ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ស្តាប់ កញ្ញា សុធារតន៍ ពន្យល់ពីប្រយោជន៍ «អាចម៍ជន្លេន» សម្រាប់ដំណាំកសិកម្ម! កញ្ញា សុខ សុធារតន៍ ស្ថាបនិកជន្លេន។ រូបថត ផ្តល់ដោយកញ្ញា សុខ សុធារតន៍។
× លាមក ឬ អាចម៍ជន្លេន មិនត្រឹមតែជួយដល់ដំណាំកសិកម្មឱ្យលូតលាស់ល្អនោះទេ គឺថែមទាំងជួយសម្អាតបរិស្ថាន និងជួយដល់ជីវភាពរស់នៅរបស់កសិករផងដែរ តាមរយៈការកាត់បន្ថយទិញជីនិងថ្នាំពុលគីមីកសិករ។ លើសពីនេះទៀត កសិករអាចទទួលបានប្រាក់ចំណូលបន្ថែមពីការចិញ្ចឹមជន្លេនយកអាចម៍លក់។ នេះជាលើកឡើងរបស់ កញ្ញា សុខ សុធារតន៍ ស្ថាបនិកអាជីវកម្មជន្លេន ដោយបានបញ្ជាក់ថា បច្ចុប្បន្ន ក្រៅពីចិញ្ចឹមជន្លេនខ្លួនឯងយកអាចម៍ កញ្ញា សុធារតន៍ ក៏ប្រមូលទិញអាចម៍ ជន្លេនពីកសិករសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅរាជធានីភ្នំពេញក្នុងតម្លៃសមរម្យ ផងដែរ។
ជន្លេន គឺជាប្រភេទសត្វល្អិតមានប្រយោជន៍មួយប្រភេទក្នុងវិស័យកសិកម្មដោយមានសមត្ថភាពក្នុងការបំបែងកាកសំណល់សរីរាង្គសើម ដូចជាកាកសំណល់ផ្ទះបាយ បន្លែ-ផ្លែឈើ អាចម៍គោ...ជាដើម ទៅជាអាចម៍ជន្លេន ក្លាយជាជីធម្មជាតិដែលមានសារធាតុចិញ្ចឹមខ្ពស់សម្រាប់ការប្រើប្រាស់លើដំណាំផ្សេងៗ។
សូមស្តាប់បទសម្ភាស រវាងកញ្ញា អ៊ូ សុខមាន អ្នកសារព័ត៌មានថ្មីៗ ជាមួយកញ្ញា សុខ សុធារតន៍ ស្ថាបនិកនៃអាជីវកម្មជន្លេន ដូចតទៅ៖
បើតាម កញ្ញា សុខ សុធារតន៍ ជីអាចម៍ជន្លេននេះ គឺអាចឱ្យកសិករយកទៅប្រើប្រាស់បានភ្លាមៗនៅលើដំណាំរបស់ខ្លួន ក្រោយការប្រមូលផលបានពីជន្លេនទាំងនោះ។ ស្ថាបនិកជន្លេនវ័យក្មេងរូបនេះ បានអះអាងថា ថ្វីដ្បិតជីអាចម៍ជន្លេន វាមិនមានប្រសិទ្ធភាពភ្លាមៗដូចជាជីគីមី និងថ្នាំពុលគីមីកសិកម្មក៏ពិតមែន ប៉ុន្តែសារធាតុចិញ្ចឹមក្នុងអាចន៍ជន្លេននេះ នឹងជួយដល់ការលូតលាស់របស់ដំណាំគ្រប់ប្រភេទម្តងបន្តិចៗ ដែលធ្វើឱ្យដំណាំមានសុខភាពល្អ ដល់ផ្លែ ផ្កាទៀងទាត់ទៅតាមរដូវកាលនីមួយៗជាប្រចាំ។ ក្រៅពីអត្ថប្រយោជន៍ជានិរន្តរភាពដែលបានពីជីអាចម៍ជន្លនក្នុងការដាំដំណាំផ្សេងៗ កញ្ញា សុធារតន៍ បានបញ្ជាក់ថា ការចិញ្ចឹមជន្លេនយកអាចម៍ធ្វើជីធម្មជាតិនេះ កសិករគ្រាន់ចំណាយពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ គឺអាចទទួលបានអាចម៍ជន្លេនប្រើប្រាស់ហើយ។
តាមរយៈបទពិសោធន៍២ឆ្នាំកន្លងមកនៃការចិញ្ចឹមជន្លេនយកអាចម៍នេះ កញ្ញា សុធារតន៍ បានលើកឡើងថាបរិមាណនៃការទទួលបានជីអាចម៍ជន្លេន គឺអាស្រ័យទៅលើវត្ថុធាតុដើមនីមួយៗ ដោយកញ្ញាបាននិយាយដូច្នេះ ៖«យើងយកវត្ថុធាតុដើមដែលជាកាកសំណល់ផ្ទះបាយឬអាចន៍គោចំនួន១០គីឡូក្រាម និងជន្លេន១គីឡូក្រាមដោយផ្តល់ទឹកឱ្យមានសំណើមជាប្រចាំនៅក្នុងទីតាំងដែលយើងចិញ្ចឹមនោះ យើង ក៏ដូចជាកសិករនឹងទទួលបានអាចម៍ជន្លេនដែលជាជីធម្មជាតិចំនួន៥គីឡូក្រាម ប្រើលើដំណាំរបស់ខ្លួនភ្លាមៗ»។
សព្វថ្ងៃនេះ កញ្ញា សុខ សុធារតន៍ អាចប្រមូលទិញជីអាចម៍ជន្លេនពីកសិករ ក្នុងខេត្តកំពង់ឆ្នាំងប្រមាណ១តោន ក្នុងមួយសប្តាហ៍មកលក់នៅរាជធានីភ្នំពេញក្នុងតម្លៃ៤,០០០រៀល ក្នុងមួយគីឡូក្រាម៕
កញ្ញា សុខ សុធារតន៍ កំពុងប្រមូលជីអាចម៍ជន្លេន។
Tag:
កសិកម្ម
ជន្លេន
ជីធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com