ជាតិ
តើ​អ្នកដឹង​អ្វីខ្លះ​ពីស​ត្វ​ពង្រូល​?
17, Feb 2020 , 8:29 am        
រូបភាព
​ភ្នំពេញ​៖ ថ្ងៃទី​១៥ កុម្ភៈ ជា​ថ្ងៃ​នៃ​ទិវា​សត្វ​ពង្រូល​ពិភពលោក​។ បើតាម​អង្គការ IUCN  សត្វ​ពង្រូល​មាន​៨​ប្រភេទ​ក្នុង​ពិភពលោក ​ដែល​៣​ប្រភេទ​ស្ថិតក្នុង​ប្រភេទ​សត្វ​ជិត​ផុត​ពូជ និងដែល​ជា​ប្រភេទ​សត្វ​ដែល​ទទួលរង​ការ​គំរាម​កំហែង​ផងដែរ​។

 
​តើ​លោកអ្នក​ស្គាល់​សត្វ​ពង្រូល​ឬទេ​?
 
​បើតាម​អង្គការ​អភិរក្ស​សត្វព្រៃ​(WWF) ពង្រូល​ជា​ថនិកសត្វ ដែលត្រូវបានជួញដូរ​ច្រើន​បំផុត​លើ​ពិភពលោក ព្រោះ​ពង្រូល​ជា​ប្រភេទ​សត្វ​ដែល​ស្លូត និង​អៀន​ច្រើន​។ វា​មាន​ត្រចៀក​តូច ហើយ​ស្បែ​កមាន​ស្រកា​ក្រាស់​។ សត្វ​ប្រភេទ​នេះ មិន​រហ័ស​ទេ ប៉ុន្តែ​វា​ពូកែ​ឡើងដើមឈើ ហើយ​បង្កើតកូន​បាន​ម្ដង​១-២​ក្បាល ក្នុង​រយៈពេល​២-៣​ខែ​។ ពង្រូល មាន​អណ្ដាត​ប្រវែង ២៥​សង់ទីម៉ែត្រ វា​ស៊ី​សត្វល្អិតជា​ចំណី ​ដូចជាស្រមោច​, សង្អារ​, អង្ក្រង​, ដក់​ដឿ និង​កណ្ដៀរ​ជាដើម​។ 
 
​ពង្រូល ជា​សត្វ​ត្រូវបាន​គំរាម​កំហែង​ដោយ​ការ​បរបាញ់ ព្រោះ​វា​មានការ​ពេញនិយម​ក្នុង​ទីផ្សារ​សាច់សត្វ​ព្រៃ​។ គេ​គិតថា ពង្រូល​ជា​ថ្នាំ​អាច​ព្យាបាល​ជំងឺ​មួយចំនួន​ដូចជា ជំងឺហឺត​, ជំងឺ​សន្លាក់​ដៃជើង និង​រលាក​សន្លាក់​ជាដើម​។ ពេល​មានការ​គំរាម​កំហែង ពង្រូល​តែងតែ​រមូល​ខ្លួន ដោយ​យក​កន្ទុយ​រុំ​ខ្លួនឯង ដើម្បី​ការពារ​ខ្លួន​។ 
 
​អង្គការ​អភិរក្ស​សត្វ​ព្រៃ កំពុង​ធ្វើ​ការងារទាក់ទង​នឹង​ការអភិរក្ស​សត្វព្រៃ​គ្រប់​ប្រភេទ​រួមទាំង​ពង្រូល​ផងដែរ​។ ក្រោម​ការសហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​មាន​មន្ទីរ​បរិស្ថាន​ខេត្ត និងមន្ត្រីឧ​ទ្យា​នុ​រក្ស​​ ក្រុមការងារ​អនុវត្ត​ច្បាប់ ​តែងតែ​ល្បាត​ជាប្រចាំ ដើម្បី​ដោះ​អន្ទាក់ ​ពិន័យ និង​អប់រំ​ណែនាំ ធ្វើយ៉ាងណា​ អាច​រក្សា​ការពារ​ធនធាន​សត្វព្រៃ​របស់​យើង អោយនៅ​គង់វង្ស​៕



រូបភាពពី WWF

Tag:
 សត្វ​ពង្រូល​
© រក្សាសិទ្ធិដោយ thmeythmey.com