ជាតិ
ម៉ាឡេស៊ីមិនអនុញ្ញាតឲ្យអ្នកដំណើរពីនាវា Westerdam ចូលទឹកដីខ្លួនទៀតឡើយ
× អ្នកដំណើរ១៤៥នាក់ពីនាវា Westerdam បានទៅកាន់ក្រុងគូឡាឡាំពួរ កាលពីថ្ងៃសុក្រ ក្រោយចេញដំណើរពីកម្ពុជា។ ក្នុងនោះ អាជ្ញាធរម៉ាឡេស៊ី បានតេស្តឃើញវិជ្ជមានមេរោគកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19) លើស្ត្រីអាមេរិកវ័យ៨៣ឆ្នាំម្នាក់ ខណៈស្វាមីរបស់គ្មានរោគសញ្ញាឡើយ។
«អ្នកដំណើរនៅលើនាវា Westerdam ផ្សេងទៀតដែលស្ថិតនៅកម្ពុជានៅឡើយ មិនត្រូវបានអនុញ្ញាតឲ្យចូលម៉ាឡេស៊ីនោះទេ»។ នេះបើតាមការបញ្ជាក់របស់លោកស្រីឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Wan Azizah Wan Ismail នាសន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យនេះ។
ការកំហិតបែបនេះ បន្ទាប់ពីម៉ាឡេស៊ី នៅតែពិនិត្យឃើញវិជ្ជមាន COVID-19 លើស្ត្រីអាមេរិកវ័យ៨៣ឆ្នាំ ជាលើកទីពីរ បន្ទាប់ពីទទួលបានសំណើរពីភាគីកម្ពុជា។ ក្នុងសំណើរបស់ខ្លួន កម្ពុជា បានអះអាងពីការពិនិត្យសុខភាពយ៉ាងដិតលើអ្នកដំណើរដល់ ក្រោមកិច្ចសហការជាមួយអង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលកម្ចាត់ជំងឺឆ្លងសហរដ្ឋអាមេរិក (USCDC)។
បើលោកស្រី Wan Azizah ក្រុមហ៊ុន Malaysia Airlines មានកម្មវិធីដឹកនាំអ្នកដំណើរពីកម្ពុជា៤ជើងចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ដោយពេលនេះ មានអ្នកដំណើរ១៤៥នាក់ពីនាវា Westerdam បានជិះទៅដល់ម៉ាឡេស៊ីតាមជើងហោះហើរ MH8763។
ក្នុងចំណោមអ្នកដំណើរទាំង១៤៥នាក់ដែលបានទៅដល់ម៉ាឡេស៊ី មាន២នាក់ដែលបង្ហាញរោគសញ្ញា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Sungai Buloh។ ប៉ុន្តែលទ្ធផលមានតែស្ត្រីជាភរិយាប៉ុណ្ណោះដែលមានវត្តមាន COVID-19។
អ្នកដំណើរ១៣៧នាក់ បានធ្វើដំណើរទៅកាន់គោលដៅបន្ត ខណៈ៦នាក់ស្ថិតក្រោមការតាមដាន ហើយបើលទ្ធផលតេស្តអវិជ្ជមាន ពួកគេអាចធ្វើដំណើរបន្តទៀត។
លោក យី សេងឌឿន ដែលជាអ្នកនាំពាក្យម្នាក់របស់ក្រសួងសុខាភិបាល បានអះអាងថា កម្ពុជាពិតជាបានពិនិត្យយ៉ាងដិតដល់តាមស្តង់ដារនូវរាល់អ្នកដំណើរក្នុងនាវា Westerdam។ «ការងារធំៗដែលយើងបានធ្វើគឺអស់ហើយចាប់តាំងពីការពិនិត្យអ្នកមានបញ្ហាសុខភាព២០នាក់ ការបាញ់កំដៅ ដែលលទ្ធផលសុទ្ធតែអវិជ្ជមាន។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា អ្នកជំងឺចេញពីខ្មែរពិតជាគ្មានរោគសញ្ញា ឬបញ្ហាកំដៅឡើយ។ បន្ថែមពីលើនេះ មន្ត្រីចត្តាឡីស័ក បានធ្វើបណ្ណប្រកាសសុខភាពដើម្បីឲ្យអ្នកដំណើរអាចជិះយន្តហោះបាន រួមទាំងខិត្តបណ្ណអប់រំផ្សេងៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com