អន្តរជាតិ
តៃវ៉ាន់មានករណីស្លាប់ដំបូងដោយសារ COVID-19 លោក Chen Shih-chung រដ្ឋមន្ត្រីសុខាភិបាលតៃវ៉ាន់ធ្វើសន្និសីទសារព័ត៌មាន។ រូបថត Focus Taiwan
× មជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងតៃវ៉ាន់ (CECC) បានប្រកាសនៅថ្ងៃនេះ ពីករណីមនុស្សស្លាប់ដំបូងដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19)។ នេះជាករណីស្លាប់ទីពីរនៅតំបន់រដ្ឋបាលពិសេសរបស់ចិន បន្ទាប់ករណីដំបូងស្ថិតនៅហុងកុង។
តៃវ៉ាន់ មានអ្នកកើត COVID-19 ចំនួន២០ករណី ក្នុងនោះ២ករណីត្រូវបានព្យាបាលសះស្បើយ និង១ករណីស្លាប់។
យោងតាម CECC អ្នកជំងឺដែលបានស្លាប់នោះ ជាបុរសអាយុជាង៦០ឆ្នាំដែលរស់នៅតៃវ៉ាន់ និងមិនមានប្រវត្តិធ្វើដំណើរទៅក្រៅនោះឡើយនារយៈពេលថ្មីៗកន្លងមកនេះ។ បុរសនោះក៏ត្រូវបានរាយការណ៍ផងដែរថា មានជំងឺថ្លើមប្រភេទ B រួមទាំងទឹកនោមផ្អែម។
ករណីនេះ បានធ្វើឲ្យចំនួនអ្នកស្លាប់សរុបឡើងដល់១៦៧០នាក់ គិតត្រឹមម៉ោង៧ល្ងាចថ្ងៃអាទិត្យ។ ក្រៅពីករណីស្លាប់នៅចិន ករណីស្លាប់៣ទៀតមាននៅហ្វីលីពីន ជប៉ុន និងបារាំង។ តៃវ៉ាន់ និងហុងកុង ជាតំបន់រដ្ឋបាលពិសេសដែលមានករណីស្លាប់១ករណីរៀងៗខ្លួន។
ក្រៅពីចិន និងរដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតៃវ៉ាន់ ប្រទេស២៥ផ្សេងទៀតដែលមានអ្នកជំងឺកូរ៉ូណាវីរុសរួមមាន ជប៉ុន (បញ្ចូលទាំងអ្នកជំងឺនៅលើនាវាទេសចរណ៍ Diamond Princess) ថៃ សិង្ហបុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេមីរ៉ាតអារ៉ាប់រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភពអង់គ្លេស កម្ពុជា ហ្វាំងឡង់ ឥណ្ឌា ណេប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេស្ប៉ាញ បែលហ្ស៊ិក និងអេហ្ស៊ីប៕
© រក្សាសិទ្ធិដោយ thmeythmey.com