អន្តរជាតិ
COVID-19៖ ឡាវ-ចិន នៅតែបន្តគម្រោងផ្លូវរថភ្លើងល្បឿនលឿនជាមួយការប្រុងប្រយ័ត្ន
× រដ្ឋាភិបាលក្រុងវៀងចន្ទន៍ និងរដ្ឋាភិបាលក្រុងប៉េកាំង កំពុងតែបន្តសកម្មភាពការងារតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿន ដែលផ្នែកមួយនៃគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយយ៉ាងសស្រាក់សស្រាំ និងប្រុងប្រយ័ត្នបំផុត ខណៈតំបន់ និងច្រកព្រំដែនមួយចំនួនរបស់ប្រទេសទាំងពីរ បានផ្អាកសកម្មភាពជាបន្តបន្ទាប់ ដោយសារតែការគំរាមកំហែងពីវីរុសថ្មី Covid-19។
ក្រុមហ៊ុនសាងសង់ផ្លូវរថភ្លើង Laos-China Railway Co Ltd តាមរយៈសេចក្តីប្រកាសផ្លូវការមួយ បានអះអាងថា គម្រោងផ្លូវរថភ្លើងឡាវ-ចិន នៅតែបន្តសកម្មភាពជាធម្មតា ខណៈវិធានការទប់ស្កាត់វីរុស Covid-19 ត្រូវបានដាក់អនុវត្តយ៉ាងតឹងរឹងបំផុត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Star Online។
តាមប្រភពព័ត៌មានដដែល ក្រុមហ៊ុន ដែលមានមូលដ្ឋានក្នុងរដ្ឋធានីវៀងចន្ទន៍នេះ បានគូសបញ្ជាក់ថា គម្រោងតភ្ជាប់ចិន-ឡាវ តាមរយៈផ្លូវរថភ្លើងនេះ កំពុងស្ថិតក្នុងដំណាក់សំខាន់មួយ ហើយដើម្បីដំណើរការគម្រោងប្រព្រឹត្តទៅតាមផែនការ ក្រុមហ៊ុន បានសម្រេចមិនឲ្យមានការសម្រាកទាំងអ្នកគ្រប់គ្រង និងអនុវត្តគម្រោង។
គិតចាប់ពីវីរុស Covid-19 បានផ្ទុះឡើងខ្លាំងនៅចិន និងបណ្តាប្រទេសមួយចំនួនក្នុងតំបន់មក ចិនបានផ្អាកសកម្មភាព និងគម្រោងជាច្រើនរបស់ខ្លួននៅក្នុងទីក្រុងជាបន្តបន្ទាប់ ខណៈតួលេខអ្នកស្លាប់ ដែលជាប្រជាជនចិន ដោយសារតែវីរុសថ្មីនេះ បានបន្តកើនឡើងគួរឲ្យព្រួយបារម្ភ។ ក៏ប៉ុន្តែសម្រាប់គម្រោងផ្លូវរថភ្លើងតភ្ជាប់រវាងចិន និងឡាវ មិនត្រូវបានផ្អាកដំណើរការឡើយ។
គួរជម្រាបផងដែរថា គម្រោងផ្លូវរថភ្លើងល្បឿនលឿនរវាងចិន-ឡាវ បានផ្តើមពីឆ្នាំ២០១៦ និងគ្រោងបញ្ចប់ និងដាក់ដំណើរការនៅឆ្នាំ២០២១។ គម្រោង ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយ មានគោលដៅកែប្រែឡាវ ដែលជាប្រទេសគ្មានសមុទ្រ ឬប្រទេសបិទ ឲ្យក្លាយជាប្រទេសដែលមានការភ្ជាប់ទៅប្រទេសខាងក្រៅវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com