផ្នែក​គំនូរ និង​ឆ្លាក់​អក្សរ​ដោយ​ដៃ កុង​អាច​បង្រៀន​ដោយ​ឥតគិតថ្លៃ​។ និយាយ​ឲ្យ​អស់​ទៅ ពេល​កុង​ស្លាប់ទៅ កុង​មិនអាច​យកទៅ​តាម​ទេ​។ កុង​ទុកជា​អនុស្សាវរីយ៍ ដើម្បី​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បានដឹងថា​រៀន​គូរ​ពី​កុង ហើយ​អាច​រក្សា​កេរ្តិ៍ឈ្មោះ​»៕

Tag:
 វិចិត្រករ​
  គំនូរ​
© រក្សាសិទ្ធិដោយ thmeythmey.com